Close

កតិកាសញ្ញាការពារជាតិអាមេរិក-ហ្វាំងឡង់ នឹងអាចបង្កើនវត្តមាន F-35 កាន់តែច្រើន ក្បែរព្រំដែនរុស្ស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
កតិកាសញ្ញាការពារជាតិអាមេរិក-ហ្វាំងឡង់ នឹងអាចបង្កើនវត្តមាន F-35 កាន់តែច្រើន ក្បែរព្រំដែនរុស្ស៊ី កតិកាសញ្ញាការពារជាតិអាមេរិក-ហ្វាំងឡង់ នឹងអាចបង្កើនវត្តមាន F-35 កាន់តែច្រើន ក្បែរព្រំដែនរុស្ស៊ី

បរទេស ៖ កិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារ DCA ដែលកំពុងបន្តពិភាក្សារវាងអាមេរិកនិងប្រទេសហ្វាំងឡង់កំពុងក្លាយទៅជាឱកាសនៃការបង្កើនសកម្មភាពយោធារបស់អាមេរិកនៅក្នុងតំបន់ក្បែរទៅនឹងព្រំដែនជាមួយនឹងប្រទេសរុស្ស៊ី។

យោងតាមការចេញផ្សាយរបស់កាសែតក្នុងស្រុកប្រទេសហ្វាំងឡង់ Helsinki Sanomat បានរាយការណ៍កាលពីពេលថ្មីៗកន្លងមកនេះថា សំណើមួយចំនួននៅក្នុងកិច្ចព្រមព្រៀងនេះនឹងអាចអនុញ្ញាតផងដែរនូវការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធបែបយោធានៅក្នុងប្រទេស ហើយវានឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ហ្វាំងឡង់ក្នុងការបង្កើនវត្តមានយន្តហោះចម្បាំងប្រភេទ F-35 ផងដែរ។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសហ្វាំងឡង់ លោក Mikael Antell បានពោលថា ៖ មកដល់ពេលនេះ កិច្ចព្រមព្រៀងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែប្រសិនបើកិច្ចពិភាក្សាគ្នាជោគជ័យនោះវានឹងនាំឲ្យទៅដល់ការធានាបាននូវការបញ្ជាទិញបន្ថែមនូវយន្តហោះចម្បាំង F-35 កាន់តែច្រើនពីសហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថា កាលពីឆ្នាំកន្លងទៅរដ្ឋាភិបាលទីក្រុង Helsinki បានធ្វើការបញ្ជាទិញយន្តហោះចម្បាំងប្រភេទ F-35 ប្រមាណជា 64 គ្រឿងពីក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ដើម្បីយកមកជំនួសយន្តហោះជួរមុខចាស់ៗរបស់ខ្លួន F-18 Hornet ហើយជឿជាក់ថាការដឹកជញ្ជូនយន្តហោះទាំងនោះនឹងអាចធ្វើឡើងចាប់ពីឆ្នាំ២០២៦ខាងមុខនេះ។

គួររំលឹកដែរថា កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ សហរដ្ឋ​អាមេរិក និង​ហ្វាំងឡង់​បាន​ប្រកាស​ពី​ផែនការ​ចរចា​លើ​កតិកាសញ្ញា​មួយ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ទ្វេភាគីដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់នូវក្របខ័ណ្ឌ និងមូលដ្ឋានច្បាប់សម្រាប់កងកម្លាំងសហរដ្ឋអាមេរិកដើម្បីទទួលបានការចូលទៅក្នុងប្រទេស និងសម្រួលការប្រើប្រាស់មធ្យោបាយដែលបានព្រមព្រៀងគ្នាដើម្បីធ្វើសកម្មភាពសម្រាប់ការពារគ្នាទៅវិញទៅមករបស់ពួកគេ៕

អត្ថបទទាក់ទង