បង្គាប់ឱ្យឃុំខ្លួនជនជាតិឥណ្ឌូណេស៊ី ៣នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោស
ភ្នំពេញ៖ ដោយផ្អែកលើលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានចេញដីកាចំនួន០៣ បង្គាប់ឱ្យឃុំខ្លួន បណ្តោះអាសន្ន លើបុរសជនជាតិឥណ្ឌូណេស៊ីចំនួន ០៣នាក់ ទី១-ឈ្មោះ KRISTOFORUS MUDA SOGE ២-ឈ្មោះ HERLAM និង៣-ឈ្មោះ YOSSA FATHUR RIZIQ នៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដើម្បីបន្តនីតិវិធីរបស់តុលាការ។
ជនត្រូវចោទទាំង០៣នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) បទល្មើសព្រហ្មទណ្ឌ ដែលបានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៧៧, មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។
សូមរម្លឹកថា ជនត្រូវចោទទាំង០៣នាក់នេះ ស្ថិតក្នុងចំណោម ជនបរទេសចំនួន១៧នាក់ (ជនជាតិវៀតណាម១៤ នាក់, ស្ត្រី០៣នាក់) ដែលសមត្ថកិច្ចបានឃាត់ខ្លួនពេលចុះប្រតិបត្តិការត្រួតពិនិត្យ ទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅទីតាំងសណ្ឋាគារ OCEAN HOTEL ផ្លូវលេខ០៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនោះ កំលាំងសមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងរួមមានកុំព្យូទ័រ (ALL in One) ចំនួន ១៣១ គ្រឿង, ម៉ូនីទ័រ ចំនួន ០១ គ្រឿង, ទូរស័ព្ទ ចំនួន ២១៥ គ្រឿង, laptop ចំនួន ០១ គ្រឿង។ សូមបញ្ជាក់ជូនថាទីតាំងខាងលើត្រូវបាន ក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព ជាការវិនិយោគ និងឆបោកស្នេហា មានគោលដៅទៅប្រទេសផ្សេងៗ។
ចំពោះករណីខាងលើនេះដែរ អាជ្ញាធរ និងសមត្ថកិច្ចជំនាញបានសហការ ជាមួយដៃគូ និងភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវស៊ីឱ្យកាន់តែជម្រៅ ដោយផ្អែកលើវត្ថុតាង ដែលរឹបអូសបានពីទីតាំងប្រព្រឹត្តបទល្មើស ក្នុងគោលបំណងឈានទៅកំណត់មុខសញ្ញា និងវែកមុខបណ្តាញ អង្គការចាត់តាំងនៅពីក្រោយសកម្មភាពល្មើសច្បាប់ទាំងនេះ ដើម្បីយក មេខ្លោងពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង ដាច់ខាត។
ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការបង្ក្រាបអំពើ ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញា សង្ស័យជាមេខ្លោង និងបក្ខពួករបស់គេសរុបចំនួន៨០នាក់ទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕