ថៃទើបទទួលបាននាវាចម្បាំងមួយគ្រឿងដែលបញ្ជាទិញពីប្រទេសចិន
បរទេស ៖ នាវាចម្បាំងប្រភេទ amphibious assault ship ដែលប្រទេសថៃទើបតែបានធ្វើការបញ្ជាទិញពីប្រទេសចិនកាលពីសប្តាហ៍កន្លងមកនោះគឺបានដឹកជញ្ជូនមកដល់ផែភាគខាងត្បូងនៃប្រទេសថៃហើយ ហើយក៏បានរៀបចំកម្មវិធីប្រគល់ជាផ្លូវការរួចរាល់ផងដែរ។
នាវាចម្បាំងដែលមានឈ្មោះថា HTMS Chang គឺជាម៉ូដេល 071E landing platform dock ហើយវាបានធ្វើដំណើរមកដល់ផែ Chuk Samet នៃមូលដ្ឋានទ័ពជើងទឹកថៃ Sattahip Naval Base ដែលស្ថិតនៅក្នុងខេត្ត Chonburi ភាគខាងត្បូងនៃប្រទេសកាលពីថ្ងៃទី២៥ ខែមេសាកន្លងមកនេះ។
នាវាចម្បាំងនេះបានធ្វើដំណើរចាកចេញពីរោងចក្រផលិតនាវារបស់ប្រទេសចិន Hudong-Shonghua ដែលស្ថិតនៅទីក្រុងសៀងហៃតាំងតែពីថ្ងៃទី១៨ ខែមេសា ហើយគេក៏បានដឹងដែរថានាវាចម្បាំងនេះគឺជាផលិតផលរបស់ក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន China State Shipbuilding Corp ហើយវាបានធ្វើដំណើរឆ្លងកាតតាមច្រកសមុទ្រនៃកោះតៃវ៉ាន់។
គួរឲ្យដឹងដែរថា ម៉ូឌែល 071E គឺសម្រាប់នាំចេញមានប្រភពដើមមកពីម៉ូឌែល 071 ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការនៅក្នុងជួរកម្លាំងកងទ័ពជើងទឹករបស់ប្រទេសចិន។ម៉ូឌែលនេះត្រូវបានឌីសាញឡើងជាមួយនឹងប្រវែងសរុបដល់ទៅ ២១០ ម៉ែត្រនិងកំពស់ ២៨ ម៉ែត្រ ហើយមានទំងន់ទាំងតួខ្លួននិងផ្ទុកសរុបដល់ទៅ ២៥,០០០ តោន។
កាលពីប៉ុន្មានឆ្នាំមុន បាងកកប៉ុស្តិ៍ធ្លាប់បានចេញផ្សាយថា នាវាចម្បាំងដែលអាចផ្ទុកយន្តហោះចម្បាំង ៤ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ២ កន្លែងនេះអាចមានតម្លៃប្រមាណជា ២០០.៧ លានដុល្លារ ប៉ុន្តែមានសារព័ត៌មានក្នុងស្រុកផ្សេងទៀតបានបញ្ជាក់ថា ការឌីសាញរបស់ចិនសម្រាប់ HTMS Chang នឹងមានតម្លៃត្រឹមតែ ១៣០ លានដុល្លារប៉ុណ្ណោះ៕