កីឡាអូឡាំពិកអាស៊ី បើកភ្លើងខៀវដល់កម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំមួយ មានប្រទេសចំនួន ៤៥ចូលរួម

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យលើសពីការរំពឹងទុកក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលទើបតែបញ្ចប់ទៅថ្មីៗ ពេលនេះ ភ្លើងខៀវត្រូវបានផ្តល់រួចហើយ សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ២០១៩(Asian Youth Games 2019) ក្នុងរយៈពេល ៦ឆ្នាំខាងមុខនេះ ពោលគឺនៅឆ្នាំ ២០២៩ ដោយប្រទេសមកពីទ្វីបអាស៊ី រហូតដល់ ៤៥ចូលរួម លើទឹកដីកម្ពុជា។
កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានបញ្ចប់ជាផ្លូវការណ៍ ប្រទេសវៀតណាម ដណ្តើមបានមេដាយមាសចំនួន ១៣៦គ្រឿង ខណៈប្រទេសថៃ បានមេដាយមាស ១០៨គ្រឿង, ប្រទេសឥណ្ឌូនេស៊ី ឈរលេខ ៣ បានមេដាយមាស ៨៧ គ្រឿង។ ចំណែក ម្ចាស់ផ្ទះកម្ពុជា ឈរលេខរៀងទី៤ រកបានមេដាយមាស ៨១ គ្រឿង។
កាលពីពេលថ្មីៗនេះ Inside The Games បានរាយការណ៍ថា ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្រគល់សិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ ២០២៩ ដល់ប្រទេសកម្ពុជា ដែលនឹងក្លាយជាលើកទីមួយហើយ ដែលព្រឹត្តិការណ៍កីឡាយុវជនដ៏ធំបំផុតនេះ ធ្វើឡើងនៅអាស៊ីអាគ្នេហ៍។
Inside The Games បានបញ្ជាក់បន្ថែមថា ក្នុងការប្រកួតកីឡាលំដាប់ថ្នាក់អាស៊ីនេះ ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងមានការចូលរួមពីអត្តពលិកយ៉ាងតិច ៣០០០នាក់ មកពីបណ្ដាប្រទេសចំនួន ៤៥មកពីទ្វីបអាស៊ី ហើយអាចនឹងមានកីឡាចំនួន ១៨ប្រភេទ។
ព្រឹត្តិការណ៍នេះ នឹងប្រើប្រាស់សម្ភារៈបរិក្ខារ ដែលបានសាងសង់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ ដែលទើបតែបញ្ចប់ទៅថ្មីៗ ពេលនេះ។ ចំណុចសំខាន់នៃការប្រកួតទាំងនេះ នឹងត្រូវធ្វើនៅពហុកីឡដ្ឋានមរតកតេជោ ដែលចំណាយលុយសាងសង់អស់ ១៦០ លានដុល្លារ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាខាងលើនេះ បង្កើតឡើងដំបូងនៅក្នុងឆ្នាំ ២០០៩ ក្នុងប្រទេសសិង្ហបុរី វាត្រូវបានប្រារព្ធឡើងនៅរៀងរាល់ ៤ឆ្នាំម្ដង ស្រដៀងនឹង World Cup ដែរ ហេីយឆ្នាំ ២០២៥នេះ នឹងប្រារព្ធឡើងនៅប្រទេស Uzbekistan៕