មិនទាន់ចប់ឡើយ! កីឡាករ Thirapak របស់ថៃ ត្រូវបានក្លិបបញ្ឈជើង ៦ខែ និងកាត់បន្ថយប្រាក់ឈ្នួល ដោយសារការបង្កហិង្សានៅស៊ីហ្គេម
(បាងកក)៖ ខ្សែបម្រើការពាររបស់ក្រុមជម្រើសជាតិថៃ អាយុក្រោម២២ឆ្នាំ កីឡាករ Thirapak Pruangna ត្រូវបានក្លិប Buriram United ម្ចាស់ជើងឯកលីគកំពូលថៃរដូវកាលនេះ សម្រេចបញ្ឈរជើងពីទីលានរយៈពេល ៦ខែ ដោយគ្មានប្រាក់ឈ្នួល ដោយសារការបង្កកំហុសដោយហិង្សានៅស៊ីហ្គេម ២០២៣ ដែលប្រារព្ធឡើងនៅកម្ពុជា។ នេះបើយោងតាមកាសែត Bangkok Post របស់ថៃ។
មែនទែនទៅ ការប្រកាសរបស់ក្លិប Buriram United បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ថៃ ហៅកាត់ថា FAT បានប្រកាសដាក់ពិន័យកីឡាករ និងបុគ្គលិកគ្រូបង្វឹក សរុបចំនួន ៥នាក់ ដែលចូលរួមក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំឥណ្ឌូនេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ក្លឹបបាល់ទាត់ Buriram United បានចេញសេចក្ដីថ្លែងការមួយថា “ ក្លឹប Buriram United ជាភ្នាក់ងាររបស់លោក Thirapak Pruengna សោកស្ដាយចំពោះហេតុការណ៍នេះ។ ហើយសូមអភ័យទោសដល់អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិថៃ ស្របពេលក្លឹបបានពិចារណាដាក់ពិន័យ។
ក្លិបសម្រេចបញ្ឈរជើងកីឡាករ Teerapak Pruengna គ្រប់ព្រឹត្តិការណ៍រយៈពេល៦ខែ និងកាត់ប្រាក់ខែ ២៥%”។ មិនតែប៉ុណ្ណោះក្លិបបានបញ្ជាក់បន្ថែមថា “ក្លឹប Buriram United នឹងលើកយកករណី ដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមនេះ ធ្វើជាមេរៀនក្នុងការទូន្មានកីឡាករបាល់ទាត់របស់ក្លឹប ដើម្បីឱ្យមានភាពចាស់ទុំខាងអារម្មណ៍កាន់តែច្រើន ព្រោះអត្តពលិកមានកិត្តិយសតំណាងឱ្យក្រុមជម្រើសជាតិថៃ ត្រូវតែគិតពីឥទ្ធិពលលើរូបភាព ហើយកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ គឺជាអាទិភាពទីមួយ។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ក្លឹប Buriram United នឹងលែងគាំទ្រ ដើម្បីតំណាងឲ្យជម្រើសជាតិថៃ ទៀតហើយ”។
គួរបញ្ជាក់ថា ថៃ គឺជាប្រទេសជោគជ័យបំផុតក្នុងការប្រកួតបាល់ទាត់បុរស ដោយធ្លាប់ឈ្នះមេដាយមាសចំនួន ១៦ដង ប៉ុន្តែក្រុមដែលមានរហស្សនាមថា ដំរីសឹក បានបរាជ័យក្នុងការឈ្នះមេដាយមាស សម្រាប់ស៊ីហ្គេមនេះ បីលើកជាប់គ្នាផងដែរ ពោលគឺស៊ីហ្កេម លើកទី៣០, លើកទី៣១ និងលើកទី ៣២នេះ៕