គ្រាន់តែរក្សាព្រៃកោងកាង ពលរដ្ឋស្រុកព្រៃនប់រកចំណូលបានជាមធ្យម ៨ម៉ឺនរៀលក្នុងមួយថ្ងៃ
ជាការពិត ព្រៃកោងកាងមានសារៈសំខាន់ណាស់សម្រាប់ជីវៈចម្រុះ និងជាទីជម្រកដ៏ត្រជាក់របស់បណ្តាសត្វដែលរស់នៅក្នុងទឹក។ បន្ថែមពីនេះ ក្រៅតែពីជាទីជម្រកសត្វទឹកប្រៃ ដោយកោងកាងក៏ជួយបង្កើតទេសភាពបៃតងនៅលើផ្ទៃទឹកសមុទ្រតាមមាត់ព្រែកដ៏ត្រកាល នាំយកនូវខ្យល់បរិសុទ្ធដល់ការរស់នៅរបស់មនុស្ស សត្វ ជាពិសេស ជួយការពារនូវការបាក់ស្រុត និងរលកសមុទ្រតាមរយៈឬសដ៏រឹងមុំារបស់វា។ ដោយឡែក នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯណោះវិញ ប្រជាពលរដ្ឋនៅក្នុងតំបន់ថែមទាំងអាចរកបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព តាមរយៈការចិញ្ចឹមងាវភក់ ដោយដាក់ឲ្យវារស់នៅក្រោមដើមកោងកាងទាំងនេះផងដែរ។
អ្នកស្រី ឡេ ហាត់សះ ដែលជាអ្នកចិញ្ចឹមងាវភក់មួយរូបបានរៀបរាប់ថា អ្នកស្រី និងគ្រួសារអាចរកងាវភក់ចេញពីក្នុងសមុទ្រ ឬទិញពីគេមក បន្ទាប់មកយកងាវ ទាំងនោះទៅដាក់ចិញ្ចឹមក្នុងស្រះ ឬប្រឡាយ ដែលបានជីកនៅក្នុងព្រៃកោងកាង រង់ចាំដល់ងាវធំបន្តិច ក៏អាចប្រមូលលក់យកចំណូល។
អ្នកស្រីបន្តថា ការជីកស្រះនេះ គឺធ្វើឡើងដោយគ្រាន់តែជីកដីទប់ទឹកកុំឲ្យហូរចូល ប៉ុណ្ណោះ ដោយហេតុថាដីនៅជុំវិញព្រៃកោងកាងនេះ ជាសម្បត្តិរួមរបស់សហគមន៍។
បើតាមការបញ្ជាក់បន្ថែមរបស់អ្នកស្រី មុខរបរចិញ្ចឹមងាវភក់នេះ គ្រាន់តែជារបរបន្ទាប់បន្សំប៉ុណ្ណោះ ដោយគ្រួសារអ្នកស្រីក៏មានមុខរបរជាអ្នកនេសាទផងដែរ។ ប៉ុន្តែយ៉ាងណា របរបន្ទាប់បន្សំនេះ បានផ្ដល់ចំណូលយ៉ាងសមគួរដល់អ្នកស្រី និងក្រុមគ្រួសារ ជាពិសេសអាចជួយបង្កើនជីវភាពបានមួយកម្រិតទៀតផងដែរ។
អ្នកស្រី ឡេ ហាត់សះ បានបញ្ជាក់ថា ៖ «ងាវនេះ ពេលលក់ឲ្យគេ លក់មួយគីឡូ ២៥០០រៀល ហើយខ្ញុំលក់ចេញក្នុងមួយថ្ងៃបានពី ២០ ទៅ៣០គីឡូ ហើយការលក់នេះទៀតសោត មិនលំបាកនោះទេ ដោយទីផ្សារគឺមាននៅក្នុងភូមិស្រាប់។ មានន័យថា រកមកបានប៉ុណ្ណា គឺលក់អស់ ព្រោះមានអ្នកចាំទិញយកនៅក្នុងភូមិតែម្ដង»។
យ៉ាងណាក៏ដោយ ថ្វីត្បិតថា ការចិញ្ចឹមងាវធ្វើឡើងត្រឹមតែជាលក្ខណៈគ្រួសារ ក៏ប៉ុន្តែចំណូលទាំងនេះគឺបានមកដោយងាយស្រួលជាងការនេសាទក្នុងសមុទ្រ ព្រោះថាគ្រួសារអ្នកស្រីមិនបានចំណាយថវិកា ឬកម្លាំងក្នុងការដាក់ចំណីឲ្យងាវទាំងនោះទេ ហើយតាមរយៈលទ្ធផលទាំងនេះ បាននាំឲ្យប្រជាជនដែលរស់នៅក្នុងសហគមន៍ចាប់ផ្ដើមប្រកបរបរនេះជាបន្តបន្ទាប់ផងដែរ។
ជាមួយនឹងបទពិសោធន៍ក្នុងការចិញ្ចឹមងាវភក់ជាង ១០ឆ្នាំមកនេះ អ្នកស្រី ហាត់សះ បានប្រាប់ឲ្យដឹងថា ដើមហេតុដំបូងគឺផ្តើមចេញពីមន្ត្រីជលផល ដែលឲ្យពូជងាវភក់នេះទៅកាន់ប្រជាសហគមន៍ចិញ្ចឹម ដើម្បីបង្កើនចំណូលបន្ថែមពីការនេសាទ ជាពិសេសដើម្បី គៀរកការចូលរួមថែរក្សាព្រៃកោងកាងឲ្យបានគង់វង្ស ហើយប្រជាសហគមន៍ក៏បន្តចិញ្ចឹមងាវភក់រហូតមកដល់ពេលបច្ចុប្បន្ន៕