Close

ឧទ្យានជាតិភ្នំគូលែន នៅតែជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ពេញនិយម

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ សង្គម
ឧទ្យានជាតិភ្នំគូលែន នៅតែជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ពេញនិយម ឧទ្យានជាតិភ្នំគូលែន នៅតែជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ពេញនិយម

(សៀមរាប)៖ មានតំបន់កម្សាន្ដខុសៗគ្នា រហូតដល់៨៥កន្លែង ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូ​លែន នៅតែជាទីពេញនិយមសម្រាប់អ្នកទេសចរផ្សងព្រេង។ ព្រៃឈើក្រាស់ឃ្មឹក ដែលត្រូវបានការពារដោយក្រសួងបរិស្ថាន ទឹកជ្រោះជាច្រើនកន្លែងដែលជាសម្បត្តិពីធម្មជាតិ បូករួមទាំងធ្លាប់ជារាជធានី​ចាស់​របស់កម្ពុជាផង បានធ្វើឲ្យខ្នងភ្នំមួយនេះកាន់តែពិសេសសម្រាប់ប្រជាជាតិកម្ពុជា។

ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែនត្រូវបានបង្កើតឡើង និងកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយមានផ្ទៃសរុបចំនួន ៣៧,៥០០ហិកតា ដែលមានវិសាលភាពគ្របដណ្តប់​លើភ្នំចំនួន៣ មាន ភ្នំហប់ ភ្នំគូលែន និងភ្នំក្បាលស្ពាន។

ភ្នំនីមួយៗមិនត្រឹមតែមានទួនាទីសំខាន់ក្នុងការជួយថែរក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ តាមរយៈប្រភព​ធនធានធម្មជាតិដ៍សម្បូរបែបមានព្រៃឈើ ប្រភពទឹក និងជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថន័យ​ជ្រៅជ្រះ និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជណាចក្រកម្ពុជា ដោយសារសំណង់ប្រវត្តិសាស្រ្ត និងស្ថានីយ៍បុរាណជាច្រើនកន្លែងត្រូវបានរកឃើញនៅទីនោះ។

ពើងវត្តចាស់ ជាកន្លែងកម្សាន្ដមួយក្នុងចំណោមកន្លែងឯទៀត ដែលបណ្ដាអ្នកដើរផ្សងព្រេងចូលចិត្ត។ មានពយថ្មលយចេញបន្តិចពីភ្នំ គេអាចមើលឃើញយ៉ាងច្បាស់នូវទេសភាពភូមិខាងក្រោម ហើយអ្វីដែល អ្នកទេសចរស្រឡាញ់ពីតំបន់នេះគឺ ជាទីតាំងដ៏ល្អសម្រាប់គយគន់ថ្ងៃរះ និងថ្ងៃលិច។

គេអាចបោះតង់នៅលើផ្ទាំងថ្មនេះ ដើម្បីលំហែអារម្មណ៍ជាមួយខ្យល់ធម្មជាតិដែលបក់មករសៀកៗ និងពេលព្រឹកព្រលឹម អាចមើលឃើញពពកដ៏ក្រាស់ឃ្មឹកដែលផ្ដុំលើគ្នា ប្រៀបបានទៅនឹងស្ទឹងដូច្នោះ​ដែរ។

ចេញពីកន្លែងនេះទៅ ក៏មានពើងមួយទៀតដែលពេញនិយមសម្រាប់អ្នកទេសចរផងដែរ នោះគឺ ពើងត្បាល់។ ដើម្បីទៅដល់ទីនេះ គេត្រូវធ្វើដំណើរដោយម៉ូតូលើផ្លូវលំតូចមួយ និងមិនស្រួលពេកនោះ ទេ។

នៅទីនោះមានផ្ទាំងថ្មដុះខ្ពស់ផុតក្បាល ព្រមទាំងមានចម្លាក់ជាច្រើនដែលនៅជាប់ជាមួយផ្ទាំងថ្មទាំង​នោះ។ អ្នកទេសចរអាចដើរចូលតាមចន្លោះថ្មទាំងនោះ និងទស្សនាពីថ្មមួយ ទៅថ្មមួយ ប្រៀបបី​ដូចជា ដើរចូលទៅក្នុងប្រាសាទថ្មដូច្នោះដែរ។ តាមរយៈ ទ្រព្យសម្បត្តិក្នុងទ្រង់ទ្រាយជាប្រវត្តិសាស្ត្រ សព្វថ្ងៃពើងត្បាល់ជារមណីយដ្ឋានដ៏ពេញនិយមមួយ។

បង្វែរអារម្មណ៍ចេញពីផ្ទាំងថ្ម អ្នកទេសចរក៏អាចជ្រើសរើសទៅកម្សាន្ដនៅទឹកជ្រោះក្បែរៗនោះផងដែរ។ អូរខ្លាឃ្មុំ ជាទឹកជ្រោះដែលមានកម្ពស់ទាបល្មម មានប្រវែងទទឹងមិនវែងពេក ពោលគឺសមល្មមសម្រាប់ អ្នកទេសចរងូតលេងតែម្ដង។

ដើមឈើដែលដោះតាមមាត់ច្រាំង ទ្រេតចោលម្លប់មកគ្របទឹកជ្រោះដែលកំពុងហូរ ដែលវាកាន់តែញុំាង ឲ្យទឹកអូរខ្លាឃ្មុំនេះត្រជាក់ទ្វេដង។ ជុំវិញទឹកជ្រោះនេះ អ្នកទេសចរក៏អាចបោះតង់សម្រាកលំហែរ និងគេងស្ដាប់សម្លេងទឹកហូរផងដែរ៕

អត្ថបទទាក់ទង