Close

អាកាសចរស៊ិវិលចិនរំពឹងត្រឡប់មកដូចពេលវេលាមុនកូវីដវិញ ៧៥ ភាគរយ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាកាសចរស៊ិវិលចិនរំពឹងត្រឡប់មកដូចពេលវេលាមុនកូវីដវិញ ៧៥ ភាគរយ អាកាសចរស៊ិវិលចិនរំពឹងត្រឡប់មកដូចពេលវេលាមុនកូវីដវិញ ៧៥ ភាគរយ

ប៉េកាំង ៖ មន្ត្រីអាកាសចរស៊ីវិលរបស់ប្រទេសចិនកាលពីចុងសប្តាហ៍កន្លងមកបានធ្វើការអះអាងអំពីការព្យាករណ៍ទុកដ៏មានភាពវិជ្ជមានមួយចំពោះវិស័យធ្វើដំណើរតាមអាកាសរបស់ប្រទេសថានឹងអាចវិលត្រឡប់វិញដូចសម័យមុនកូវីដដល់ទៅ
៧៥ ភាគរយនៅក្នុងឆ្នាំ២០២៣ នេះ។

លោក Song Zhiyong ប្រធានផ្នែករដ្ឋបាលនៃអាកាសចរស៊ិវិលរបស់ប្រទេសចិនបានថ្លែងថា វិស័យហោះហើររបស់ចិននឹងអាចងើបឡើងវិញខ្លាំងដល់ចំណុចខ្ពស់បំផុតនៅក្នុងឆ្នាំនេះ ខណៈដែលចំនួននៃការហោះហើរឡើងវិញកាលពីឆ្នាំ២០២២ ដែលទទួលបានមានទំហំដល់ទៅ ៤៦.៣ ភាគរយនៃកម្រិតហោះហើរកាលពីសម័យមុនកូវីដ។

មន្ត្រីដដែលក៏បានបង្ហាញតួលេខជាផ្លូវការដែរថា កាលពីឆ្នាំកន្លងទៅនេះចំនួននៃភ្ញៀវធ្វើដំណើរតាមអាកាសនៅទូទាំងប្រទេសមានទៅដល់ ២៥០ លានជើងហោះហើរ ហើយក្នុងនោះមានទំហំទំនិញដែលបានដឹកជញ្ជូនតាមអាកាសដល់ទៅ ៦.០៨ លានតោនផងដែរ។

គួរឲ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២២ កន្លងមកនេះចំនួនអាកាសយានដ្ឋានដែលត្រូវបានសាងសង់ថ្មី និងផ្លាស់ប្តូរទីតាំងមានទៅដល់ ៨ កន្លែង ចំណែកឯចំនួនអាកាសយានដ្ឋានសរុបសម្រាប់តែវិស័យដឹកជញ្ជូនមានប្រមាណជា ២៥៤ កន្លែង ហើយអាកាសយានដ្ឋានសម្រាប់ដឹកភ្ញៀវធ្វើដំណើរធម្មតាមានទៅដល់៣៩៩ កន្លែង។

រំលឹកដែរថា កាលពីឆ្នាំ២០១៩ ជាពេលវេលាមុនកូវីដមកដល់ប្រទេសចិនមានចំនួនភ្ញៀវធ្វើដំណើរតាមជើងហោះហើរដល់ទៅ ១២ លានជើងហោះហើរជារៀងរាល់ខែប៉ុន្តែក្រោយមកវាបានធ្លាក់ចុះដល់ទៅ ៩៥ ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការរីករាលដាលវិរុសកូវីដ៕

អត្ថបទទាក់ទង