កំពង់ផែទឹកជ្រៅខេត្តកំពតតម្លៃប្រមាណ ១៥០០លានដុល្លារត្រូវបានចុះហត្ថលេខាពន្លឿនការសាងសង់
កំពង់ផែពហុបំណងកំពតត្រូវចុះហត្ថលេខាលើកិច្ចសន្យាពន្លឿនការសាងសង់រវាងក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក (KAMPOT LOGISTICS AND PORT COMPANY LIMITED) និងក្រុមហ៊ុន ឆាយណាហាប៊ើរអេនជីនារីង ខមភេនី អិលធីឌី CHINA HARBOUR ENGINEERING COMPANY LTD)
ក្រោមការអញ្ជើញជាសក្ខីភាពពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
កំពង់ផែពហុបំណងដែលបានចុះហត្ថលេខាសាងសង់នាឱកាសនេះ មានទីតាំងស្ថិតនៅភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សាងសង់លើផ្ទៃដីប្រតិបត្តិការទំហំ៦០០ហិកតា និងត្រូវបានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ២០២២ ហើយកំពុងពង្រីកជាបន្តបន្ទាប់ផងដែរ។
កំពង់ផែនេះជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក ដែលបច្ចុប្បន្ន កំពង់ផែនេះមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០ ០០០តោន ដល់ ១០០ ០០០តោន អាចចូលសំចតបាន។
ក្រុមហ៊ុនបានខិតខំក្នុងការពង្រីកកំពង់ផែនេះជាបន្តបន្ទាប់ និងបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ និងទាន់សម័យ ដើម្បីបង្កើនប្រតិបត្តិការអាជីវកម្ម ការនាំទំនិញចេញចូល ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបី ដែលអាចឱ្យធ្វើចំណេញទាំងពេលវេលា និងថវិកាដល់ពាណិជ្ជករ និងអ្នកវិនិយោគទុន។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពសេវាកម្មតាមរយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនសមត្ថភាពការងារ និងបន្តពង្រឹងសមត្ថភាពដល់កម្មករ និងបុគ្គលិកជំនាញ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីពន្លឿនប្រតិបត្តិការការងារ និងកាត់បន្ថយការប្រើប្រាស់ពេលវេលាសម្រាប់អតិថិជនផងដែរ៕