កសិករមួយរូបរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ ពីការចិញ្ចឹមរុយប្រូតេអ៊ីនធ្វើជាចំណីសត្វចិញ្ចឹម
កណ្តាល : ជាទូទៅ ប្រជាកសិករចិញ្ចឹមសត្វនិយមតែប្រើប្រាស់ចំណីស្រាប់ៗ ឬប្រើកាកសំណល់ផ្ទះបាយលាយបញ្ចូលគ្នា សម្រាប់ឲ្យសត្វចិញ្ចឹមស៊ី ប៉ុន្តែពួកគេក៏អាចផលិតចំណីដោយខ្លួនឯងបានផងដែរ ដោយប្រើប្រាស់រុយប្រូតេអ៊ីន ជាប្រភេទរុយដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់វិស័យកសិកម្ម ពោលគឺខុសគ្នាពីរុយដែលជាភ្នាក់ងារចម្លងរោគដែលយើងតែងតែស្គាល់។
មែនទែនទៅ ការលាយចំណីដោយខ្លួនឯង ជាអ្វីដែលប្រជាកសិករគ្រប់រូបគួរតែធ្វើផងដែរ ព្រោះការទិញចំណីស្រាប់ៗបានបង្កើនថ្លៃដើមក្នុងការចិញ្ចឹម ដូច្នេះហើយវាជារឿងលំបាកមួយដែលកសិករអាចរកផលចំណេញបានច្រើនពីការចិញ្ចឹមសត្វ។ ម្យ៉ាងទៀត ចំណីស្រាប់ៗទាំងនោះ ក៏មិនមែនប្រាកដថាល្អ ចំពោះសុខភាពសត្វចិញ្ចឹម ក៏ដូចជាសុខភាពអ្នកបរិភោគនោះដែរ។
ពូជរុយប្រូតេអ៊ីន BSF មានដើមកំណើតដំបូងចេញពីក្រុមប្រទេសអាមេរិកខាងត្បូង (អាមេរិកឡាទីន) ហើយបច្ចុប្បន្ន ពូជរុយនេះកំពុងមានវត្តមាននៅសឹងតែពាសពេញពិភពលោក ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមិនទាន់អាចគ្រប់គ្រងសំណល់ជីវៈ (សំណល់ផ្ទះបាយ) បានល្អ។
សម្រាប់កម្ពុជា ការចិញ្ចឹមរុយប្រូតេអ៊ីននេះជារឿងថ្មីមួយ ថ្មីទាំងបច្ចេកទេស និងទាំងចំណេះដឹង ដូច្នេះហើយបានជាការចិញ្ចឹមរុយនេះហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាជនខ្មែរ ជាពិសេសកសិករ។
ពូជរុយខ្មៅខាងលើនេះវាស៊ីបន្លែ ស្លឹកឈើ និងគ្រាប់ធញ្ញជាតិជាអាហារ ហើយវានឹងពងទៅក្នុងបន្ទះឈើដែលគេចងផ្អោបគ្នាទុកចោលក្នុងរោងសំណាញ់។ ក្រោយទុកបន្ទះឈើទាំងនោះចោលមួយអន្លើ គេក៏អាចប្រមូលពងរុយទាំងនោះ ទៅទុកក្នុងដបប្លាស្ទីក។ បន្ទាប់មក គេយកពងរុយទាំងនោះទៅចាក់ចូលក្នុងថាស់ជ័រទុកឲ្យវាវិវត្តិទៅជាកូនដង្កូវ។
រីឯចំណីវិញ គឺកសិករអាចប្រមូលកាកសំណល់ចេញពីផ្ទះបាយ ហើយចាក់កូនដង្កូវទាំងនោះពីលើ ត្រឹមតែរយៈពេលដ៏ខ្លី កូនដង្កូវទាំងនោះនឹងស៊ីអស់ ហើយធំធាត់ក្លាយជាដង្កូវប្រូតេអ៊ីន។ បន្ទាប់ពីនេះទៅ កសិករក៏អាចយកដង្កូវទាំងនោះទៅកិនលាយជាមួយចំណីផ្សេងៗ ឬក៏អាចប្រើប្រាស់ដង្កូវសុទ្ធតែម្ដងក៏បាន។
កសិដ្ឋានមួយនៅក្នុងស្រុក ដែលចាប់ផ្ដើមចិញ្ចឹមរុយប្រូតេអ៊ីននេះ បានបង្កើតចំណូលរហូតដល់ខ្ទង់ពាន់ ដុល្លារក្នុងមួយខែ ដែលបើគិតតែពងរុយនិយាយដោយឡែក គឺកសិដ្ឋាននេះលក់ក្នុងតម្លៃ ៧០ដុល្លារ ក្នុងមួយខាំឯណោះ។
កសិដ្ឋាននេះមានឈ្មោះថា BSF Farm បច្ចុប្បន្ន ស្ថិតនៅក្នុងខេត្តកណ្តាល មានទាំងចិញ្ចឹមរុយ មានទាំងកសិដ្ឋានចិញ្ចឹមមាន់ មានលក់ពូជរុយ និងមានជាវគ្គបង្រៀនកសិករដែលមានបំណងចង់ចេះពីវិធីចិញ្ចឹមរុយនេះទៀតផង។
លោក សៅ សែនសំណាង ដែលជាម្ចាស់កសិដ្ឋាន BSF Farm បានចំណាយពេលក្នុងការស្រាវជ្រាវ ជាច្រើន ទម្រាំអាចបង្កើតជាកសិដ្ឋាននេះឡើង ហើយលោកលើកទឹកចិត្ត ក៏ដូចជាស្វាគមន៍ដល់កសិករ គ្រប់រូបក្នុងការសាកល្បងវិធីធ្វើចំណីសម្រាប់សត្វចិញ្ចឹមរបៀបថ្មីនេះ។
លោកបានរៀបរាប់ថា៖ «សម្រាប់វិស័យកសិកម្ម វាផ្ដល់ប្រយោជន៍ច្រើនដល់អ្នកចិញ្ចឹមសត្វ ពេលយើងផ្ដល់ចំណីនេះដល់សត្វ យើងមិនបាច់បារម្ភអំពីកង្វះសារធាតុចិញ្ចឹម យើងមិនចាំបាច់ត្រូវការសារធាតុបំពេញបន្ថែមទៀត គឺគ្រាន់តែលាយជាមួយនឹងគ្រាប់ធញ្ញជាតិខ្លះទៅបានហើយ នេះជាសារសំខាន់មួយ ហើយ ១ទៀតយើងអាចផលិតវាជាជីសម្រាប់សម្លាប់មេរោគលើសពីនេះបើយើងចិញ្ចឹមត្រី ពពួកត្រីខ្លះយើងផ្ដល់តែចំណីនេះតែ ១មុខក៏វាអាចស៊ីបាន អញ្ចឹងវាសំខាន់សម្រាប់កសិកម្ម ហើយប្រសិនបើកសិករយល់ពីរឿងនឹងច្រើន គាត់មិនត្រូវចំណាយច្រើនលើចំណី។ មិនត្រឹមតែចំណេញដល់វិស័យកសិកម្មប៉ុណ្ណោះទេ ការចិញ្ចឹមរុយនេះក៏បានជួយដល់បរិស្ថានផងដែរ ដោយ សម្រាប់បរិស្ថានគឺយើងជួយបានច្រើន ប្រសិនបើនៅក្នុងភូមិឃុំ១ មានប្រជាជនត្រឹម ៥០០ គ្រួសារដែលមានកាកសំណល់ជាកុំប៉ុសច្រើន ពួកគាត់អាចយកសំណល់ទាំងនោះមកផ្គត់ផ្គង់កសិដ្ឋាន អញ្ចឹងហើយភូមិ ឬឃុំមួយនោះនឹងគ្មានសំរាមនោះទ»។ នេះបើតាមការរៀបរាប់របស់ម្ចាស់កសិដ្ឋាន BSF។
បើតាមម្ចាស់កសិដ្ឋានរូបនេះដដែល ដង្កូវប្រូតេអ៊ីននេះអាចក្លាយជាចំណីដ៏ល្អសម្រាប់សត្វចិញ្ចឹមដូចជា៖ មាន់ ទា ត្រី ជ្រូក កន្ធាយ អន្ទង់ និងត្រចៀកកាំជាដើម មិនត្រឹមតែប៉ុណ្ណោះវាក៏អាចជួយឲ្យសត្វទាំង នេះមានប្រូតេអ៊ីនខ្ពស់ និងមានសុខភាពល្អទៀតផង៕