អ៊ីតាលី បញ្ជាទិញនាវាចម្បាំងថ្មី៣គ្រឿងរំពឹងបង្កើនប្រតិបត្តិការកងទ័ពតាមជើងទឹក
ទីក្រុងរ៉ូម៖ កងកម្លាំងនាវាជើងទឹករបស់ប្រទេសអ៊ីតាលីកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ បានប្រកាសថានឹងបញ្ជាទិញនាវាចម្បាំងថ្មីៗចំនួន៣គ្រឿងបន្ថែមទៀតដោយសង្ឃឹមថានឹងអាចបង្កើនចំនួនទ័ពថ្មើរជើងដែលអាចប្រតិបត្តិការតាមផ្លូវទឹកដល់ទៅ១៧០០នាក់។
យោងតាមការបញ្ជាក់អះអាងដោយក្រុមមន្ត្រីយោធាជាមួយនឹងសារព័ត៌មាន The Defense News បានឲ្យដឹងថា នាវាចម្បាំងថ្មីដែលមានទំងន់រហូតទៅដល់ ១៦,៥០០តោន នឹងត្រូវដាក់ជំនួសនាវាតូចៗដែលធ្លាប់ប្រតិបត្តិការកន្លងមកហើយនាវាថ្មីទាំងនោះអាចបំពាក់ជាមួយនឹងកន្លែងចុះចតឧទ្ធម្ភាគចក្រផងដែរ ពោលគឺធ្វើយ៉ាងណាធានាឲ្យទ័ពជើងទឹកអ៊ីតាលីមានសមត្ថភាពក្នុងការផ្ទុកចំនួនទ័ពថ្មើរជើងប្រតិបត្តិការពីនាវាទៅកាន់ដីគោកមានចំនួនកើនឡើងច្រើនជាងមុន។
មេបញ្ជាការទ័ពជើងទឹកអ៊ីតាលីមួយរូបបានថ្លែងបែបនេះថា៖ ផែនការទិញនាវាថ្មីបន្ថែមលើកនេះនឹងអាចផ្តល់ឲ្យនូវកងកម្លាំងទ័ពជើងទឹករបស់យើងអាចធ្វើប្រតិបត្តិការប្រយុទ្ធកាន់តែមានប្រសិទ្ធភាពជាងមុន។
គួរឲ្យដឹងដែរថា អ៊ីតាលីបានដាក់ចេញនូវផែនការថវិកាសម្រាប់ចំណាយោធាលើនាវាចម្បាំងថ្មីនេះប្រមាណជា ១,៣ពាន់លានដុល្លារដែលក្នុងនោះនាវា២គ្រឿងក្នុងចំណោម៣គ្រឿងនឹងអាចដឹកជញ្ជូនមកឲ្យប្រទេសអ៊ីតាលីនៅក្នុងឆ្នាំ២០២៨ និង១គ្រឿងចុងក្រោយនឹងអាចទទួលបាននៅក្នុងឆ្នាំ២០៣១។
នាវាចម្បាំងថ្មីទាំងនោះគឺជានាវាដើរដោយថាមពលម៉ាស៊ូត មានល្បឿន ៣៦គីឡូម៉ែត្រក្នុងមួយម៉ោង និងធ្វើដំណើរបានចំងាយដល់ទៅ ៧,០០០ម៉ាល ឬប្រមាណជា ១១,២៦៥គីឡូម៉ែត្រហើយនាវានេះមានប្រវែងប្រមាណជា១៦០ម៉ែត្រនិងទទឹក២៩ម៉ែត្រដែលអាចផ្ទុកក្រុមនាវិកប្រមាណជា២០០នាក់ និងកងកម្លាំងយោធាថ្មើរជើងជំនាញដល់ទៅ៣០០នាក់៕