Close

លោកស្រី Clinton ៖ប្រសិនបើលោក Trump ឈ្នះស្មើនឹងពេលចុងក្រោយរបស់អ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោកស្រី Clinton ៖ប្រសិនបើលោក Trump ឈ្នះស្មើនឹងពេលចុងក្រោយរបស់អ៊ុយក្រែន លោកស្រី Clinton ៖ប្រសិនបើលោក Trump ឈ្នះស្មើនឹងពេលចុងក្រោយរបស់អ៊ុយក្រែន

បរទេស៖ អតីតបេក្ខភាពប្រធានាធិបតីអាមេរិកស្រីដ៏ល្បីល្បាញរបស់គណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton កាលពីចុងសប្តាហ៍មកនេះបានធ្វើការព្រមានថា ប្រសិនបើលោក Donald Trump ពិតជាអាចយកឈ្នះការបោះឆ្នោតឆ្នាំ២០២៤មែននោះគឺមានន័យថាវាគឺជាពេលវេលាចុងក្រោយនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសអាមេរិក ក៏ដូចជាពេលវេលាចុងក្រោយនៃប្រទេសអ៊ុយក្រែនផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានរបស់កាសែត The Financial Times លោកស្រី Clinton ដែលធ្លាប់មានតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងអាណត្តិគ្រប់គ្រងដោយលោកប្រធានាធិបតី Baraka Obama និងធ្លាប់ជាបេក្ខភាពដ៏មានប្រជាប្រិយរបស់បក្សប្រជាធិបតេយ្យផង ប៉ុន្តែបានត្រឹមបរាជ័យក្នុងការប្រជែងតំណែងប្រធានាធិបតីក្រោមថ្វីដៃរបស់លោក Donald Trump កាលពីឆ្នាំ២០១៦នោះបាននិយាយថា ទោះជាយ៉ាងណាក្តីលោក Trump នឹងមិនអាចទទួលបានជ័យជំនះម្តងទៀតឡើយ។

លោកស្រីបានពោលបែបនេះថា៖ប្រសិនបើលោក Trump ឈ្នះឆ្នោតក្នុងឆ្នាំ២០២៤មែននោះយើងនឹងអាចមើលឃើញនូវពេលវេលាចុងក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅអាមេរិក ហើយក៏ជាពេលវេលាចុងក្រោយរបស់អ៊ុយក្រែនផងដែរ ពីព្រោះថាបុរសអ្នកជំនួញរូបនេះនឹងដកអាមេរិកចេញពីអង្គការណាតូជាមិនខាន។

លោកស្រី Clinton ក៏បានរំលឹកដែរថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ធ្លាប់បានលើកឡើងដូចគ្នានេះផងដែរកាលពីការបោះឆ្នោតឆ្នាំ២០២០ថា លោក Trump ពិតជាសម្រេចចិត្តដកអាមេរិកចេញពីអង្គការណាតូពិតមែនប្រសិនបើគ្រានោះលោកអាចឈ្នះឆ្នោតម្តងទៀត។​ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីបានពន្យល់ទៀតថា៖លោក Trump គឺជាបុគ្គលដែលតែងតែផ្តល់ផលប្រយោជន៍ដោយប្រយោលជាច្រើនចំពោះមេដឹកនាំចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ។

គួរឲ្យដឹងដែរថា លោកTrump តែងតែពណ៌នាខ្លួនគាត់ថាជាបេក្ខជនតែមួយគត់ ដែលអាចបញ្ឈប់សហរដ្ឋអាមេរិកពីការធ្លាក់ចូលទៅក្នុងជម្លោះជាសកល ហើយនឹងសន្យាថាដោះស្រាយជម្លោះនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ប្រសិនបើគាត់ជាប់ឆ្នោតនាឆ្នាំក្រោយ៕

អត្ថបទទាក់ទង