Close

៩ខែឆ្នាំនេះ អ្នកជាប់ឃុំ ចូលអាន និងខ្ចីសៀវភៅទៅអានជាង ១សែនដង!

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
៩ខែឆ្នាំនេះ អ្នកជាប់ឃុំ ចូលអាន និងខ្ចីសៀវភៅទៅអានជាង ១សែនដង! ៩ខែឆ្នាំនេះ អ្នកជាប់ឃុំ ចូលអាន និងខ្ចីសៀវភៅទៅអានជាង ១សែនដង!

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ មានអ្នកជាប់ឃុំនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅទូទាំងប្រទេស បានចូលបណ្ណាល័យអានសៀវភៅចំនួន៦៤.៦៩២នាក់ ក្នុងនោះមានស្ត្រី៧.៤៣៦នាក់។

មិនត្រឹមតែចូលអានសៀវភៅក្នុងបណ្ណាល័យប៉ុណ្ណោះទេ អ្នកជាប់ឃុំក៏បានខ្ចីសៀវភៅពីបណ្ណាល័យ យកទៅអានក្នុងបន្ទប់ឃុំឃាំងដែរ បើតាមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ៩ខែមកនេះ មានអ្នកជាប់ឃុំបានខ្ចីសៀវភៅទៅអានចំនួន ៩៩.៩៩២នាក់ ក្នុងនោះមានស្តី្រ១៣.២៩៦នាក់។ ជនជាប់ឃុំទាំងនោះ បានចូលអាន និងខ្ចីសៀវភៅទៅអាន សរុបចំនួនដល់ទៅជាង៨ម៉ឺន៤ពាន់ក្បាលឯណោះ។

គ្រប់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស សុទ្ធតែមានបណ្ណាល័យអានសៀវភៅយ៉ាងត្រឹមត្រូវ ដោយសៀវភៅយ៉ាងហោចណាស់ចន្លោះពី៥០០ ទៅ១៥០០ក្បាល។ សៀវភៅទាំងនោះ មានជាអាទិ៍ សៀវភៅច្បាប់ សៀវភៅប្រវត្តិសាស្រ្ត សៀវភៅរឿងព្រេងនិទាន សៀវភៅអប់រំបំណិនជីវិត សៀវភៅជំនាញកសិកម្ម សិប្បកម្ម សៀវភៅព្រះធម៌ និងអប់រំចិត្ត សៀវភៅវិទ្យាសាស្រ្តនិងការស្រាវជ្រាវ និងសៀវភៅមេរៀនក្នុងកម្មវិធីសិក្សារបស់រដ្ឋមួយចំនួនទៀត។ ឯកឧត្តមអគ្គនាយកពន្ធនាគារ បានមានប្រសាសន៍ថា ការរៀបចំបណ្ណាល័យ និងការបង្កលក្ខណៈឱ្យអ្នកជាប់ឃុំបានចូលអាន និងខ្ចីសៀវភៅយកទៅអាននេះ គឺជាផ្នែកមួយនៃការផ្ដល់សេវាអប់រំកែប្រែ ការស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនជាប់ឃុំ និងការធ្វើសមាហរណកម្ម។

៩ខែឆ្នាំនេះ អ្នកជាប់ឃុំចូលអាន និងខ្ចីសៀវភៅទៅអានជាង១សែនដង!

ឈរលើការងារស្នូលដូចបានកំណត់ក្នុងច្បាប់ជាតិ និងគោលការណ៍អន្តរជាតិ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បាននិងកំពុងបន្តផ្តល់សេវាអប់រំកែប្រែ និងស្តារនីតិសម្បទាដល់អ្នកជាប់ឃុំជាច្រើនកម្មវិធីសិក្សាទៀត ដូចជា ថ្នាក់អក្ខរកម្ម ថ្នាក់សមមូល និងថ្នាក់ភាសាបរទេស ដោយក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៥ មាន២៥១ថ្នាក់ ស្មើនឹង៤.៨៤៩នាក់។ បើតាមឯកឧត្តមអគ្គនាយកពន្ធនាគារ ក្នុងរយៈពេលដូចគ្នានេះ ក៏បានដំណើរការសាកល្បងកម្មវិធីសិក្សាតាមបែបឌីជីថល ដោយមិនប្រើអ៊ីនធឺណិត នៅក្នុងពន្ធនាគារចំនួន១៥ ដោយមានអ្នកជាប់ឃុំចូលរួមចំនួន២៤.៤៨២នាក់ ក្នុងនោះស្ត្រី ១.៤២៥នាក់ និងឧបករណ៍សិក្សាចំនួន១៩៩គ្រឿង។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងរយៈពេល៩ខែកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានរៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរងាយៗដល់ជនជាប់ឃុំ ព្រមទាំងបានអនុវត្តសាកល្បងដល់ជនជាប់ឃុំសរុបចំនួន៩.១៦៧នាក់ ក្នុងនោះមានស្តី្រ៩០៨នាក់ ដោយមានទាំងការបណ្តុះបណ្តាលដោយអង្គភាពផ្ទាល់ និងការបណ្តុះបណ្តាលដោយមានកិច្ចសហការ ជាមួយមជ្ឈមណ្ឌលវិជ្ជាជីវៈនានា។ ឯកឧត្តម ឈន សាណាត បានបន្ថែមថា ក្នុងរយៈពេល៩ខែមកនេះ មានជនជាប់ឃុំទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាចំនួន ១.១៣៨នាក់ ក្នុងនោះមានស្រ្តី ២១៩នាក់ លើជំនាញកាត់ដេរ សំអាងការ ការងារសំណង់ ប្រើប្រាស់ ជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក បរិក្ខារត្រជាក់ និងគ្រឿងយន្តជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាមានពន្ធនាគារចំនួន២៥ និងមណ្ឌលអប់រំកែប្រែចំនួន៤។ ដោយឡែកគិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជនជាប់ឃុំនៅទូទាំងប្រទេស មានប្រមាណជិត៦ម៉ឺននាក់ ក្នុងនោះមានស្ត្រី៣.៧៤៧នាក់ និងជនបរទេស៤.៣៧១នាក់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់លើការងារគ្រប់គ្រងពន្ធនាគារ ព្រមទាំងសិទ្ធិអ្នកជាប់ឃុំ រួមទាំងសិទ្ធិទទួលបានការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ប្រើប្រាស់ក្នុងជីវភាព បន្ទាប់ពីអនុវត្តទោស និងមានសេរីភាព៕ ប្រភព៖មន្ត្រីក្រសួងមហាផ្ទៃ