ក្ដៅៗ ! កម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ក្នុងវគ្គជម្រុះ 2024 AFC U-23
នៅមុននេះបន្តិច ការចាប់ឆ្នោតចែកពូល សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់អាយុក្រោម២៣ឆ្នាំ ទ្វីបអាស៊ី (2024 AFC U-23 Cup) ត្រូវបានធ្វើរួចរាល់ហើយ នៅឯ AFC House ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។
ក្នុងនោះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ស្ថិតនៅក្នុងពូល J ជាមួយក្រុមការពារតំណែងជើងឯកឆ្នាំចាស់ អារ៉ាប៊ីសាអ៊ូឌីត, ក្រុមជម្រើសជាតិ លីបង់ និងជម្រើសជាតិ ម៉ុងហ្គោលី។
លទ្អផលចាប់ឆ្នោតក្នុងពូល J
-អារ៉ាប៊ីសាអ៊ូឌីត
-កម្ពុជា
-លីបង់
-ម៉ុងហ្គោលី។
ការប្រកួតជម្រុះ 2024 AFC U-23 Cup នេះ មានក្រុមសរុបចំនួន ៤៣ មកពីទូទាំង ទ្វីបអាស៊ី ហើយការប្រកួតបានបែងចែកជា ១១ពូល ក្នុងនោះ ពូលដែលមាន ៤ក្រុម មាន ១០ពូល និងពូលដែលមាន ៣ក្រុម មាន ១ពូល។
គួររំលឹកថា ជើងឯក AFC U-23 Cup កាលពីឆ្នាំ២០២២ បានទៅលើក្រុមអារ៉ាប៊ីសាអ៊ូឌីត, ក្រុមអ៊ូបេគីស្ថាន ជាជើងឯករង ខណៈលេខ៣ បានទៅជប៉ុន និងលេ៤ បានទៅអូស្ត្រាលី។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា 2024 AFC U-23 Cup នឹងធ្វើឡើងក្នុងប្រទេសកាតា ដែលទើបធ្វើម្ចាស់ផ្ទះ World Cup 2022 ហើយនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC Asian Cup 2023 នៅឆ្នាំក្រោយផងដែរ។ ការប្រកួតគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៤ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៣៕