Close

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគី កើនឡើងប្រមាណ ៨០% គិតត្រឹមត្រីមាសទី ១ ឆ្នាំនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ សង្គម
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគី កើនឡើងប្រមាណ ៨០% គិតត្រឹមត្រីមាសទី ១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគី កើនឡើងប្រមាណ ៨០% គិតត្រឹមត្រីមាសទី ១ ឆ្នាំនេះ

ភ្នំពេញ ៖ គិតត្រឹមត្រីមាសទី១ នៃឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានប្រមាណ ៥២ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៨០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញ។

របាយការណ៍បានឱ្យដឹងថា ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ជាដើម។ រីឯកម្ពុជានាំចូលទំនិញសក្តានុពលពីតួកគី រួមមាន៖ វាយនភ័ណ្ឌ និងសម្លៀកបំពាក់ គ្រឿងម៉ាស៊ីន បរិក្ខាអគ្គិសនី យានយន្ត និងគ្រឿងបន្លាស់ រួមជាមួយនឹងវត្ថុផ្សេងៗធ្វើពីស្ពាន់ជាដើម។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា និងលោកស្រី Zöre AKŞAHİN ŞİMŞEK ទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគី កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើថា កាលានុវត្តភាពធុរកិច្ច និងបរិយាកាសវិនិយោគមានល្អប្រសើរសម្រាប់អ្នកវិនិយោគ ហើយលោកជំទាវបានលើកទឹកចិត្តនិងកៀងគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ-អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ចេក ជាដើម។

លោកជំទាវអគ្គរដ្ឋទូតបានលើកឡើងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម បានឈានដល់ចំណុចរបត់ថ្មីមួយពោពេញដោយថាមវ័ន្ត និងការសហការស្អិតរមួត។ ការណ៍នេះបានញ៉ាំងឱ្យតួកគីបញ្ជូនទីប្រឹក្សាពាណិជ្ជកម្មដំបូង និងបង្កើតការិយាល័យពាណិជ្ជកម្មប្រចាំកម្ពុជា ដែលនឹងចូលរួមចំណែកបន្ថែមក្នុងកិច្ចសម្របសម្រួលការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនោះ លោកស្រី ទីប្រឹក្សាពាណិជ្ជកម្ម បានប្តេជ្ញាចិត្តក្នុងការបន្តជំរុញកំណើនទំហំពាណិជ្ជកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងការចែករំលែកចំណេះដឹងតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធជាដើម។

បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានអបអរចំពោះភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី កាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅភ្នំពេញ និងបានឯកភាពជំរុញការអនុវត្តសកម្មភាពការងារដូចបានព្រមព្រៀងគ្នាក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំខាងលើ ព្រមទាំងកិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលបានចុះហត្ថលេខារួមគ្នាកន្លងមក។

ក្នុងនោះដែរ ភាគីទាំងពីរនឹងព្យាយាមបញ្ចប់នីតិវិធីចាំបាច់ផ្ទៃក្នុង ដើម្បីចាប់ផ្តើមធ្វើការសិក្សាអំពីសមិទ្ធិលទ្ធភាព មុននឹងឈានដល់ការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា-តួកគី នាពេលឆាប់ៗខាងមុខ សំដៅបម្រើដល់ផលប្រយោជន៍សង្គមជាតិនិងប្រជាពលរដ្ឋ រួមមាន អ្នកនាំចេញ-នាំចូល ពាណិជ្ជករ អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន៕

អត្ថបទទាក់ទង