Close

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ ការសហការគ្នារវាងរោងម៉ាស៊ីន និងសហគមន៍ អាចជំរុញ​ផលិតកម្មស្រូវនៅទូទាំងប្រទេស

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ ការសហការគ្នារវាងរោងម៉ាស៊ីន និងសហគមន៍ អាចជំរុញ​ផលិតកម្មស្រូវនៅទូទាំងប្រទេស មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ ការសហការគ្នារវាងរោងម៉ាស៊ីន និងសហគមន៍ អាចជំរុញ​ផលិតកម្មស្រូវនៅទូទាំងប្រទេស

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា កិច្ចសហការរវាងអ្នកផលិត និងអ្នកកែច្នៃបែបនេះ គឺជាការជំរុញផលិតកម្មស្រូវនៅទូទាំងប្រទេសកម្ពុជា។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មស្រូវស្ដងដារ ដែលជាការព្រមព្រៀងលើភាគីទាំងសងខាង ដោយភាគីដែលជាអ្នកផលិត ឬកសិករត្រូវផលិតស្រូវដែលត្រូវតាមស្តង់ដារ SRP ជាមួយភាគីកែច្នៃ ឬរោងម៉ាស៊ីនមានលទ្ធភាព ក្នុងការកែច្នៃស្រូវដែលមានគុណភាពល្អដូចគ្នា។

ក្នុងកិច្ចសន្យាផលិតកម្មស្រូវនោះផងដែរ មានសហគមន៍ចំនួន ៧ ជាសមាជិកសហភាព​សហគមន៍បាត់ដំបង ដែលបានចូលរួមក្នុងការ​ផលិតស្រូវចំណី ស្តង់ដា SRP នេះ ដោយមាន​សមាជិកចំនួន ៣៧៤ គ្រួសារ និងមានផ្ទៃដីផលិតកម្មចំនួន ១,៣៩២ ហិកតា។ កិច្ចសន្យានេះដែរ​គ្របដណ្ដប់លើ​ផលិតកម្មស្រូវតាមស្ដង់ដា SRP ក្នុងឆ្នាំ ២០២៣ ដោយប្រើប្រាស់ប្រភេទពូជស្រូវ​ផ្ការំដួល និងសែនក្រអូប០១ ក្នុងបរិមាណ សរុបចំនួន ៤,៥០០ តោន។

ក្នុងឳកាសនេះ ឯកឧត្ដមបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ភាពជោគជ័យ​នៃការ​សហការ​គ្នានេះ នឹងជួយជំរុញផលិតកម្មស្រូវនានានៅទូទាំងប្រទេស និងកសាងខ្សែច្រវាក់ផលិតកម្ម​​ស្រូវមួយ ដែលកសិករផលិតស្រូវនឹងទទួលបានទីផ្សារសម្រាប់ស្រូវរបស់ពួកគាត់ រីឯរោងម៉ាស៊ីននឹងទទួល​បានស្រូវគុណភាព ល្អសម្រាប់កែច្នៃ ក្នុងខណៈដែលកសិករផលិតពូជក៏មានទីផ្សារសម្រាប់​ពូជសុទ្ធរបស់ពួកគាត់ដែរ។

ម្យ៉ាងទៀត ផលិតកម្មតាមកិច្ចសន្យានេះ នឹងចូលរួមចំណែក្នុងការសម្រេចគោលដៅរបស់ រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការនាំចេញអង្ករចំនួន ១ លានតោនក្នុងពេលខាងមុខផងដែរ។

យ៉ាងណាមិញ ឯកឧត្ដមបណ្ឌិត ក៏បានក្រើនរំឭក និងសំណូមពរឲ្យភាគីពាក់ព័ន្ធបន្តសហការគ្នា និងស្មោះត្រង់នឹងគ្នាទៅវិញទៅមក ដោយហេតុថា ការចុះកិច្ចសន្យាកសិកម្មនៅពេលនេះ វាគ្រាន់តែជាការចាប់ផ្ដើមសាកល្បងតូចមួយប៉ុណ្ណោះ ហើយពួកគេនឹង​ត្រូវបន្តធ្វើការ​ជាមួយ​គ្នាបន្តទៀត ក្នុងការតាមដាន ត្រួតពិនិត្យ និងអនុវត្តកិច្ចសន្យានេះឲ្យបានជោគជ័យ។

សូមបញ្ជាក់ថា ការចុះកិច្ចសន្យាលើផលិតកម្មស្រូវនេះ ត្រូវបានរៀបចំក្រោមការសម្របសម្រួល ពីកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី១ (WAT4CAM) នៃក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហគមន៍អឺរ៉ុបប្រចាំកម្ពុជា៕

អត្ថបទទាក់ទង