៤ខែដើមឆ្នាំនេះ ចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ កើនឡើងជិត ៤០%
ភ្នំពេញ ៖ តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹមរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនប្រមាណជាង ២០០លានដុល្លារ មានការកើនជាង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
សម្រាប់កសិករ អុល ផាន់ណា ដែលកំពុងដាំដុះដំណាំកៅស៊ូនៅខេត្តត្បូងឃ្មុំលើផ្ទៃដីប្រមាណជា ៦ហិកតា បានឲ្យដឹងថា ទីផ្សារកៅស៊ូ បច្ចុប្បន្នមានភាពប្រសើរឡើងជាងមុនបន្តិច ប៉ុន្តែតម្លៃក៏មិនទាន់ជាល្អប្រសើរណាស់ណានោះទេ។
លោកបានរៀបរាប់ថា៖ «ប្រសិនបើទីផ្សារត្រឹមតែប៉ុណ្ណេះ យើងក៏អាចចំណេញបាន ដែរ គ្រាន់តែមិនចំណេញច្រើន ប៉ុន្តែប៉ុណ្នឹងក៏ចាត់ទុកថាល្អដែរ គ្រាន់ជាកាលពីមុនដែលតម្លៃកៅស៊ូ ធ្លាក់ចុះ ហើយលក់ចេញក៏ពិបាក។»
កសិកររូបនេះបានបន្តឲ្យដឹងទៀតថា សព្វថ្ងៃលោកជាជ័រកៅស៊ូ ហើយលក់ក្នុងទម្រង់ជាជ័រកក ដែលអាចទទួលបានតម្លៃជាមធ្យម ២២០០រៀល ក្នុងមួយគីឡូ។ ដោយឡែក តម្លៃជ័រកៅស៊ូនេះ អាចមានឡើង មានចុះ ទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។
ជាមួយគ្នានេះ លោក ម៉ែន សុភក្រ្ត ដែលជាប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជា បានឲ្យដឹងថា បរិមាណនាំចេញកៅស៊ូរបស់កម្ពុជានៅរយៈពេល៤ខែដើមឆ្នាំនេះ នៅតែរក្សាបានកំណើនជាបន្តបន្ទាប់ ដោយសារតែផ្ទៃដីទទួលផលមានចំនួនច្រើន ដែលជំរុញឲ្យទិន្នផលមានការកើនឡើងផងដែរ។
ប៉ុន្ដែសម្រាប់តម្លៃទីផ្សារកៅស៊ូគិតមកទល់ពេលនេះនៅតែមិនទាន់ងើបឡើងវិញនៅឡើយទេ ហើយមូលហេតុនៃការធ្លាក់ចុះ ត្រូវបានលោកអះអាងថា ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពល្អប្រសើរ។ មិនទាន់ល្អប្រសើរព្រោះ ពិភពលោកកំពុងតែប្រឈមនឹងបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងវិបត្តិសេដ្ឋកិច្ចនៅបណ្តាប្រទេសធំៗផ្សេងទៀត ដែលតិចឬច្រើនវាបានប៉ះពាល់ដល់ទីផ្សារកៅស៊ូពិភពលោក និងនាំឱ្យតម្រូវការនៃការប្រើប្រាស់ផលិតផលសម្រេចដែលធ្វើពីជ័រកៅស៊ូមានការធ្លាក់ចុះ។
បើទោះបីជាយ៉ាងនេះក្ដី លោក ម៉ែន សុភក្រ្ក នៅតែមានសុទិដ្ឋិនិយមខ្ពស់ថា តម្លៃកៅស៊ូរបស់កម្ពុជា នឹងវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ ក្រោយស្ថានការសេដ្ឋកិច្ច និងសន្តិសុខពិភពលោកចាប់ ផ្ដើមស្គាល់ភាពធូរស្រាលវិញ៕