Close

អាមេរិកសម្រេចបញ្ជូននាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរច្រើនគ្រឿងទៅកូរ៉េខាងត្បូង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកសម្រេចបញ្ជូននាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរច្រើនគ្រឿងទៅកូរ៉េខាងត្បូង អាមេរិកសម្រេចបញ្ជូននាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរច្រើនគ្រឿងទៅកូរ៉េខាងត្បូង

បរទេស៖ សហរដ្ឋអាមេរិកក្រោយមើលឃើញថាការធ្វើតេស្តគ្រាប់មីស៊ីលជាច្រើនលើកច្រើនសារពីសំណាក់កូរ៉េខាងជើងនោះ នៅទីបំផុតបានសម្រេចចិត្តក្នុងការបញ្ជូននាវាមុជទឹកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រឿងទៅកាន់ប្រទេសកូរ៉ខាងត្បូងហើយ។

ក្រុមមន្ត្រីរដ្ឋាភិបាលបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយនាវាមុជទឹកដែលអាចបំពាក់អាវុធនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូងក្នុងគោលបំណងសំខាន់រារាំងការគំរាមកំហែងពីកូរ៉េខាងជើងផង និងពីការបាញ់មីស៊ីលបន្ថែមទៀតផង។

ក្នុងន័យនេះគេមើលឃើញថា ការដាក់ពង្រាយខាងលើក៏ទំនងជាមានគោលបំណងធានាដល់សាធារណជនជាប្រជាពលរដ្ឋកូរ៉េខាងត្បូងផងដែរ ដែលថ្មីៗនេះពួកគេបានទទួលព័ត៌មានបែកធ្លាយជាច្រើនដែលអាចអះអាងបានថា សហរដ្ឋអាមេរិកពិតជាកំពុងតែធ្វើចារកម្មលើរដ្ឋាភិបាលរបស់ពួកគេ។

ក្រុមមន្ត្រីបាននិយាយនៅក្នុងការអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិកទៀតដែរថា ផែនការនេះនឹងត្រូវបានប្រកាសជាផ្លូវការដោយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងសមភាគីកូរ៉េខាងត្បូងលោកប្រធានាធិបតី Yoon Suk-yeol នៅសេតវិមាននៅថ្ងៃពុធ។

ក្នុងនោះផងដែរ មេដឹកនាំទាំងពីរនាក់ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើនការចែករំលែកព័ត៌មានសម្ងាត់ និងសមយុទ្ធយោធារួមគ្នា ខណៈដែលសហរដ្ឋអាមេរិកនឹងបញ្ជូននាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅកូរ៉េខាងត្បូងជាបន្តបន្ទាប់៕

អត្ថបទទាក់ទង