Close

ស្រ្តី ៣ រូប ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ កីឡា
ស្រ្តី ៣ រូប ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ស្រ្តី ៣ រូប ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា

ភ្នំពេញ : ជាការពិតណាស់ វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការរីកចម្រើនទាំងអស់នោះពិតណាស់គឺមានការចូលរួមយ៉ាងច្រើនពីសំណាក់មហាជន អ្នកគាំទ្រអ្នកស្នេហាវិស័យបាល់ទាត់ ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកពាក់ព័ន្ធមួយចំនួនទៀត ហើយក្នុងនោះស្ត្រីក៏មានតួនាទីយ៉ាងសំខាន់ផងដែរក្នុងការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។

មែនទែនទៅ បើនិយាយពីបាល់ទាត់ មហាជន ក៏ដូចជាអ្នកស្នេហាវិស័យបាល់ទាត់ភាគច្រើនគិតថា គឺជាកីឡាសម្រាប់បុរស ហើយបុរសភាគច្រើនចូលចិត្តលេងបាល់ទាត់ ប៉ុន្តែបច្ចុប្បន្ននេះនារីក៏មានការចូលចិត្តបាល់ទាត់មិនចាញ់បុរសប៉ុន្មានទេ ក្នុងនោះដែរមានស្រ្តី៣រូប ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យបាល់ទាត់នៅកម្ពុជាឲ្យរីកចម្រើនដូចសព្វថ្ងៃនេះ។

ស្ត្រីទាំង៣នាក់នោះរួមមាន លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត, លោកជំទាវ កែវ សួនសុភី ដែលជាប្រធានក្លិបបាល់ទាត់វិសាខា និងម្នាក់ទៀតនោះគឺលោកជំទាវ ភូ ឈាលីន ដែលទើបតែឡើងកាន់តំណែងជាប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន ថ្មីជំនួសតំណែងស្វាមីរបស់លោកស្រីគឺលោកឧកញ៉ា រិទ្ធី  សំណាង ដែលបានស្លាប់ទៅកាលពីពេលថ្មីថ្មីនេះ។

១.លោកស្រី ពុធ ធីតា :
លោកស្រី ពុធ ធីតា ជាស្រ្តីដំបូងគេដែលបានវិនិយោគលើវិស័យបាល់ទាត់ខ្មែរ។ លោកស្រីបានបង្កើតក្លិបបាល់ទាត់មួយដែលមានឈ្មោះថា BOEUNG KET FOOTBALL CLUB សព្វថ្ងៃកំពុងលេងនៅលីគកំពូលកម្ពុជា។ ក្លិបនេះ ដំបូងមានឈ្មោះថា «ចំការកៅស៊ូបឹងកេត» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨។ បឹងកេត ធ្លាប់ក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១២-២០១៦-២០១៧-២០២០ ឈ្នះពានរង្វាន់ជើងឯកសម្តេចហ៊ុនសែនឆ្នាំ ២០១៩ និងរងជើងឯក Toyota Mekong Club Championship ឆ្នាំ ២០១៥។ កាលពីដើមខែមេសា ឆ្នាំ២០២៣នេះ លោកស្រីបានជួបនឹងការឈឺចាប់មួយដោយត្រូវបង្ខំចិត្តរុះរើកីឡដ្ឋានផ្ទាល់ខ្លួន ដែលមានឈ្មោះថា Cambodian Airway ដោយសារម្ចាស់ដីតម្លើងថ្លៃជួល ធ្វើឲ្យលោកស្រីគ្មានសមត្តភាពទ្រទ្រង់បាន។

២.លោកស្រី កែ សួនសុភី :
លោកស្រី កែ សួនសុភី គឺជាស្រ្តីទី២ ដែលបានវិនិយោគលើវិស័យបាល់ទាត់ខ្មែរ។ លោកស្រីបានបង្កើតក្លឹបបាល់ទាត់មួយដែលមានឈ្មោះថា VISAKHA FOODBALL CLUB។ ក្លិបមួយនេះ បានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ប៉ុន្តែទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ លោកស្រី សួនសុភី គឺជាកូនមន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល លោកស្រីជាភរិយារបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ប្រធានក្លឹបស្រ្តីរូបនេះគឺជាកូនស្រីរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងលោកស្រី ម៉ៅ ម៉ាល័យ និងជាកូនប្រសាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្លិបវិសាខា របស់លោកស្រីបានបំបែកកំណត់ត្រាមួយក្នុងពានរង្វាន់ Hun Sen Cup ថ្នាក់ជាតិ ដោយលើកពានមួយនេះ ៣ឆ្នាំជាប់គ្នា (២០២០,២០២១,២០២២)។

៣. លោកជំទាវ ភូ ឈាលីន
ក្លិបបាល់ទាត់ភ្នំពេញក្រោន Phnom Penh Crown FC ទើបតែបានប្រកាសជាផ្លូវការនូវសមាសភាពប្រធានក្លិបថ្មីរបស់ខ្លួន គឺលោកជំទាវ ភូ ឈាលីន ដែលជាភរិយារបស់លោកឧកញ៉ា ឫទ្ធី សំណាង ដូចនេះ លោកជំទាវគឺជាស្ត្រីទី៣ នៅកម្ពុជា ដែលកំពុងកាន់តំណែងជាប្រធានក្លិបបាល់ទាត់។
ទោះបីជាទើបតែចូលកាន់ដំណែង ប៉ុន្តែនាពេលកន្លងមក លោកឧកញ៉ា ឫទ្ធី សំណាង ធ្លាប់បានលើកឡើងថា លោកជំទាវ ភូ ឈាលីន គឺជាឧត្តមភរិយាមួយរូបដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់រូបលោក ក្នុងកិច្ចការផ្សេងៗមិនថាក្នុងគ្រួសារ មុខជំនួញ ជាពិសេសជំរុញដោយមិនរារែកលើការដឹកនាំក្លិបបាល់ទាត់ភ្នំពេញក្រោនតែម្តង បើទោះបីនេះ ជាការចំណាយដ៏ធំមួយក៏ដោយ។
ដូច្នេះជាមួយនឹងតួនាទីថ្មីនេះ លោកជំទាវប្រាកដជាដាក់ចិត្តដាក់កាយពេញលេញក្នុងការបន្តស្នាដៃរបស់ស្វាមីដែលទើបទទួលមរណភាព កាលពីឆ្នាំមុន ខណៈដែលមានការបង្ហើបថា ក្លិបបាល់ទាត់ភ្នំពេញក្រោន កំពុងតែផ្តោតជាអាទិភាពលើការកែកុនហេដ្ឋារចនាសម្ព័ន្ធរបស់កីឡដ្ឋាន ព្រមទាំងការអភិវឌ្ឍធនធានយុវជន និងការត្រៀមខ្លួនក្នុងការប្រកួតប្រជែងរដូវកាលថ្មីក៏ដូចជា The AFC Cup 2023 ផងដែរ ពោលគឺលោកជំទាវនឹងបន្តដំណើរឆ្ពោះទៅមុខស្របតាមទស្សនវិស័យ និងកេរដំណែលរបស់សា្វមីតែម្តង។

គួរបញ្ជាក់ថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន Phnom Penh Crown FC បានបង្កើតឡើងនៅឆ្នាំ២០០១ ។ ឈ្មោះដំបូងរបស់ក្លឹបគឺ Samart United។ ឆ្នាំ២០០៦ ក្លឹបបានផ្លាស់ប្តូរឈ្មោះជាថ្មីម្តងទៀតទៅជា Phnom Penh United ។ នៅឆ្នាំ ២០០៧ Phnom Penh United បានរួមរួបគ្នាជាមួយក្លឹប Khmer Empire ហើយបានសម្រេចកែប្រែឈ្មោះទៅជាក្លឹប Phnom Penh Empire។ យ៉ាងណាមិញ នៅចុងឆ្នាំ២០០៨ ក្លឹបបានសម្រេចកែប្រែឈ្មោះជាលើកចុងក្រោយរបស់ខ្លួនទៅជា «ក្លឹបបាល់ទាត់ភ្នំពេញក្រោន» រហូតដល់បច្ចុប្បន្ន។ ភ្នំពេញក្រោនជាក្លិបជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង