អ្នកគាំទ្រឥណ្ឌូណេស៊ី រាប់ពាន់នាក់ បានឈរយ៉ាងកកកុញតាមដងផ្លូវ ដើម្បីទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន

បន្ទាប់ពីទទួលជ័យជម្នះ ៥-២ លើក្រុមក្រុមដំរីសឹកថៃ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ជម្រើសឥណ្ឌូណេស៊ី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ ដោយមានមនុស្សរាប់ពាន់នាក់មកចាំទទួល និងអបអរជ័យជំនះជាប្រវត្តិសាស្រ្តរបស់ពួកគេ។
ក្រុម U.22 ឥណ្ឌូណេស៊ី បានចាកចេញពីកម្ពុជា មកកាន់ប្រទេសរបស់ខ្លួនវិញនៅល្ងាចថ្ងៃទី១៨ ខែឧសភា។ អ្នកគាំទ្ររាប់ពាន់នាក់ បានមានវត្តមាននៅព្រលាន Senayan ទីក្រុងហ្សាការតា ដើម្បីស្វាគមន៍ U.22 ឥណ្ឌូនេស៊ី ត្រឡប់មកវិញ។
នៅពេលដែលឡានក្រុងដឹកកីឡាករចាកចេញពីផ្លូវប្រលានយន្តហោះ អ្នកគាំទ្ររាប់ពាន់នាក់ បានឈរនៅសងខាងផ្លូវ ដោយមានការដុតភ្លើង និងស្រែកថា ម្ចាស់ជើងឯកឥណ្ឌូនេស៊ី។ ដោយសារចំនួនអ្នកគាំទ្រច្រើន ដូច្នេះល្បឿនរថយន្តក្រុងដឹកកីឡាករ ក៏ត្រូវបានបន្ថយល្បឿនដែរ។ ពួកគេស្ទើរតែមិនអាចបើកបន្តទៅមុខបាន ដោយសារតែភាពសប្បាយរីករាយរបស់អ្នកគាំទ្រ ដែលមកស្វាគមន៍ពួកគេ។
យោងតាមសារព័ត៌មាន CNN ឥណ្ឌូនេស៊ី គ្រូបង្វឹកលោក Indra Sjafri និងកូនក្រុម បានចំណាយពេល ជិត ៥ម៉ោង ទើបអាចចេញទៅដល់សណ្ឋាគារវិញ និងទទួលទានអាហារពេលល្ងាច។
នៅព្រឹកថ្ងៃទី១៩ ឧសភា ក្បួនដង្ហែ ដើម្បីអបអរមេដាយមាសកីឡាស៊ីហ្គេមលើកទី៣២ របស់ U.22 ឥណ្ឌូនេស៊ី បានចាប់ផ្តើមជាផ្លូវការណ៍។ ពួកគេបានចេញដំណើរពី ក្រសួងយុវជន និងកីឡា តាមផ្លូវ Jalan Pemuda ក្រុង Senayan ជាមួយនឹងសាក្សីនៃអ្នកគាំទ្ររាប់ពាន់នាក់ ឈរនៅសងខាងផ្លូវ។ តំបន់ Senayan ទីក្រុង Jakarta មានសភាពអ៊ូអរយ៉ាងខ្លាំងខុសពីធម្មតា ចាប់ពីម៉ោង ៧ ព្រឹក ហើយចំនួនអ្នកចូលរួមក្បួនដង្ហែ ក៏កើនឡើងច្រើនដូចគ្នា។
យោងតាមសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ក្បួនដង្ហែ នឹងចាប់ផ្តើមពីក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ី ទៅកាន់រង្វង់មូល HI ហើយនឹងបញ្ចប់នៅកីឡដ្ឋាន Gelora Bung Karno។ ដំបូងឡើយ គេរំពឹងថា នឹងចាប់ផ្តើមដង្ហែក្បួន នៅម៉ោង ៨ព្រឹក ប៉ុន្តែដោយសារមានមនុស្សរាប់ពាន់នាក់បានបិទផ្លូវនោះ ពេលវេលានៃការដង្ហែត្រូវពន្យារពេល ៤៥ នាទី៕