៣ខែដើមឆ្នាំ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសប្រមាណជិត ៩០ម៉ឺននាក់
(ភ្នំពេញ)៖ ត្រឹមរយៈពេល៣ខែ នៃដើមឆ្នាំ២០២៣ អ្នកធ្វើដំណើរតាមផ្លូវអាកាសចូលមកកម្ពុជាមាន ចំនួន ៨៧២ ០៤៩នាក់។ ដោយក្នុងខែមីនា អ្នកដំណើរដែលចូលមកកម្ពុជាតាមអាកាសយានដ្ឋានទាំងបី មានចំនួន ៣១៣,០៦៧ កើនឡើង១១% ខណៈចំនួនជើងហោះហើរមានចំនួន ២,៤៦៤ជើង កើនឡើង១៥% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣។
ចំនួនភ្ញៀវទាំងជាង ៨៧ម៉ឺននាក់នេះ ជាភ្ញៀវដែលបានហោះហើរមកពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី ឡាវ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង។ នេះបើតាមការឱ្យដឹងពីលោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។
ក្នុងខែមីនាកន្លងទៅនេះ អ្នកដំណើរមកពីប្រទេសចិន មានចំនួន ៤១,០៦៤នាក់ កើនឡើង ៣៤% និងចំនួនជើងហោះហើរកើនឡើង ដល់៤១០ជើង កើន២៩% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣ អ្នកដំណើរមកពីប្រទេសថៃ ប្រហាក់ប្រហែលនឹងខែមុន ក្នុងចំនួន១០៣,៣៧៨នាក់ មកពីប្រទេសវៀតណាមមានចំនួន ៣៥,២៥៩ នាក់ កើនឡើង២៧% មកពីប្រទេសមីយ៉ាន់ម៉ា មានចំនួន ១,៣៦៥នាក់ កើនឡើង៤៨% មកពីប្រទេសហ្វីលីពីន មានចំនួន៤,៨៩៥នាក់ កើនឡើង១១% មកពីម៉ាឡេស៊ី មានចំនួន ៣៦ ៨៩១នាក់ កើនឡើង១៤% មកពីប្រទេសសិង្ហបុរី មានចំនួន៤៣ ៨៩៧នាក់ កើនឡើង៥% មកពីប្រទេសកូរ៉េខាងត្បូងមានចំនួន ២៤,៨២០ កើនឡើង ២០%មកពីតៃវ៉ាន់មានចំនួន១៤,៥៩១នាក់ កើនឡើង២% និងមកពីតំបន់ពិសេសហុងកុង មានចំនួន ៥ ៥០៨នាក់ ថយចុះ១%។
បើតាមអាកាសចរស៊ីវិលបច្ចុប្បន្ននេះប្រតិបត្តិការដឹកជញ្ជូននៅអាកាសយានដ្ឋានអន្តរជាតិទាំងបី គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ ធ្វើឡើងជាមួយប្រទេសចំនួន១១ និងមានក្រុមហ៊ុនអាកាសចរណ៍មានចំនួន២៦ កំពុងប្រតិបត្តិការហោះហើរប្រចាំសប្តាហ៍៕