ពលរដ្ឋនៅរមណីយដ្ឋានកាំពី ស្នើឲ្យមានការចូលរួមការពារសត្វផ្សោតឲ្យកាន់តែច្រើន ខណៈសេដ្ឋកិច្ចពួកគេពឹងផ្អែកលើវិស័យសេវាកម្ម
ខណៈដែលវត្តមានសត្វផ្សោតទូទាំងពិភពលោកកាន់តែខ្សត់ទៅៗ ការការពារក៏ទាមទារឲ្យមានការរិតបន្ទឹងកាន់តែខ្លាំង ខណ:កម្ពុជាមានសត្វផ្សោតចំនួន៨៩ក្បាល ដែលសត្វផ្សោតទាំងនេះបានក្លាយទៅជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនដែលរស់នៅជុំវិញតំបន់នោះ។
ចំណូលដ៏សំខាន់មួយដែលប្រជាជនអាចរកបានគឺ ពីការបម្រើសេវាកម្មទេសចរណ៍។ សព្វថ្ងៃតំបន់រមណីដ្ឋានអន្លង់ផ្សោតកាំពី ជាតំបន់ដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចជិតឆ្ងាយ ទៅលេងកម្សាន្ដ ជាពិសេស ជិះទូកទៅមើលសត្វផ្សោតនៅកំពុងរស់នៅក្នុងអន្លង់ទាំងនោះ។
ប៉ុន្តែទន្ទឹមនឹងនោះ ការស្លាប់ជាបន្តបន្ទាប់របស់សត្វផ្សោត ក៏បានបង្ករជាការព្រួយបារម្ភដល់ប្រជាជន ក្នុងតំបន់ ថាពួកគេអាចនឹងបាត់បង់ចំណូលទៅថ្ងៃខាងមុខ។ ដោយការព្រួយបារម្ភនេះ ពួកគេបាន សំណូមពរឲ្យមានការចូលរួមទាំងអាជ្ញាធរ ទាំងប្រជាជនក្នុងស្រុកផ្ទាល់ដែលប្រកបរបរនេសាទ។
លោក រស់ ស៊ីផុន ដែលជាអាជីវករលក់ដូរនៅរមណីយដ្ឋានកាំពី បានរៀបរាប់ថា៖ «បើមានសត្វ
ផ្សោតកាន់តែច្រើន និងមានភ្ញៀវមកកាន់តែច្រើនដូចគ្នា ពលរដ្ឋក៏មានការងារធ្វើ មិនចាំបាច់ចំណាកស្រុក នៅធ្វើតែវត្ថុអនុស្សាវរីយក៏លក់បានដែរ»។
ឈររៀបរាប់ពីមុខហាងលក់វត្ថុអនុស្សាវរីយ៍ លោក រស់ ស៊ីផុន បន្តថាសេដ្ឋកិច្ចអ្នករស់នៅទីនេះពឹងផ្អែកលើវិស័យទេសចរណ៍ច្រើន ដូច្នេះអ្វីដែលគួរធ្វើគឺ ចូលរួមការពារសត្វផ្សោតឲ្យបន្តមានវត្តមានកាន់តែច្រើនបន្តទៀត។
លោក សួរ សុជា ដែលជាអ្នកចម្លងទូកទេសចរណ៍នៅរមណីយដ្ឋានកាំពីឯណោះវិញ បានរៀបរាប់ថា ជារឿយៗតែងមានករណីផ្សោតជាប់ម៉ង ឬឆក់ដោយឧបករណ៍នេសាទខុសច្បាប់ ដូច្នេះហើយបានជា ផ្សោតចេះតែថយចុះ។
ប៉ុន្តែបើសិន ទាំងអស់គ្នា រួមគ្នាការពារ ផ្សោតនឹងផ្ដល់ជាផលប្រយោជន៍ដលល់ពួកគេវិញ ដែលផលទាំងនោះរួមមាន៖ «ផ្សោតនៅក្នុងតំបន់នេះមានប្រយោជន៍ច្រើនណាស់ ទី១ដល់ប្រជាជនភូមិខ្ញុំ ភ្ញៀវទេសចរមក គេធ្វើវត្ថុអនុស្សាវរីយលក់ ទី២ជួយដល់អ្នកខ្វះខាតដូចជារូបខ្ញុំក្ដី ចែវទូកជូនភ្ញៀវមើលសត្វផ្សោត អីចឹងបានប្រាក់មកសម្រាប់ទ្រទ្រង់ជីវភាពដែរ»។
តាមរយៈរបាយការណ៍ជំរឿនសត្វផ្សោតកាលពីឆ្នាំ ២០២០ បានឲ្យដឹងថាកម្ពុជាមានផ្សោតចំនួន ៨៩ក្បាល ដោយចំនួននេះមិនរាប់បញ្ចូលនូវផ្សោតកើតថ្មីនោះទេ។ ឆ្លើយតបទៅនឹងរឿងនេះ រដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូបានកំណត់តំបន់ការពារសត្វផ្សោត ទន្លេមេគង្គប្រវែង ១២០គីឡូម៉ែត្រ ព្រមជាមួយវិធានការទប់ស្កាត់លើសកម្មភាពទាំងឡាយណា ដែលគម្រាមកំហែងដល់ដល់សុខសុវត្ថិភាពរបស់សត្វផ្សោត៕