ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមបាល់ទាត់បុរសកម្ពុជា កាន់តែតិចក្រោយចាញ់ក្រុមមីយ៉ាន់ម៉ា
ក្រុមកីឡាបាល់ទាត់បុរសកម្ពុជាអាយុក្រោម២២ឆ្នាំ ស្ទេីរតែអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហហើយបន្ទាប់ពីបានប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ា ក្នុងលទ្ធផល ២ ទល់ ០ ក្នុងការប្រកួតនៃវគ្គជម្រុះពូល A នៃការប្រកួតព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅលើទីលានប្រកួតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីកញ្ចែរចាប់ផ្តើមការប្រកួតរបស់អាជ្ញាកណ្ដាលបានបន្លឺឡើង គេសង្កេតឃើញថា ក្រុមទាំពីរបានសម្រុកគ្នាទៅវិញទៅមក នឹងមានឱកាសស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ តែត្រូវបានអ្នកចាំទីទាំងសងខាងរារាំង។
ការប្រកួតដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ បានធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោកញ្រ្ជៀវយ៉ាងកងរំពង ដើម្បីជាលើកទឹកចិត្តដល់កីឡាករ តែទោះបីជាយ៉ាងណា សំឡេងហ៊ោកញ្ជ្រៀវប្រែជាស្ងប់ស្ងាត់ នៅពេលដែលកីឡាករ Hein Htet Aung របស់មីយ៉ាន់ម៉ា បានរកគ្រាប់ដំបូងឱ្យក្រុមរបស់ខ្លួននៅនាទីទី១២។ បន្ទាប់ពីរកគ្រាប់បាល់ដំបូងបានហើយ ក្រុមមីយ៉ាន់ម៉ា នៅតែបន្តវាយសម្រុកទៅលើក្រុមកម្ពុជា ដោយមិនទុកមុខឲ្យកម្ពុជា ដែលជាម្ចាស់ផ្ទះឡើយ។ លុះដល់នាទីទី៣៨ កីឡាករមីយ៉ាន់ម៉ា Thet Hein Soe បានរកគ្រាប់បាល់ទីពីរឱ្យក្រុមរបស់ខ្លួន ដោយប្រើក្បាច់ Bicycle Kick ហេីយចប់តង់ទីមួយ កក្រុមមីយ៉ាន់ម៉ានាំមុខកម្ពុជា ២ ទល់ ០។
លុះចូលដល់តង់ទី២ ក្រុមទាំងពីរបានព្យាយាមសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែមិនមានក្រុមណាអាចរកគ្រាប់បាល់បានឡើយ ដូច្នេះចប់ការប្រកួត កម្ពុជា ចាញ់ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២ ទល់នឹង ០។ មែនទែនទៅ ការប្រកួតជាមួយក្រុមកម្ពុជា នេះគេសង្កេតឃើញថា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ហាក់លេងបានល្អជាងការប្រកួតមុនៗជាមួយក្រុមទីម័រ និងហ្វីលីពីន ខណៈដែលការលេងរបស់ក្រុមកម្ពុជា ហាក់មានការថមថយបន្តិច នឹងខកខានឱកាសស៊ុតបញ្ចូលទីជាច្រើនលើកច្រើនសារ។
បន្ទាប់ពីចាញ់មីយ៉ាន់ម៉ានេះ ក្រុមជម្រើសជាតិកម្ពុជា កំពុងមានសម្ពោធយ៉ាងខ្លាំង ដោយដំបូងឡើយគិតថា កម្ពុជា អាចឡើងទៅវគ្គបន្តបាន ព្រោះអាចគេចផុតពីពូលមរណ តែទោះបីជាយ៉ាងណា បាល់មូលយេីងមិនអាចមើលឃើញទេ។
មានករណីពីរដែលកម្ពុជា អាចឡេីងទៅកាន់វគ្គបន្តបានទីមួយ គឺកម្ពុជា ដាច់ខាតត្រូវឈ្នះក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី នៅប្រកួតចុងក្រោយក្នុងពូល ហេីយមីយ៉ាន់ម៉ា ចាញ់ ហ្វីលីពីន។ ប៉ុន្តែបេីសិនជាមីយ៉ាន់ម៉ា ឈ្នះ ហ្វីលីពីន ទោះបីជាកម្ពុជា ឈ្នះ ឥណ្ឌូនេស៊ី ក៏ដោយ ក៏កម្ពុជា មិនអាចឡើងទៅវគ្គបន្តទៀតដែរ៕