Close

មិនរួចខ្លួនឡើយ ! ថៃ និងឥណ្ឌូណេស៊ី ប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ កីឡា
មិនរួចខ្លួនឡើយ ! ថៃ និងឥណ្ឌូណេស៊ី ប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី មិនរួចខ្លួនឡើយ ! ថៃ និងឥណ្ឌូណេស៊ី ប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី

គណៈកម្មាធិការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងបើកការស៊ើបអង្កេតមួយមុននឹងចេញការផាកពិន័យ និងហាមប្រាមសមាជិកកីឡាករបាល់ទាត់ថៃ និងឥណ្ឌូណេស៊ី ចំពោះការប៉ះទង្កិចគ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។

ម្ចាស់ផ្ទះកម្ពុជា មិនមានចំណាត់ការអ្វីឡើយ ដោយស្នើឱ្យ AFC សម្របសម្រួលបញ្ហានេះ។ ដូច្នេះជំនួបរវាងថៃ និងឥណ្ឌូណេស៊ី នៅល្ងាចថ្ងៃទី១៦ ឧសភា នឹងត្រូវផ្ទេរទៅគណៈកម្មាធិការវិន័យរបស់ AFC បើកការសើបអង្កេត ដើម្បីសម្រេច និងធ្វើការផាកពិន័យ ចំពោះករណីហិង្សានេះ។

ជុំវិញបញ្ហានេះ ប្រធាន AFC បានប្រាប់ទៅកាន់កាសែត VnExpress នៅថ្ងៃទី ១៧ ខែឧសភាថា៖ «វានឹងមិនមានការពិន័យចំពោះការដកមេដាយ សម្រាប់ក្រុមទាំងពីរនោះទេ ប៉ុន្តែកីឡាករ និងបុគ្គលិក ដែលចូលរួមក្នុងការប្រកួតនេះ នឹងត្រូវពិន័យ ឬព្យួរឈ្មោះជាបណ្ដោះអាសន្ន»។

ទោះជាយ៉ាងណាក៏ដោយ AFC អាចត្រូវការពេលប្រហែលមួយខែ មុនពេលចេញការពិន័យ។ យ៉ាណា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ គ្រូបង្វឹកវៀតណាម លោក Park Hang-seo បានទទួលកាតក្រហម ពីបទជេរប្រមាថអាជ្ញាកណ្តាលក្នុងការប្រកួតចុងក្រោយជាមួយឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែមិនទាន់ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ផង គាត់បានទទួលរងពិន័យមិនឲ្យបញ្ជាកូនក្រុមចំនួន ៤ប្រកួត។

ងាកមកចាប់អារម្មណ៍ការប្រកួតនៅលើទីលានអូឡាំពិក វិញ ក្នុងតង់ទីពីរក្នុងម៉ោងបន្ថែម ៩០នាទី នៅពេលដែល ឥណ្ឌូនេស៊ី នាំមុខ ថៃ ២-១ អាជ្ញាកណ្តាល បានផ្លុំកញ្ចែឱ្យ ថៃ ទាត់បាល់ហ្វ្រីឃីក ភ្លាមនោះ ក្រុមគ្រូបង្វឹក ឥណ្ឌូនេស៊ី យល់ច្រឡំថា ជាកញ្ចែ ដើម្បីបញ្ចប់ការប្រកួត ហើយបានរត់ចូលទីលាន ដើម្បីអបអរជ័យជំនះ ប៉ុន្តែត្រូវបានអាជ្ញាកណ្ដាលឲ្យចេញក្រៅវិញ និងឲ្យថៃទាត់ហ្រ្វីឃីក។ ក្រោយការទាត់ហ្វ្រីឃីក ថៃ បានវាយបកតាមស្មើ ២-២ ដោយកីឡាករបម្រុង Yotsakorn Burapha ហើយបន្ទាប់មកកីឡាករ និងបុគ្គលិកបង្វឹករបស់ថៃ បានរត់ទៅកាន់តំបន់បច្ចេកទេសរបស់ឥណ្ឌូនេស៊ី ដើម្បីអបអរ ទើបនាំឱ្យមានការប៉ះទង្គិចគ្នា។ អ្នករៀបចំ និងកម្លាំងសន្តិសុខ ត្រូវបានចូលអន្តរាគមន៍ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។

លុះនៅម៉ោងបន្ថែម ១៥នាទីពីរដង វគ្គទីមួយ ឥណ្ឌូនេស៊ី បាននាំមុខថៃ ៣-២។ លើកនេះគឺជាវេនរបស់គ្រូបង្វឹកឥណ្ឌូនេស៊ី អបអរម្ដង។ ពេលនោះហើយ ដែលភាគីទាំងពីរ បានប៉ះទង្កិចគ្នា បង្កភាពចលាចល។ បន្ទាប់មកអាជ្ញាកណ្តាល បានចាយកាតក្រហមចំនួន ៥ដល់កីឡាករ និងសមាជិកនៃក្រុមទាំងពីរ។
ការប្រកួតបន្ទាប់បានបញ្ចប់ ដោយ ឥណ្ឌូណេស៊ី បានយកឈ្នះ លើក្រុមថៃ ក្នុងលទ្ធផល ៥-២។ ដែលឥណ្ឌូណេស៊ី មានគ្នា ១០នាក់នៅលើទីលាន ខណៈថៃ មានតែ ៨នាក់ប៉ុណ្ណោះ។

នេះជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ក្តៅគគុកបំផុតក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ជាមួយនឹងកាតក្រហម សរុបចំនួន ៧ និងកាតលឿងចំនួន ១២ ដែលភាគច្រើនដោយសារតែការប៉ះទង្កិចគ្នាលើទីលាន៕

អត្ថបទទាក់ទង