កម្ពុជានាំចេញទំនិញទៅទីផ្សារអន្តរជាតិបានជាង ៥ពាន់លានដុល្លារក្នុងរយៈពេល ៣ខែ ដើមឆ្នាំនេះ
ភ្នំពេញ ៖ របាយការណ៍ ពីអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណ ៥.៣ ពាន់លានដុល្លារអាមេរិក រយៈពេល ៣ ខែ ដើមឆ្នាំ ២០២៣ នេះ ធ្លាក់ចុះ ៥.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃ ៥.៧ពាន់លានដុល្លារ។
ជាមួយគ្នានេះ របាយការណ៍បានឱ្យដឹងទៀតថា កម្ពុជាបាននាំចូលទំនិញពីទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ៥.៩ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២១.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានតម្លៃ ៧.៤ពាន់លានដុល្លារ។
កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងតម្លៃជាង ១១ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះ ថយចុះ១៤.៥%។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផលិតផលសម្លៀកបំពាក់ ត្រូវបាននាំចេញក្នុងតម្លៃ ១.៦ ពាន់លានដុល្លារ , ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំផ្សេងៗនាំចេញក្នុងតម្លៃ ៧៣៦ លានដុល្លារអាមេរិក, ស្បែកជើងនាំចេញបាន ៣២៣ លានដុល្លារ, កៅស៊ូ នាំចេញបាន ១៦៨ លានដុល្លារ រួមនឹងទំនិញផ្សេងទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិស័យពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា វិស័យពាណិជ្ជកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនឱកាសការងារ ផ្តល់ប្រាក់ចំណូល និងសម្រួលលំហូរទំនិញគ្រឿងឧបភោគ-បរិភោគសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ រីឯវិស័យទេសចរណ៍ ជាចលករជំរុញពាណិជ្ជកម្មសេវា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី តំបន់ អនុតំបន់ និងទ្វេភាគី ជាមួយនឹងការកែលម្អស្ថាប័ន ច្បាប់ និងបទប្បញ្ញត្តិឱ្យកាន់តែប្រសើរ ព្រមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីទទួលរងបច្ច័យអវិជ្ជមានពីជំងឺកូវីដ-១៩ តាមរយៈភាពរីកចម្រើនក្នុងវិស័យសក្តានុពលនានា រួមមាន៖ សំណង់ ឧស្សាហកម្មកាត់ដេរនិងស្បែកជើង និងសេវាកម្មទេសចរណ៍ជាដើម។
ផ្អែកតាមព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចរបស់ OECD ខាងលើ នៅក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនប្រមាណ ៤.៥% ខណៈពេលដែលត្រូវបានព្យាករណ៍ជាវិជ្ជមាននូវកំណើន ៦.៣% នៅឆ្នាំ ២០២៣៕