Close

សិប្បកម្មកែច្នៃធុងដាក់សំរាមពីសំបកកង់ឡាន មិនត្រឹមតែជួយកាត់បន្ថយសំណល់ ថែមទាំងអាច​រកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ សង្គម
សិប្បកម្មកែច្នៃធុងដាក់សំរាមពីសំបកកង់ឡាន មិនត្រឹមតែជួយកាត់បន្ថយសំណល់ ថែមទាំងអាច​រកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ សិប្បកម្មកែច្នៃធុងដាក់សំរាមពីសំបកកង់ឡាន មិនត្រឹមតែជួយកាត់បន្ថយសំណល់ ថែមទាំងអាច​រកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ

ជាទូទៅ គេប្រើធុងជ័រដាក់ពង្រាយតាមទីសាធារណៈ ឬតាមកន្លែងនានាដើម្បីរក្សាទុកសំរាមឲ្យមាន សណ្ដាប់ធ្នាប់។ ប៉ុន្តែជំនួសឲ្យការបង្កើតធុងសំរាមថ្មី ប្រសិនបើគេអាចកែច្នៃរបស់ដែលប្រើប្រាស់រួច ហើយ ទៅប្រើឡើងវិញ វានឹងមានផលចំណេញច្រើន។

សំបកកង់ឡានដែលប្រើប្រាស់ហើយ និយាយដោយឡែកជាប្រភេទសំរាមដែលក្រាស់ និងមិនងាយ រលាយទៅក្នុងបរិស្ថាន។ ដូច្នេះហើយបានជាសំណល់ប្រភេទនេះ គួរតែទទួលបានការយកចិត្តទុក ដាក់កែច្នៃកាន់តែច្រើន។

សិប្បកម្មធុងបរិស្ថានមួយ ផ្ដោតលើការប្រមូលយកសំបកកង់ឡានចាស់ៗមកកែច្នៃទៅជាធុង​បរិស្ថាន។ សិប្បកម្មនេះបានបង្កើតឡើងតាំងតែពីឆ្នាំ ២០១០មកម្លេះ និងជាសិប្បកម្មដែលធ្វើដោយដៃសុទ្ធសាធ។

បើតាមលោកស្រី សឿង សុថារី ដែលជាម្ចាស់សិប្បកម្មបានឲ្យដឹងថា ការលក់របស់លោកស្រី​គឺមិនសូវជាមានការចាប់អារម្មណ៍ប៉ុន្មានទេ កាលពីបង្កើតឡើងបាន៤ ទៅ៥ឆ្នាំដំបូង។ ប៉ុន្តែលោកស្រីថា ចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ ពោលគឺមុនការរីករាលដាលនៃជំងឺកូវីដ អាជីវកម្មនេះ​បានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ជាពិសេសបណ្ដាប្រជាជន​ដែលយល់ដឹងពីបញ្ហាបរិស្ថាន។

លោកស្រី សឿង សុថារី បានប្រាប់ពីមូលហេតុនៃការបង្កើតសិប្បកម្មនេះថា៖ «ដោយ​សារ​តែ​ក្ដី​ស្រលាញ់ និង​បំណង​ចង់​ចូល​រួម​ចំណែក​ជួយ​សង្គម ម្យ៉ាង​ដោយ​សារ​ឃើញ​កាក​សំណល់​វា​ប៉ះពាល់​ដល់​​បរិស្ថាន​ខ្លាំង​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​យល់​ថា​បើ​សិន​ជា​យើង​អាច​កែច្នៃ​ជា​ធុង​សំរាម​គឺ​ល្អ​មែន​ទែន និង​ម្យ៉ាង​វា​ក៏​បាន​ផ្ដល់​ឱកាស​ការងារ​ទៅ​ដល់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​ស្រុក​ភូមិ លើស​ពី​នេះ​វា​ក៏​បាន​ជួយ​លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក។»

ប៉ុន្តែយ៉ាងណា លោកស្រីបានបញ្ជាក់ថា ទម្រាំអាចបានចេញជាផលិតផលធុងបរិស្ថានមួយៗ គឺមានការលំបាកច្រើន ដោយអ្នកនាងត្រូវជួលកម្មការឲ្យដើរប្រមូលក្នុងរយៈពេល ១សប្ដាហ៍ ទៅ២សប្ដាហ៍ ទើបត្រឡប់មកកែច្នៃនៅក្នុងសិប្បកម្មវិញ។
អ្វីដែលកាន់តែលំបាក គឺសំបកកង់ឡានមានទម្ងន់ធ្ងន់ ដូច្នេះវាលំបាកក្នុងការលើកបំលាស់ទី លំបាកក្នុងការសំអាត និងលំបាកក្នុងការចៀ​រ ដោយសារតែវាក្រាស់​ និងស្វិត។

លោកស្រីបានបន្តឲ្យដឹងទៀតថា៖ «សម្រាប់​តម្រូវ​ការ​ វា​ទៅ​តាម​ទំនោរ​សង្គម កាល​ពី​មុន​ពេល​កូវីត១៩ ការ​លក់​របស់​យើង​គឺ​ផ្ទុះ​ខ្លាំង​មែន​ទែន​ យើង​លក់​បាន​ច្រើន​ ១ខែ​អាច​បាន ១ពាន់​ តែ​ពេល​កូវីត១៩​មក​ដល់​ក្នុង​ ១ខែ​យើង​លក់​មិន​បាន​ ១០០​ធុង​ផង​ តែបច្ចុប្បន្ន​នេះ​ទើប​ការ​លក់​របស់​យើង​មាន​សន្ទុះ​ឡើង​វិញ ពោល​គឺ​អាច​លក់​បាន​ប្រមាណ​ ៥០០​ធុង​ក្នុង​ ១ខែ ដែល​នេះ​ជា​ចំនួន​ដែល​អាច​ទទួល​យក​បាន​សម្រាប់​យើង។»

សម្រាប់​ការ​លក់​ បច្ចុប្បន្ននេះលោកស្រី​អាច​លក់​បាន​ប្រមាណ​ ៥០០​ធុង​ ដែល​​វា​ស្រប​ទៅ​តាម​លទ្ធភាព​ក្នុង​ការ​ផលិត​របស់​សិប្បកម្មរបស់លោកស្រី​ផង​ដែរ។​ តែយ៉ាងណា ប្រសិន​បើ​តម្រូវ​ការ​ច្រើន​ជាង​នេះ​ក៏​សិប្បកម្មលោកស្រីមិនអាចផ្គត់ផ្គង់តម្រូវការបានទាន់ពេលវេលាដែរ​ ខណៈដែលសព្វថ្ងៃនេះឲ្យតែផលិត​បាន គឺដឹងតែលក់អស់គ្មានសល់តែម្ដង។

រីឯចំណែក​តម្លៃ​នៃ​ធុង​បរិស្ថាន​នេះ​ លោកស្រីបែងចែកជា​២ខ្នាត ​គឺ​ខ្នាត​តូច ១​តម្លៃ​ ៣៥ដុល្លារ និង​ខ្នាត​ធំ​មួយ​តម្លៃ​ ៤៥ដុល្លា។ ក្រៅពី​នេះ អាជីវកម្ម​របស់​លោក​ស្រី​ក៏​មាន​ផលិត​ជា​ផលិតផល​ដទៃ​ទៀត​ដូចជា​ សាឡុង​កង់ឡាន​សម្រាប់​ដាក់​តាំង​លម្អ​ក្នុង​គេហដ្ឋាន​ រូប​សត្វ​កែច្នៃ ផើង​ផ្កា ឧបករណ៍​ដាក់​ចំណី​សត្វ​ជាដើម។

បើទោះជាយ៉ាងនេះក្ដី លោក​ស្រី​ក៏​ចង់​សំណូម​ពរ​ដល់​អ្នក​ប្រើប្រាស់​ ឲ្យមានការយោគ​យល់​ពី​ផល​វិបាក​នៃ​​ដំណើរការអាជីវកម្ម​ ​និងជួយគាំទ្រអាជីវកម្ម​កែច្នៃ​ក្នុង​ស្រុក​ ព្រោះ​វា​ជា​ផ្លូវ​មួយ​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ បង្កើន​ជីវភាព និង​បញ្ចៀស​ការ​ចំណាក​ស្រុក៕

អត្ថបទទាក់ទង