អាងត្រពាំងថ្ម រមណីយដ្ឋានប្រវត្តិសាស្ត្រ និងជាអាងស្តុកទឹកសម្រាប់ដំណាំប្រជាកសិកររាប់ម៉ឺនហិកតា
អាងត្រពាំងថ្ម គឺជាឈ្មោះតំបន់ការពារទេសភាព ដែលស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានចម្ងាយ ៦៦គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន អាងត្រពាំងថ្មជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមួយ ជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ សត្វស្លាបជិតផុតពូជ ព្រមទាំងមានលទ្ធភាពអាចស្តុកទឹកបានចំនួន១៨០លានម៉ែត្រគូបនៅរដូវវស្សា និង ១២០លានម៉ែត្រគូបនារដូវប្រាំង។
អាងទឹកដ៏ឆ្ងាយដាច់កន្ទុយភ្នែកនេះ ជាប្រព័ន្ធធារាសស្រ្តដ៏មានសក្តានុពលទៅដល់ដំណាំស្រែចំការរបស់ប្រជាកសិករដែលរស់នៅជុំវិញតំបន់នេះ ដែលអាចស្រោចស្រពលើផ្ទៃដីស្រូវវស្សាទំហំ ២៥,០០០ហិកតា និងស្រែប្រាំងទំហំ ១២,០០០ហិកតា និងជាអាងរំដោះទឹកទំនន់របស់ស្រុកភ្នំស្រុក និងស្រុកថ្មពួកផងដែរ។
ទិដ្ឋភាពនៃអាងទឹកដ៏ធំ លាតសន្ធឹងលើផ្ទៃជាច្រើនហិកតា អមព័ទ្ធជុំវិញដោយវាលស្រែប្រជាពលរដ្ឋ បានបង្កើតជាទស្សនីយភាពដ៏ស្រស់ស្អាត ដែលអាចទាក់ទាញភ្ញៀវទៅទស្សនាតំបន់នេះឥតដាច់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អាងទឹកនេះបានផ្ដល់នូវជម្រកដ៏ល្អសម្រាប់ត្រីជាច្រើនប្រភេទ ទៀតផង។
ប្រជាជនក្នុងតំបន់ក៏អាចទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍ ដោយការផ្ដល់សេវាកម្ម ម្ហូបអាហារជាដើម។ រាល់ពេលមានពិធីបុណ្យនានា ឬថ្ងៃឈប់សម្រាក ភ្ញៀវទាំងក្នុងស្រុក និងក្រៅស្រុកតែងនិយមទៅទស្សនា បរិភោគម្ហូបអាហារ សម្រាកលំហែកាយជាដើម។
យ៉ាងណាមិញ អាងទឹកមួយនេះក៏ជាតំបន់ប្រវត្តិសាស្ត្រមួយដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហមផងដែរ។ ប្រជាជនខ្មែររាប់រយនាក់ បានស្លាប់បាត់បង់ជីវិតដោយការធ្វើការហួសកម្លាំង ដើម្បីសាងសង់ទំបន់មួយសម្រាប់ស្រោចស្រពដំណាំកសិកម្ម។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំទៅ ទំនប់នេះបានទទួលការកែលម្អជាថ្មី ដោយប្រើប្រាស់ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងថវិការាជរដ្ឋាភិបាល ដែលមានចំនួនសរុប ៤៥លានដុល្លា និងបានប្រែក្លាយទៅជាអាងស្តុកទឹកសម្រាប់បម្រើឲ្យវិស័យកសិកម្មយ៉ាងពេញលេញ៕