Tesla បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតនៅលើទីផ្សារលំដាប់លេខរៀងទី៩
បរទេស៖ Tesla ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក ដែលបច្ចុប្បន្នមានលោក Elon Musk ជាអ្នកដឹកនាំ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាប្រិយភាពរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាលំដាប់ និងបានក្លាយជាក្រុមហ៊ុនមួយដែលមានតម្លៃថ្លៃបំផុតនៅលើទីផ្សារលំដាប់ទី៩។
យោងតាមរបាយការណ៍ចេញផ្សាយដោយទស្សនាវដ្ដី Forbes បានឱ្យដឹងថា ក្រុមហ៊ុន Tesla មានតម្លៃនៅលើទីផ្សារហូតដល់ ៥១០,៩ពាន់លានដុល្លារអាមេរិក និងបានឈរនៅលេខរៀងទី៩ ថែមទៀតផង ហើយបើធៀបទៅនឹងឆ្នាំមុនគឺបានកើនឡើងរហូតដល់ ៣១,៣៥ភាគរយ។
នៅឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុន Tesla រកចំណូលបាន ៨១,៤ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធចំនួន ១២,៥ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ ដោយលោក Martin Eberhard និង Marc Tarpenning ហើយនៅឆ្នាំ២០០៤ ក៏ទទួលបានលុយវិនិយោគប្រមាណជា ៧,៥លានដុល្លារអាមេរិក ដោយក្នុងនោះមាន ៦,៥លានដុល្លារអាមេរិកជារបស់លោក Elon Musk ហើយគិតត្រឹមដើមឆ្នាំ២០២៣នេះ លោកមានហ៊ុននៅក្នុងក្រុមហ៊ុនមួយនេះចំនួន ១៣,៤ភាគរយប៉ុណ្ណោះ៕