Close

កម្ពុជារៀបចំ វេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាប្រចាំឆ្នាំ លើកទី៤៖ ការភ្ជាប់នវានុវត្តន៍បច្ចេកវិទ្យាទៅនឹងឱកាសទីផ្សារនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជារៀបចំ វេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាប្រចាំឆ្នាំ លើកទី៤៖ ការភ្ជាប់នវានុវត្តន៍បច្ចេកវិទ្យាទៅនឹងឱកាសទីផ្សារនៅកម្ពុជា កម្ពុជារៀបចំ វេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាប្រចាំឆ្នាំ លើកទី៤៖ ការភ្ជាប់នវានុវត្តន៍បច្ចេកវិទ្យាទៅនឹងឱកាសទីផ្សារនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ បានរៀបចំវេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យា ប្រចាំឆ្នាំលើកទី៤ ដែលផ្តោតលើ «ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា៖ ការភ្ជាប់នវានុវត្តន៍បច្ចេកវិទ្យា ទៅនឹងឱកាសទីផ្សារនៅកម្ពុជា»។

វេទិកានេះគាំទ្រផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៣ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។


វេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាលើកទី៤ នេះ មានគោលបំណងពិភាក្សាអំពីក្របខណ្ឌគោលនយោបាយ និងយន្តការគាំទ្រចាំបាច់សម្រាប់លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ វិស័យឯកជន សាកលវិទ្យាល័យ និងគ្រឹះស្ថានស្រាវជ្រាវនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងធ្វើពាណិជ្ជកម្ម។

វេទិកានេះមានអ្នកចូលរួមប្រមាណ១៥០នាក់ រួមមានមន្ត្រីរាជការ តំណាងឧស្សាហកម្ម អ្នកស្រាវជ្រាវ និស្សិតសាកលវិទ្យាល័យ អ្នកវិនិយោគ និងអង្គការអន្តរជាតិនានា។

ក្នុងសុន្ទរកថាបើកវេទិកា លោក បណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “វេទិកាប្រចាំឆ្នាំនេះគឺជាការស្វែងយល់ដ៏សំខាន់អំពីយន្តការសម្រាប់ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានៅក្នុងបរិបទកម្ពុជា ដែលផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំមួយ រួមមានប្រព័ន្ធនវានុវត្តន៍ជាតិ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា។

លោកបន្តថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកានេះ ដើម្បីចែករំលែកចំណេះដឹង, ផ្តល់ការណែនាំផ្នែកគោលនយោបាយ, ស្នើដំណោះស្រាយសម្រាប់បញ្ហាប្រឈម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ យើងមានគោលបំណងលើកទឹកចិត្តកិច្ចសហការរវាងអ្នកចូលរួមទាំងអស់ និងជំរុញពួកគេឱ្យក្លាយជាផ្នែកសំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីនេះ។”

លោកបានបន្ថែមថា៖ “អ្នកស្រាវជ្រាវ រួមទាំងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត គឺជាធនធានដ៏មានតម្លៃ។ ការយល់ដឹងរបស់ពួកគេអំពីការផ្ទេរបច្ចេកវិទ្យាពិតជាសំខាន់ណាស់ ព្រោះវាអាចផ្តល់លទ្ធភាពឱ្យពួកគេអភិវឌ្ឍលទ្ធផលស្រាវជ្រាវរបស់ខ្លួន ទៅជាអាជីវកម្មដែលអាចធ្វើពាណិជ្ជកម្មនៅលើទីផ្សារ។ តាមរយៈការលើកទឹកចិត្តនិស្សិតឱ្យស្វែងយល់ពីតម្រូវការឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា យើងអាចលើកស្ទួយនវានុវត្តន៍ការជំនាន់ថ្មី ដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ច និងចូលរួមដោះស្រាយបញ្ហាទាំងក្នុងស្រុក និងអន្តរជាតិ។ ការរួមចំណែករបស់ពួកគេគឺជាកាតាលីករក្នុងការកសាងប្រព័ន្ធនវានុវត្តន៍ជាតិមួយដ៏រឹងមាំ និងអាចសម្រេចគោលដៅដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ វ.ប.ន. ឆ្នាំ២០២៣ របស់កម្ពុជា។”
វេទិកាក៏បានពិភាក្សាអំពីការការពារកម្មសិទ្ធិបញ្ញា រួមជាមួយនឹងការជំរុញការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា សំដៅប្រែក្លាយលទ្ធផលនៃការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យា ទៅជាដំណោះស្រាយដែលអាចប្រើប្រាស់បានក្នុងទ្រង់ទ្រាយធំ និងសមស្របតាមតម្រូវការទីផ្សារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសមាហរណកម្មក្នុងពិភពលោក។

លោកបណ្ឌិត ស្រ៊ុន បញ្ញារិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋាន វ.ប.ន. នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីអំពីសារៈសំខាន់នៃការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
លោកបានលើកឡើងថា៖ “ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាមិនត្រឹមតែសំខាន់ទេ តែជាមូលដ្ឋានមួយគ្រឹះសម្រាប់ចក្ខុវិស័យអភិវឌ្ឍជាតិរបស់យើងផងដែរ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មានប្រទេសចំណូលមធ្យមជាង១០០ បានព្យាយាមអភិវឌ្ឍសេដ្ឋកិច្ចខ្លួនឱ្យក្លាយជាប្រទេសចំណូលខ្ពស់ ដែលជាទូទៅត្រូវបានវាស់វែងដោយចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗប្រមាណ ១៤.០០០ ដុល្លារអាមេរិក។ ប៉ុន្តែ ប្រទេសមិនដល់ពាក់កណ្តាលទេដែលបានទទួលជោគជ័យ។ ប្រទេសភាគច្រើននៅជាប់ក្នុង ‘អន្ទាក់ប្រទេសចំណូលមធ្យម’។”

លោកបានបន្ថែមផងថា៖ “ភស្តុតាងនៃការស្រាវជ្រាវបានបង្ហាញថា វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការជម្នះ បញ្ហានេះ និងសម្រេចគោលដៅជាប្រទេសចំណូលខ្ពស់ គឺការលើកកម្ពស់នវានុវត្តន៍ តាមរយៈការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានេះតែម្តង។ ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើធនធានប្រេង ដូចអេមីរ៉ាតអារ៉ាប់រួម ក៏បានទទួលជោគជ័យក្នុងការប្រែក្លាយជាប្រទេសចំណូលខ្ពស់ តាមរយៈសមាហរណកម្មឧស្សាហកម្មដែលជំរុញដោយបច្ចេកវិទ្យា ទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន ដែលបង្ហាញសកត្តានុពលដ៏ធំសម្បើមនៃការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា។”ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានវឌ្ឍនភាពសំខាន់ៗជាច្រើនឆ្ពោះទៅការធ្វើពិពិធកម្មសេដ្ឋកិច្ច និងនវានុវត្តន៍បច្ចេកវិទ្យា។

វេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាលើកដំបូងក្នុងឆ្នាំ២០២១ បានត្រួសត្រាយផ្លូវ ដោយស្វែងយល់អំពីសារៈសំខាន់នៃការផ្ទេរបច្ចេកវិទ្យា និងការកសាងក្របខណ្ឌគោលនយោបាយ។ វេទិកាលើកទី២បានផ្តោតលើការរៀបចំខ្លួនរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីចាប់យកបច្ចេកវិទ្យា តាមរយៈការលើកទឹកចិត្តលើការអភិវឌ្ឍជំនាញ និងការកសាងសមត្ថភាពសម្រាប់ឧស្សាហកម្ម ៤.០។ វេទិកាឆ្នាំ២០២៣បានកំណត់បញ្ហា និងឱកាសក្នុងប្រព័ន្ធធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យារបស់កម្ពុជា និងបង្ហាញគំរូជោគជ័យនៃការផ្ទេរបច្ចេកវិទ្យា៕

អត្ថបទទាក់ទង