គ្រូបង្វឹកវៀតណាមដាក់គោលដៅយកមេដាយមាសពីស៊ីហ្គេមនៅកម្ពុជា
ហាណូយ ៖ ក្រុមជម្រើសជាតិវៀតណាម បានដាក់គោលដៅស្វែងរកមេដាយមាសផ្នែកកីឡាបាល់ទាត់នៅស៊ីហ្គេមលើកទី៣២ ខណៈដែលគ្រូបង្វឹក Philippe Troussier បាននិយាយថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម vietnamplus។
បន្ទាប់ពីការចាប់ឆ្នោតចែកពូលបាល់ទាត់ផ្នែកបុរសដែលបានធ្វើឡើងនៅថ្ងៃទី ៥ ខែមេសា នៅរាជធានីភ្នំពេញ គេឃើញថា ក្រុមការពារតំណែងជើងឯកវៀតណាម ស្ថិតក្នុងពូល B ជាមួយជើងខ្លាំងថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។
លោក Philippe Troussier បាននិយាយថា “ខ្ញុំមិនភ្ញាក់ផ្អើលនឹងលទ្ធផលនៃការចាប់ឆ្នោតនោះទេ។ ក្រុមប្រឹក្សារបស់យើងបានព្យាករ និងត្រៀមខ្លួន សម្រាប់គ្រប់ស្ថានការណ៍ទាំងអស់។ ក្រុមអាស៊ានទាំងអស់ស្គាល់វៀតណាម ព្រោះយើងជួបគ្នាជាញឹកញាប់ក្នុងការប្រកួតក្នុងតំបន់។ ខ្ញុំគោរពក្រុមទាំងបួនក្នុងពូល B ហើយនឹងធ្វើការលើការប្រកួតនីមួយៗ ដើម្បីទទួលបានលទ្ធផលល្អបំផុត”។
លោកបានសង្កត់ធ្ងន់ថា “មិនថាលទ្ធផលនៃការចាប់ឆ្នោតបែបណា ហើយអ្នកណាជាគូប្រជែងរបស់យើង យើងនឹងឈានជើងចូលក្នុងការប្រកួតក្នុងនាមជាម្ចាស់ជើងឯក ហើយគោលដៅរបស់យើង គឺការពារដំណែងរបស់យើង”៕