Close

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីថ្មីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនឹងក្លាយជាកាតាលីករជួយបង្កើនការនាំចេញរបស់កម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ សង្គម
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីថ្មីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនឹងក្លាយជាកាតាលីករជួយបង្កើនការនាំចេញរបស់កម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីថ្មីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនឹងក្លាយជាកាតាលីករជួយបង្កើនការនាំចេញរបស់កម្ពុជា

ភ្នំពេញ ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាសមិទ្ធផលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីថ្មីបន្ថែមទៀតជូនជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ ពិភពលោក ជាពិសេសនៅតំបន់មជ្ឈឹមបូព៌ា។

ក្តីរំពឹងប្រកបដោយភាពវិជ្ជមានពីកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀតអន្តរក្រសួង ដើម្បីពិនិត្យលទ្ធផលនៃការចរចាបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងផ្តល់គោលការណ៍ណែនាំលើកិច្ចការ មួយចំនួនដល់ក្រុមការងារ ដើម្បីមានមូលដ្ឋានសម្រាប់ការចរចាបន្តនាពេលអនាគត ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

ជុំវិញកិច្ចព្រមព្រៀងនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ដំណើរការនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានចាប់ផ្ដើមប្រកាសបើកជាផ្លូវការ និងការចរចាដុំទី ១ នៅថ្ងៃទី ២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី និងបញ្ចប់ការចរចានៅជុំទី ៣ កាលពីថ្ងៃទី ២០-២២ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅទីក្រុងឌុយបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបានប្រកាសបិទបញ្ចប់ការចរចាជាផ្លូវការរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។

ឯកឧត្តម បានថ្លែងបន្តថា កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកភាពជាដៃគូសេដ្ឋកិច្ច តាមរយៈការបង្កើនការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដើម្បីឧត្តម ប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសង្គម ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និងចក្ខុវិស័យកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

កិច្ចព្រមព្រៀង ដែលមានលក្ខណៈទាន់សម័យ និងឆ្ពោះទៅមុខអនាគតនេះ ត្រូវបានចែកចេញជា ១៨ ជំពូក, ២៨៤ មាត្រា និង ១២ ឧបសម្ព័ន្ធ ដោយក្នុងនោះ ក៏មានដាក់បញ្ចូលនូវសមាសធាតុមួយចំនួន ដែលនឹងផ្តល់ បន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា នវានុវត្តន៍ សម្រាប់ឧស្សាហកម្ម និងសេវាកម្ម ផងដែរ។ ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងក្លាយជាសមិទ្ធផលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីថ្មីបន្ថែមទៀតជូនជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ពិភពលោក និងពិសេសនៅតំបន់មជ្ឈឹមបូព៌ា។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបាននូវឱកាសកាន់តែប្រសើរជាងមុនលើការនាំចេញផលិតផលសក្តានុពលរបស់ខ្លួនទៅទីផ្សាររបស់អាមីរ៉ាតអារ៉ាប់រួម។ ជាមួយគ្នានេះដែរ ក្រៅពីរបាំងពន្ធគយត្រូវបានលុបបំបាត់ និងកាត់បន្ថយនោះ វិធានការមិនមែនពន្ធ និងវិធានដើមកំណើត ក៍ដូចជាបែបបទ និងនីតិវិធីពាក់ព័ន្ធនឹង ពាណិជ្ជកម្ម ក៍ត្រូវបានធ្វើឱ្យប្រសើរឡើង និងមានលក្ខណៈសាមញ្ញជាងមុន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ចំពោះការវិនិយោគ កិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគថ្មីៗបន្ថែម ទៀតមកកម្ពុជា ដែលនឹងបង្កើតការងារថ្មីបន្ថែមជូនប្រជាពលរដ្ឋ។

កត្តាទាំងនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាពន្លឿនដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក និងគាំទ្រដល់ដំណើរការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខផងដែរ។

បន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់, អង្គប្រជុំបានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់លើលទ្ធផល ដែល ក្រុមការងារនីមួយៗសម្រេចបាននៅក្នុងការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាត អារ៉ាប់រួម និងបានលើកទឹកចិត្តឱ្យក្រុមការងារពន្លឿនដំណើរការនៃការសម្អាតអត្ថបទច្បាប់ ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នាពេលឆាប់ៗខាងមុខនេះ ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំលើកិច្ចការជាក់លាក់ មួយចំនួនដល់ក្រុមការងារចរចា ដើម្បីជាមូលដ្ឋានសម្រាប់រៀបចំបន្ត និងត្រៀមចរចាលើកិច្ចការមួយចំនួននាពេលអនាគតផងដែ។

អត្ថបទទាក់ទង