អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ តម្លៃប្រមាណ ១,០០០លានដុល្លារត្រៀមធ្វើតេស្តសាកល្បងនៅពាក់កណ្តាលខែក្រោយនេះ
ភ្នំពេញ៖ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរដែលកំពុងសម្រុកសាងសង់ដើម្បីបញ្ចប់តាមគម្រោងនឹងត្រៀមធ្វើតេស្តសាកល្បងនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ខាងនេះ។
យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យដំណើរការរៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានបង្ហាញថា គិតត្រឹមដើមខែមេសា ឆ្នាំ2023នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបានជាង៩២% និងត្រៀមសម្រាប់ការធ្វើតេស្តសាកល្បង (Flight Validation) នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣នេះ។
របាយការណ៍នេះបន្តថា ដំណើរការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានក៏សម្រេចបាន ៣៨សកម្មភាព ក្នុងចំណោមសកម្មភាពសរុបចំនួ៧៩ នៃផែនការរៀបចំប្រតិបត្តិការអាកាសយានដ្ឋាន ដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើការដាក់ឱ្យអនុវត្តផែនការប្រតិបត្តិការ តាមរយៈ ស.ជ.ណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
បន្ថែមពីនេះ ក្រុមហ៊ុនរៀបចំប្រតិបត្តិការ បានប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សកម្មភាពដែលនៅសេសល់ឱ្យបានទាន់ពេលវេលា ដើម្បីឈានទៅសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣ ឆាប់ៗនេះ។
លោក តឹករ៉េត សំរេច ប្រធានគណៈកម្មការគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានថ្លែងថា : ” ពួកយើងបានឆ្លងកាត់ និងដោះស្រាយនូវការងារជាច្រើន ដើម្បីសម្រេចលទ្ធផលនាពេលនេះ ហើយលទ្ធផលទាំងនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ជាមួយនឹងការជ្រោមជ្រែង ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់”។
ឆ្លៀតឱកាសនោះលោក ក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់ និងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានគាំទ្រចំពោះគម្រោងដ៏ធំនេះ។
សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ អនុវត្តន៍ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត ១,០០០លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិនេះ បាន និងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។
គម្រោងនេះ ជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងមានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់ជាមួយបចេកវិទ្យាថ្មីបំផុតសម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ៕