Close

ប៉ង់តាហ្គោននឹងផ្គត់ផ្គង់អាវុធឱ្យកោះតៃវ៉ាន់ដូចធ្វើនៅអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប៉ង់តាហ្គោននឹងផ្គត់ផ្គង់អាវុធឱ្យកោះតៃវ៉ាន់ដូចធ្វើនៅអ៊ុយក្រែន ប៉ង់តាហ្គោននឹងផ្គត់ផ្គង់អាវុធឱ្យកោះតៃវ៉ាន់ដូចធ្វើនៅអ៊ុយក្រែន

បរទេស ៖ ក្រសួងការពារជាតិអាមេរិកចុងក្រោយនេះ បានបង្ហាញអំពីបំណងក្នុងការផ្តល់សិទ្ធឱ្យកោះតៃវ៉ាន់ទទួលបានប្រយោជន៍ពេញលេញពីវិធីសាស្ត្រនៃការអនុម័តកញ្ចប់ថវិកាជំនួយយោធា តាមរយៈការអនុវត្តដែលធ្លាប់បានធ្វើកន្លងមកជាមួយនឹងប្រទេសអ៊ុយក្រែន។

The Defense News បានរាយការណ៍ថា ខណៈដែលសភាអាមេរិកបានប្រកាសផ្តល់មូលនិធិប្រចាំឆ្នាំប្រមាណជា៣ ពាន់លានដុល្លារ សម្រាប់យោធាទៅឱ្យកោះតៃវ៉ាន់ទៅហើយនោះ ដំណើរការនៃការទទួលបាន និងមានភាពយឺតយ៉ាវខ្លាំង ពីព្រោះថាវាទាមទារការឆ្លងកាត់ដំណើរការស្នើសុំទាំងក្រសួងការបរទេសផង និងក្រសួងការពារជាតិផង។

ទោះបីជាយ៉ាងណាក្តីថ្មីៗនេះ មានមន្ត្រីរបស់មន្ទីរប៉ង់តាហ្គោនរបស់សហរដ្ឋអាមេរិកជាច្រើននាក់បានចេញមកធ្វើការអំពាវនាវឱ្យសភាជាតិក្នុងការបញ្ជូនថវិកាជំនួយយោធាទាំងនោះឱ្យបានឆាប់រហ័ស និងចាត់ចែងការងារនេះចូលទៅក្នុងកម្រិតប្រើប្រាស់បន្ទាន់វិញ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានថ្លែងប្រាប់ទៅកាន់គណកម្មការគ្រប់គ្រងអាវុធរបស់សភាជាតិ កាលពីចុងខែមិនា កន្លងមក ថា ប៉ង់តាហ្គោនកំពុងមានផែនការ ដើម្បីអាចស្នើសុំបញ្ចេញថវិកាប្រមាណជា ១ ពាន់លានដុល្លារជាជំនួយយោធាទៅឱ្យកោះតៃវ៉ាន់ តាមរយៈវិធីអនុវត្តបន្ទាន់ ដែលអាមេរិកធ្លាប់បានប្រើប្រាស់ជាមួយនឹងអ៊ុយក្រែនកាលពីពេលកន្លងមក ហើយដំណើរការនោះត្រូវបានគេស្គាល់ថាជា Presidential Drawdown Authorization។

គួរឲ្យដឹងដែរថា Presidential Drawdown Authorization គឺជាវិធីសាស្ត្រដែលអាមេរិកអាចផ្តល់ជំនួយជាបន្ទាន់ទៅឱ្យដៃគូប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងរយៈពេលតិចបំផុតត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះឬពេលខ្លះត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រសិនកញ្ចប់ជំនួយទាំងនោះមាននៅក្នុងស្តុកអាវុធស្រាប់៕

អត្ថបទទាក់ទង