លោក Keisuke Honda សរសេរសំណេរលាអ្នកគាំទ្រកម្ពុជាទាំងក្ដុកក្ដួល
ភ្នំពេញ : កាលពីយប់ថ្ងៃពុធ ទី១០ ខែឧសភា ម្សិលមិញនេះ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានដឹកនាំប្រកួតចុងក្រោយទល់នឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតចុងក្រោយរបស់លោក ហុងដា មិនទទួលបានលទ្ធផលល្អនោះទេ ពោលគឺក្រុមជម្រើសជាតិកម្ពុជាបានបរាជ័យក្រោយថ្វីជើង ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ១ ទល់នឹង ២។ មែនទែនទៅ បើទោះបីជាកម្ពុជាឈ្នះការប្រកួតយប់មិញនេះ ក៏កម្ពុជា មិនអាចឡើងទៅវគ្គបន្តបានដែរ ដោយសារ មីយ៉ាន់ម៉ា បានយកឈ្នះ ហ្វីលីពីន ធ្វើឲ្យពួកគេមាន ៩ពិន្ទុ ខណៈកម្ពុជា មានតែ ៧ពិន្ទុប៉ុណ្ណោះ ប្រសិនបើឈ្នះ។
ភារៈកិច្ចរបស់លោក ហុងដា គឺត្រឹមស៊ីហ្គេម នេះ ហើយបន្ទាប់ពីកម្ពុជាហាលអាវត្រឹមវគ្គចែកពូល មានន័យថា នេះជាការប្រកួតចុងក្រោយហើយរបស់លោក ហុងដា។
ជុំវិញការចាកចេញដ៏សោកស្ដាយនេះ Keisuke Honda បានសរសេរសំណេរដ៏ក្ដុកក្ដួលជូនទៅក្រុមកីឡាករ និងអ្នកគាំទ្រកម្ពុជា ដោយសំណេរនោះមានន័យយ៉ាងដូច្នេះថា ៖« អរុណសួស្តី! ដូចអ្នកដឹងហើយថា គម្រោងរបស់ខ្ញុំក្នុងជម្រើសជាតិកម្ពុជាបានបញ្ចប់កាលពីយប់មិញ។ យើងចង់ធ្វើឱ្យអ្នករីករាយជាមួយនឹងលទ្ធផលល្អប្រសើរ ប៉ុន្តែយើងមិនអាចធ្វើវាបានទេ។ ក្នុងជីវិតរបស់យើងមិនមែនជាការសន្យានោះទេ ហើយការពិតពេលខ្លះវាពិបាកសម្រាប់ខ្ញុំក្នុងការទទួលយក។ ខ្ញុំមានអារម្មណ៍ដូចគ្នាជាច្រើនដងតាមរយៈការងាររបស់ខ្ញុំតាំងពីឆ្នាំ២០១៨។ ប៉ុន្តែ “អ្នក” គឺជាថាមពល និងក្តីសង្ឃឹមរបស់ខ្ញុំ នោះហើយជាមូលហេតុដែលខ្ញុំអាចបន្តគម្រោងរបស់ខ្ញុំរហូតដល់ទីបញ្ចប់។ ខ្ញុំចង់និយាយថាអរគុណអ្នកសម្រាប់អ្វីគ្រប់យ៉ាងក្នុងរយៈពេល ៥ ឆ្នាំមកនេះ។ អ្នកបានផ្តល់ឱ្យខ្ញុំ និងកីឡាករទាំងអស់នូវអ្វីៗជាច្រើន។ ខ្ញុំមានមោទកភាពចំពោះអ្នកទាំងអស់គ្នា។ ជាចុងក្រោយខ្ញុំចង់ប្រាប់អ្នកពីពាក្យនេះ។ មានក្តីសុបិន ធ្វើតាមក្តីសុបិន។ សូមអរគុណ ហើយជួបគ្នាម្តងទៀត! ពីខ្ញុំ Keisuke Honda»។
គួររំលឹកថា លោក Keisuke Honda បានចូលមកដឹកនាំក្រុមជម្រើសជាតិដំបូងកាលពីខែសីហា ឆ្នាំ២០១៨។ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ លោក Honda បានចាញ់ការប្រកួតបើកឆាករបស់គាត់ ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៣-១ ជាមួយម៉ាឡេស៊ី។
ក្នុងនាមជាប្រជាជនខ្មែរ សូមអរគុណលោក Keisuke Honda សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃ ទាំងថវិកា ទាំងស្មារតី ដើម្បីជួយអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជាអោយបានរីកចំរើន និងបានបន្សល់អនុស្សាវរីយ៍ស្នាដៃដែលជាគុណប្រយោជន៍អោយកម្ពុជា។
សូមជូនពរលោកទទួលបានសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យបន្តបន្ទាប់ទៀត៕