Close

Smiling Gecko៖ ជង្រុកនៃធនធានមនុស្សដ៏សំខាន់របស់កម្ពុជាទៅថ្ងៃអនាគត

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ សង្គម
Smiling Gecko៖ ជង្រុកនៃធនធានមនុស្សដ៏សំខាន់របស់កម្ពុជាទៅថ្ងៃអនាគត Smiling Gecko៖ ជង្រុកនៃធនធានមនុស្សដ៏សំខាន់របស់កម្ពុជាទៅថ្ងៃអនាគត

ជាការពិត បើទោះបីជាកម្ពុជាបានរួចផុតពីសង្គ្រាមស៊ីវិលអស់រយៈពេលជាង៤០ឆ្នាំមកហើយក្ដី ក៏ប៉ុន្តែ​យើងនៅតែត្រូវការពេលវេលាបន្ថែមទៀតក្នុងការកសាងខ្លួនឡើងវិញ។ ធនធានមនុស្ស និយាយ​ដោយឡែក ជាអ្វីដែលថ្នាក់ដឹកនាំបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ ដ្បិតថាវាជាប្រភពស្នូល នៃការអភិវឌ្ឍប្រទេសជាតិ។

ដើម្បីជាការរួមចំណែកក្នុងការកសាងធនធានមនុស្សដែលមានគុណភាពនៅកម្ពុជា អង្គការអន្តរជាតិ​ដែលមានឈ្មោះថា Smiling Gecko ឬ«តុកែញញឹម» បានបន្ថែមទីតាំងរបស់ខ្លួននៅប្រទេសកម្ពុជា កាលពីឆ្នាំ ២០១២។

អង្គការនេះបានបង្កើតជាបណ្ដុំសហគមន៍មួយដែលមានទំនាក់ទំនងវិលជុំជាមួយគ្នា ដើម្បីទ្រទ្រង់នូវ គោលដៅសំខាន់មួយគឺ ការអប់រំ។ អង្គការនេះមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង និងដែលលាតសន្ធឹង លើផ្ទៃដីចំនួន ១៥០ហិចតា។

នៅលើផ្ទៃដីទាំង ១៥០ហិចតានេះត្រូវបានគេបែងចែកជាតំបន់ផ្សេងៗគ្នា ហើយដែលតំបន់នីមួយៗបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយរបស់កម្ពុជា។ ក្នុងនោះ​រួមមាន តំបន់ដាំដុះដំណាំ តំបន់ចិញ្ចឹមសត្វ តំបន់ស្រះទឹកចិញ្ចឹមត្រី តំបន់រោងជាង តំបន់រីស៊ត និងសាលារៀននេះឯង។

ទីតាំងចិញ្ចឹមសត្វ ដាំដុះ ស្រះចិញ្ចឹមត្រី និងរោងជាងនេះ គឺជាប្រភពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កន្លែង ផ្សេងទៀត។ ដំណាំដែលដាំបានគឺជាដំណាំធម្មជាតិ​ មិនមានប្រើប្រាស់ជីគីមី និងដែលត្រូវបានប្រើ ប្រាស់សម្រាប់ទទួលភ្ញៀវនៅក្នុងរីស៊ត សម្រាប់ចម្អិនអោយសិស្ស ក៏ដូចជាបុគ្គលិកដែលបម្រើការងារនៅ ទីនោះផងដែរ។
រីឯចំណូលដែលទទួលបានពីរីស៊ត នឹងត្រូវយកទៅទ្រទ្រង់ការចំណាយផ្សេងៗនៅក្នុងសាលារៀន ក៏ដូចជាផ្នែកផ្សេងទៀត។
ក្នុងសាលារៀនឯណោះវិញ មានកុមារ៉ា កុមារី ប្រមាណជាង ៣០០នាក់ បានទទួលការបណ្ដុះ​បណ្ដាលអប់រំទៅតាមស្តង់ដារអ៊ឺរុប។ ពួកគេជាអ្នករស់នៅជុំវិញ​ស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង និងដែលសុទ្ធតែចេញពីក្រុម​គ្រួសារមានជីវភាពខ្វះខាត។

ការអប់រំដែលមានស្តង់ដារខ្ពស់នេះ មិនត្រឹមតែជាការផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការធានា​ថាក្មេងទទួលបានការមើលថែដិតដល់ទាំងផ្នែកសុខភាព សតិបញ្ញា ការកម្សាន្ដ និងការបណ្ដុះ​បណ្កាល ជំនាញបន្ថែម។ នេះបើតាមការលើកឡើងរបស់លោកស្រី Barbara Beaufait នាយិកានៃ SGC HISF Education Campus​​ ។

លោកស្រីបានបន្តថា៖ «ក្មេងច្បាស់ជាមិនអាចរៀនបានទេ ប្រសិនបើពួកគេហូបអាហារមិនគ្រប់គ្រាន់ ហើយក៏មិនអាចរៀនបានដែរប្រសិនបើពួកគេមានជំងឺណាមួយ ដូច្នេះអ្វីដែលពួកយើងធ្វើនៅទីនេះគឺ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សស្នូល ហើយច្បាស់ណាស់ពួកគេគឺជាធនធានដ៏សំខាន់សម្រាប់ ប្រទេសកម្ពុជាទៅថ្ងៃអនាគត។»

លោកស្រីបានឲ្យដឹងទៀតថា ក្មេងៗដែលមកសិក្សានៅទីនេះបានទទួលការមើលថែដូចជា មានការផ្ដល់​ជូនសម្លៀកបំពាក់ឯកសណ្ឋានសិស្ស មានច្រាស់ដុះធ្មេញម្នាក់មួយសម្រាប់ដែលនឹងត្រូវផ្លាស់ប្ដូរក្នុង​រយៈពេល៣ខែម្ដង មានបន្ទប់កាត់ក្រចក សិតសក់ សម្អាតខ្លួន និងទទួលទានអាហារមុននឹងចូល​រៀន។ ក្រៅពីនោះ ក៏មាននូវផ្នែកថែទាំសុខភាពពេញមួយតួខ្លួនទៅតាមកាលកំណត់ណាមួយ និងមានបញ្ចូលនូវជំនាញលេងតន្ត្រីជាដើម។

លោក Hannes Schmid ដែលជាស្ថាបនិកនៃអង្គការ Smiling Gecko Cambodia បានគូសបញ្ជាក់ឲ្យដឹងថា មូលហេតុដែលលោកស្វះស្វែងបង្កើតជាសហគមន៍ដូចបច្ចុប្បន្នក៏ព្រោះតែ លោកបានឃើញពីភាពខ្វះខាតនៃប្រជាជនកម្ពុជាដែលរស់នៅតាមតំបន់ដាច់ស្រយាល។ ហើយវិធីក្នុង​ការជួយដែលយូរអង្វែងគឺការផ្ដល់នូវការអប់រំដែលមានគុណភាពទៅកាន់កូនៗរបស់ពួកគេនេះឯង។

លោកបានសង្កត់ធ្ងន់ថា៖ «លើលោកនេះមិនមានក្មេងដែលកើតមកល្ងង់នោះទេ មានតែក្មេងដែលមិន​មានទទួលការមើលថែគ្រប់គ្រាន់ ដែលធ្វើឲ្យពួកគេមិនមានសមត្ថិភាពក្នុងការអភិវឌ្ឍន៍ខ្លួនដូចក្មេងដទៃ ហើយខ្ញុំជឿថាក្មេងៗដែលចេញពីអង្គការយើងទៅនឹងមានទាំងសមត្ថិភាព និងសុខភាពក្នុងការជួយឲ្យ ប្រទេសកម្ពុជាកាន់តែរីកចម្រើននាពេលអនាគត»៕

អត្ថបទទាក់ទង