គ្រាន់តែដាំដុះចន្ទី និងផ្សុំាកូនលក់ កសិករម្នាក់អាចរកចំណូលបានជាង១ម៉ឺនដុល្លារក្នុងមួយរដូវកាល
(ព្រះវិហារ)៖ ដំណាំស្វាយចន្ទីសម្រាប់ខេត្តព្រះវិហារគឺឈរនៅលេខរៀងទី៣ បន្ទាប់ពីដំណាំស្រូវ និងដំឡូងមី ជាដំណាំដែលមានការដាំដុះច្រើន។ ស្របទៅនឹងបរិបថនៃខេត្តព្រះវិហារដែលមានដីទំនេរ ច្រើនផង ចំការស្វាយចន្ទីនាខេត្តនេះបានកើនឡើងដល់រាប់ម៉ឺនហិកតាឯណោះ។
ជាកសិករម្នាក់ក្នុងចំណោមកសិករដាំដុះស្វាយចន្ទីជាច្រើនទៀត លោក ហួត ដារ៉ា មានផ្ទៃដីដាំដុះ ចំនួន៦ហិកតា ក្រៅតែពីការដាំដុះលើផ្ទៃដីរបស់ខ្លួននេះទៅ លោក ហួត ដារ៉ា ក៏មានជំនាញផ្សុំាកូន ចន្ទីសម្រាប់លក់ឲ្យកសិករផ្សេងៗទៀតនៅក្នុងខេត្ត និងបណ្ដាខេត្តជិតៗនោះផងដែរ។
គិតមកដល់បច្ចុប្បន្ន លោកបានប្រកបរបរដាំដុះ និងផ្សុំាស្វាយចន្ទីប្រមានជា ៧ឆ្នាំហើយ ហើយពូជដែលលោកនិយមប្រើក្នុងការដាំដុះ និងផ្សុំាគឺពូជ M23 និងពូជ ០៩។
ក្នុងរយៈពេលកន្លងមកនេះ លោកបានឲ្យដឹងថា៖ «វារកចំណូលឲ្យខ្ញុំបានច្រើន គិតជាខែបានប្រហែល ៧ ៨រយដែរ ហើយអ្នកដែលទទួលទិញកូន ច្រើនតែជាអ្នករស់នៅក្នុងខេត្តព្រះវិហារយើង ទាំង៧ស្រុក និងមានមកពីស្ទឹងត្រែងខ្លះ។»
ចំណូលទាំងនេះមិនត្រឹមតែបានជួយកែប្រែជីវភាពរបស់លោកផ្ទាល់ឲ្យកាន់តែប្រសើរនោះទេ ប៉ុន្តែក៏បានជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងស្រុក ដោយផ្ដល់កម្រៃខ្ពស់ផងដែរ។ បើតាមការរៀប រាប់របស់លោក ហួត ដារ៉ា លោកបានឲ្យប្រាក់ឈ្មួលដល់កម្មករខ្ពស់ គឺក្នុងតម្លៃ៦ ទៅ៧ម៉ឺនរៀលក្នុង មួយថ្ងៃ ដើម្បីឲ្យពួកគេដោះស្រាយជីវភាពគ្រួសារដែរ។
យ៉ាងណាមិញ សម្រាប់អ្នកដែលមានបំណងចង់ដាំដុះ ឬផ្សុំាស្វាចន្ទី លោកក៏បានឲ្យជាគន្លិះបច្ចេកទេស មួយចំនួនផងដែរ។ លោកថា ដំបូងត្រូវរើសទីតាំងដែលមានពន្លឺថ្ងៃចូលគ្រប់គ្រាន់ កន្លែងដែលមិនស្ដុក មិនហប់ ចៀសវាងការមានជំងឺនៅពេលដែលផ្សុំាស្វាយចន្ទី។ ហើយអ្វីដែលមិនអាចភ្លេចបាន នោះគឺប្រភពទឹក។
លោកបន្តថា មុននឹងដាក់គ្រប់ពូជចូលក្នុងថង់ ត្រូវយកគ្រាប់ពូជនោះទៅត្រាំទឹក ៣យប់ រួចយកទៅផ្អាប់ប្រ ហែល៥ ៦យប់។ ក្រោយរយៈពេលនេះទៅ វានឹងចាប់ដុះពន្លក ហើយនេះក៏ជាពេលដែល កសិករត្រូវថែទាំឲ្យបានដិតដល់ ក្នុងករណីដែលគ្រាប់មិនដុះចេញមក ត្រូវទៅបកសំបកគ្រាប់ចេញ ឬក្នុងករណីដែលថង់ផ្លាស្ទីកខូច ក៏ត្រូវដូរថ្មីភ្លាមៗ។ បន្ថែមពីនេះ លោកថា ត្រូវស្រោចទឹក ២ទៅ៣ដងក្នុងមួយថ្ងៃ ក្នុងរយៈពេល១ខែកន្លះ ទៅ២ខែជាប់គ្នា។
លោកបញ្ជាក់ថា ពេលដែលកូនស្វាយចន្ទីមានអាយុកាលបាន ១ខែកន្លះ ទៅ២ខែនេះហើយ ទើបគេអាចចាប់ផ្ដើមផ្សុំាវាបាន។ សម្រាប់ការដាំលើដីផ្ទាល់ លោកបានរៀបរាប់ថា កសិករគួរភ្ជួរដីម្ដង ឬ២ដងសិន ហើយត្រូវហាលដីឲ្យស្ងួតដើម្បីកុំឲ្យមានសត្វល្អិត បន្ទាប់មកត្រូវ ជ្រើសរើសពូជដែលមានទីផ្សារខ្ពស់ ពូជដែលពេញនិយមគឺ 09 និងM23 ហើយដាំខែភ្លៀង។
ពេលដាំទៀតសោត ត្រូវរក្សាគម្លាតដើម ៨គុណ៨ ឬ៧គុណ៧ រីឯពេលជីករណ្ដៅ ក៏ត្រូវដាក់ជី ហើយច្របល់ជីជាមួយដីនៅបាតរណ្ដៅនោះ។ បន្ទាប់ពីរៀបចំរណ្ដៅរួចរាល់ហើយ ត្រូវវះថង់ចេញ និងដាក់ចន្ទីថ្មមៗ កុំឲ្យបាក់ដី ហើយរង់ចាំរយៈពេល ១៨ខែ ក៏អាចទទួលផលបានហើយ។
តាមរយៈសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានខេត្តចំនួន១០ ដែលមានផ្ទៃដីដាំដុះស្វាយចន្ទី។ ខេត្តទាំង១០នេះ រួមមាន ខេត្តកំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី និងសៀមរាប។
រីឯផ្ទៃដីដាំដុះសរុបវិញ គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ផ្ទៃដីដាំដុះស្វាយចន្ទីកម្ពុជា មានការកើនឡើងពី ៩៤ ៣០៨ហិកតា ដល់ ៤០៥ ៩៩១ហិកតា និងផ្ទៃដីប្រមូលផលបានកើនពី ៧៨ ៥៨៤ហិកតា ដល់ ២៧៥ ៦៧៩ហិកតា ដោយទទួលបានទិន្នផលសរុបកើនពី ៩៣ ៩៤៤តោន ដល់ ៤៧២ ៦៣៦តោន។
សេចក្ដីព្រាងគោលនយោបាយដដែលនេះ បានបញ្ជាក់ទៀតថា ស្វាយចន្ទីកម្ពុជា កំពុងមានកេរ្តិ៍ឈ្មោះល្បី និងត្រូវបានទទួលស្គាល់ពីទីផ្សារលើទំហំគ្រាប់ រសជាតិ កម្រិតកាកសំណល់កសិកម្មទាប និងសរីរាង្គតាមបែបប្រពៃណី។ មកដល់ពេលបច្ចុប្បន្ននេះ ផលិតផលស្វាយចន្ទីរបស់កម្ពុជាអាចទាញយកចំណែកទីផ្សារពីសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហូឡង់ ចិន ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី សហភាពអារ៉ាប់រួម និងជប៉ុន៕