Close

ចំណតផែកុងតឺន័រថ្មីតម្លៃជិត ១០០០ លានដុល្លារនៅកម្ពុជានឹងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំពីគ្រប់តំបន់លើពិភពលោកចូលចតបាន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ សង្គម
ចំណតផែកុងតឺន័រថ្មីតម្លៃជិត ១០០០ លានដុល្លារនៅកម្ពុជានឹងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំពីគ្រប់តំបន់លើពិភពលោកចូលចតបាន ចំណតផែកុងតឺន័រថ្មីតម្លៃជិត ១០០០ លានដុល្លារនៅកម្ពុជានឹងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំពីគ្រប់តំបន់លើពិភពលោកចូលចតបាន

ព្រះសីហនុ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ជំហានជាបន្តបន្ទាប់ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៩៧៣ លានដុល្លារអាមេរិក កម្ពុជានឹងប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ក្នុងតំបន់ ហើយនឹងអាចទទួលនាវាកុងតឺន័រធុនធំមិពីគ្រប់តំបន់នៅក្នុងពិភពលោកឱ្យចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ ខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន (១៩៥៣-២០២៣) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន និងកំពុងរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ តាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវបរិមាណទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ ដែលធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។ ជាក់ស្ដែង បរិមាណទំនិញឆ្លងកាត់នៅឆ្នាំ២០២២ មានចំនួនប្រមាណ ៧ លានតោន កើនឡើង ០,១៨% និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤ ប៊ីលានរៀល (ប្រមាណ ៨៤លានដុល្លារ អាមេរិក) កើនឡើង ០,៤១% បើធៀបនឹងឆ្នាំ២០២១។

ពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមាន៖ (១). ចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ (គម្រោងសាងសង់ចំនួន ១៨ខែ) នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប ដែលអាចជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។

default

(២). ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០DWT (ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។

(៣). ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០.០០០TEUs/១ឆ្នាំ។

(៤). ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ (គម្រោងសាងសង់ចំនួន ៤២ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧.០០០ TEUs/១ឆ្នាំ។

គម្រោងទាំង៣នេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣ លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក។

ដោយផ្អែកតាមការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាននេះ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច(Feeder Port) ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ(Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវ ដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក ទៀតឡើយ។ គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ច(EIRR) ប្រមាណ ២៣,៣% និងផលប្រយោជន៍ហិរញ្ញវត្ថុ(FIRR) ប្រមាណ ៧,៧% ផងដែរ។

អត្ថបទទាក់ទង