Close

អាមេរិក និងហ្វីលីពីន ប្តេជ្ញាការពារគ្នាគ្រប់ទីកន្លែងសូម្បីនៅសមុទ្រចិនខាងត្បូង

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិក និងហ្វីលីពីន ប្តេជ្ញាការពារគ្នាគ្រប់ទីកន្លែងសូម្បីនៅសមុទ្រចិនខាងត្បូង អាមេរិក និងហ្វីលីពីន ប្តេជ្ញាការពារគ្នាគ្រប់ទីកន្លែងសូម្បីនៅសមុទ្រចិនខាងត្បូង

បរទេស ៖ ក្រោយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinad Marcos Jr. កាលពីសប្តាហ៍មុនទៅកាន់រដ្ឋធានីវ៉ាស៊ិនតោនសហរដ្ឋអាមេរិកហើយនោះ ភាគីទាំងពីរបានឈានទៅដល់ការប្រកាសរួមគ្នាសាជាថ្មីអំពីយុទ្ធសាស្ត្រនៃការធ្វើឲ្យកាន់តែប្រសើរឡើងនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគ្នាជាពិសេសចំពោះបញ្ហាតានតឹងជាមួយនឹងការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយអ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោនបានសរសេរថា៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Lloyd Austin និងប្រធានាធិបតី Marcos បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងហ្វីលីពីនក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកកាលពីឆ្នាំ១៩៥១ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេដើម្បីការពារប្រឆាំងនឹងការវាយប្រហារដោយប្រដាប់អាវុធណាមួយទោះបីជាមកលើយន្តហោះ នាវាស៊ីវិល និងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេក្តី និងនៅគ្រប់ទីកន្លែងរួមទាំងនៅសមុទ្រចិនខាងត្បូងផងដែរ។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា៖​មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីវិធីក្នុងការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀតដែលរួមមានទាំងប្រទេសអូស្ត្រាលី និងជប៉ុនផងដែរ ដើម្បីពង្រឹងគោលការណ៍រួមគ្នា រួមទាំងនីតិរដ្ឋ សេរីភាពនៃសមុទ្រ និងការគោរពអធិបតេយ្យភាពដែនដីរវាងគ្នា។

កន្លងមកប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការប្តេជ្ញាចិត្តក្នុងការជួយការពារ និងគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួនជានិច្ចក្នុងអំឡុងពេលដែលលោកកំពុងបានស្វាគមន៍ លោក Marcos នៅឯសេតវិមាន និងត្រូវបានគេមើលឃើញថាវាគឺជាការឆ្លើយតបទៅនឹងសកម្មភាពជាញឹកញាប់បំពានដោយយោធារបស់ប្រទេសចិនចំពោះប្រទេសហ្វីលីពីននៅក្នុងដែនសមុទ្រចិនខាងត្បូង។

គួរឲ្យដឹងដែរថា ក្នុងគ្រាជំនួបនោះផងដែររដ្ឋាភិបាលអាមេរិកក៏បានប្រកាសដែរថានឹងបញ្ជូនយន្តហោះដឹកជញ្ជូនបែបយោធាប្រភេទ G-130H ចំនួន៣គ្រឿងទៅឲ្យហ្វីលីពីនព្រមទាំងនាវាឃ្លាំមើលប្រភេទ Island-class ចំនួន២គ្រឿងនិងនាវាឃ្លាំមើលប្រភេទ Protector-class ចំនួន២គ្រឿងផ្សេងទៀតផងដែរ៕

អត្ថបទទាក់ទង