Close

ប្រទេសមហាអនុតំបន់មេគង្គ ជួបប្រជុំគ្នាសំដៅស្ដារវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ សង្គម
ប្រទេសមហាអនុតំបន់មេគង្គ ជួបប្រជុំគ្នាសំដៅស្ដារវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរ ប្រទេសមហាអនុតំបន់មេគង្គ ជួបប្រជុំគ្នាសំដៅស្ដារវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរ

កិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ ដែលមានកម្ពុជាជាម្ចាស់ផ្ទះរៀបចំ បាន និងកំពុងធ្វើឡើងនៅលើទឹកដីខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងស្ថាប័នជាតិ​ទេសចរណ៍​នៃប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ព្រមទាំងតំណាងធនាគា​អភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូរ​ពាក់ព័ន្ធ​នានាចំនួន ១០០រូប។

កិច្ចប្រជុំនេះ បានផ្ដោតលើប្រធានបទសំខាន់ៗចំនួន៤គឺ៖ ទី១ ផ្ដោតលើការបង្ហាញពីស្ថានភាព​ទេសចរណ៍​បច្ចុប្បន្ន រវាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ទី២ ផ្ដោតលើសកម្មភាពអនុវត្ត​ការងាររបស់ការិយាល័យ​សម្របសម្រួលទេសចរណ៍មេគង្គ​ ទី៣ ផ្ដោតសំខាន់លើគម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកប​ដោយបរិយាប័ន្នវគ្គ២ (GIIT2) និងទី៤គឺជាការបង្ហាញ​ពត៌មាន​របស់មជ្ឈមណ្ឌលជប៉ុន-អាស៊ាន អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។


ជាលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ ប្រទេសជាសមាជិកបានពិភាក្សាចំនុចមួយ ចំនួនដូចជា៖ ស្ថានភាពទេសចរណ៍ក្រោយវិបត្តិកូវីដ១៩ ការផ្តល់ពត៌មានអំពីប្រភេទទិដ្ឋាការ និងកិច្ច​សហប្រតិបត្តិការវាងប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ (GMS)។
ក្នុងនោះ កម្ពុជាបានលើកឡើង​អំពីការកើនឡើងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របពេល​ដែលប្រទេសកម្ពុជា​គ្រោងធ្វើជា​ម្ចាស់ផ្ទះរៀបចំ SEA GAME និង PARA Game ឆ្នាំ២០២៣ ក៏ដូចជា​បានបង្ហាញពីលទ្ធផល​អនុវត្ត​ផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ២០២០-២០២៥​ផងដែរ។

បន្ថែមពីនោះ កម្ពុជាក៏បានបង្ហាញអំពីទីផ្សារអាទិភាពសម្រាប់ឆ្នាំ២០២៣ ជាពិសេស ដោយផ្ដោតជាពិសេសលើ ឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣ ក្រោមប្រធានបទ «ជារៀងរាល់ថ្ងៃ គឺអច្ឆរិយៈភាព (Every day is a Wonder)»។

ក្នុងកិច្ចប្រជុំដដែលនេះ អង្គប្រជុំក៏បានពិភាក្សាអំពីលទ្ធផលគម្រោងហេដ្ឋារចនា​សម្ព័ន្ធប្រកប​ដោយ​បរិយាប័ន្នវគ្គទី២ រវាងប្រទេសចំនួន០៣ គឺប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ។ ក្នុងនោះ កម្ពុជាក៏បានបង្ហាញពីលទ្ធផលគម្រោងវគ្គទី២ ដោយមានគម្រោងចំនួន០៤ ក្នុងខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។ ដែលគម្រោងទាំងនេះ ផ្តោតលើការខិតខំជំរុញលើការអនុវត្តគម្រោង​កសាងហេដ្ឋារចនា​សម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន (TIIG) នៅតំបន់ឆ្នេរសមុទ្រ ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែចម្លងកោះទន្សាយខេត្តកែប និងកំពង់ផែទេសចរណ៍ខេត្តកំពត ការអនុវត្ត​ស្តង់ដាទេសចរណ៍​អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។


អង្គប្រជុំក៏បានពិភាក្សាលម្អិតអំពីលទ្ធផលដែលបានអនុវត្តកន្លងមករបស់ប្រទេសទាំង៦ក្នុងតំបន់មហាអនុតំបន់មេគង្គ និងផែនការសកម្មរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ដើម្បីអនុវត្តផែនការស្តារទំនាក់ទំនងឡើងវិញវិស័យទេសចរណ៍ឆ្នាំ២០២០-២០២៥ផងដែរ។

ជាចុងក្រោយ តំណាងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការខិតខំ​របស់ប្រទេស​ជាសមាជិកមហាអនុតំបន់មេគង្គ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ ជាពិសេសការ​ពង្រឹង​ទំនាក់ទំនងក្នុងតំបន់ ក្នុងនោះធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រដល់ប្រទេស​ជាសមាជិក​មហាអនុតំបន់ទៅលើគម្រោងចំនួនពីរគឺ គម្រោងទេសចរណ៍ក្របខណ្ឌវិនិយោគក្នុងមហា​អនុតំបន់​មេគង្គ និងគម្រោងផ្តល់ជំនួយបច្ចេកទេសលើការអភិវឌ្ឍន៍សម្បទាទេសចរណ៍​ប្រកបដោយ​និរន្តរភាព​ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ប្រទេសកម្ពុជា-វៀតណាម-ឡាវ និងប្រទេសថៃ (CLVT)៕

អត្ថបទទាក់ទង