សម្តេចតេជោ ក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនអុីនធឺណិត និងម្ចាស់បុរីទាំងអស់ ឱ្យបញ្ឈប់ការផ្តល់សិទ្ធិផ្តាច់មុខលើសេវាអុីនធឺណិត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកជាថ្មីចំពោះម្ចាស់ក្រុមហ៊ុនផ្តល់សេវា អុីនធឺណិត (Internet) និងម្ចាស់បុរីទាំងអស់ គោរពទៅតាមវិធានការដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញកន្លងមក ត្រូវបញ្ឈប់ការផ្តល់សិទ្ធិផ្តាច់មុខលើសេវា internet និងផ្តល់លក្ខណៈងាយស្រួលដល់ក្រសួង និងក្រុមហ៊ុន internet ផ្សេងៗទៀតចូលផ្គត់ផ្គង់សេវាកម្ម។
ការក្រើនរំលឹកជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនាឱកាសអញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា ៖«ក្នុងពេល ដែលបុរីមុននេះផ្តាច់មុខដល់ស្រែកទៅ ប្រាប់ថាយើងអត់ទទួលស្គាល់ការផ្តាច់មុខរបស់អ្នកឯងទេ ព្រោះច្បាប់ស្តីពីទូរគមនាគមន៍ អត់អនុញ្ញាតឱ្យផ្តាច់មុខទេ ប៉ុន្តែយកឧបសគ្គបច្ចេកទេសធ្វើជាមូលដ្ឋាន ព្រោះម្ចាស់បុរី ចុះហត្ថលេខាជាមួយក្រុមហ៊ុន internet មួយទើបបណ្តោយឲ្យក្រុមហ៊ុននោះឆាឆៅ។ ខ្ញុំសុំរំលឹកម្ចាស់ក្រុមហ៊ុន internet ទាំងតាមបុរីនានា សុំយកវិធានការដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញកន្លងទៅ ហើយសុំឲ្យបណ្តាញ internet នានា ដំឡើងអង់តែន ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបុរីដែលមានសេវាទូរស័ព្ទ និង internet ល្អច្បាស់ណាស់ ម្ចាស់បុរីនឹងងាយលក់ផ្ទះរបស់ខ្លួនកាន់តែដាច់ ដូច្នេះត្រូវបង្កលក្ខណៈងាយស្រួលដល់គ្រប់ក្រុមហ៊ុន។
ជាមួយគ្នានេះ សម្តេចជំរុញឲ្យម្ចាស់ក្រុមហ៊ុនទូរស័ព្ទចល័ត ធ្វើការដំឡើងអង់តែនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់សេវាទូរស័ព្ទ គ្រប់គ្រាន់ដល់បងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចល័តជាង ១៧លានស៊ីម និងសេវាអ៊ីនធឺណិតអចល័តជាង ៣១ម៉ឺន, ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតចំនួន ៣៨ ប្រតិបត្តិករ ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកលើគោក និងខ្សែកាបអុបទិក ក្រោមបាតសមុទ្រចំនួន ៥ និងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្នុងដែនសមុទ្រកម្ពុជាមានប្រវែង ៦៤០គីឡូម៉ែត្រ៕