គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតមួយ ជំរុញលើកកម្ពស់ផលិតផលខ្មែរកាន់តែទូលាយ
តាមរយៈវេទិកាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៩ ខែមេសា ខាងមុខនេះ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតមួយ បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការឈានទៅផ្សព្វផ្សាយនូវផលិតផលខ្មែរចូលទៅក្នុងទីផ្សារកាន់តែទូលំទូលាយបន្ថែមទៀត។
លោកបណ្ឌិត សួង ណយ អគ្គលេខាធិការងគណកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានមានប្រសាសន៍ថាផលិតផលខ្មែរមានរហូតប្រមាណជាង ៥០០មុខ ត្រូវបានទទួលស្គាល់ជាផលិតផល «ភូមិមួយ ផលិតផលមួយ» ម្លោះហើយ វេទិកាទាំងមូលនឹងមានភាពសម្បូរបែបនៃផលិតផលក្នុងស្រុក។
តាមរយៈសេចក្តីជូនដំណឹងលេខ៤៧៩ សជណ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ស្ដីអំពីការដាក់ឲ្យមានការប្រារព្ធឡើងនូវ “ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ” ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ មេសា វេទិកានេះបានក្លាយជាសាររំលឹកដាស់តឿនដល់ប្រជាពលរដ្ឋគ្រប់រូប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការគាំទ្រ និងទិញយកទៅប្រើប្រាស់ផលិតផលក្នុងស្រុករបស់ផលិតករ សិប្បករ និងកសិករកម្ពុជា។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ចលនាភូមិមួយផលិតផលមួយ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយអំពីចរឹកលក្ខណៈ នៃការធ្វើឲ្យមានភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការជំរុញឲ្យមានការកែច្នៃ ផលិតជាទំនិញឬសេវាកម្មផ្សេងៗ ដោយ ប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានសក្ដានុពលទាំងឡាយក្នុងមូលដ្ឋាន និងលើកកម្ពស់ថែរក្សាសកម្មភាពប្រពៃណីទាំងឡាយ ធ្វើឲ្យប្រជាជនមានមោទនៈភាពចំពោះភូមិឋានដែលខ្លួនរស់នៅ។
លើសពីនេះទៀត វាត្រូវបានគេជឿជាក់ថា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការទប់ស្កាត់ការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ឬចំណាកស្រុកចូលទៅកាន់ទីក្រុងធំៗដើម្បីស្វែងរកការងារធ្វើផងដែរ។
គួរបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ ឆ្នាំ២០២៣ នឹងធ្វើឡើងក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ” ដោយមានគោលបំណងលើកកម្ពស់ស្មារតីប្រជាពលរដ្ឋគ្រប់រូប ឲ្យខិតខំជួយលើកស្ទួយផលិតផលក្នុងស្រុកឲ្យបានខ្លាំងក្លា តាមរយៈការទិញផលិតផលខ្មែរយកទៅប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
វេទិកានេះនឹងធ្វើឡើងនៅក្នុងខេត្តស្វាយរៀង ហើយវានឹងអនុញ្ញាតឲ្យម្ចាស់ផលិតផលបានជួបប្រាស្រ័យផ្ទាល់ជាមួយអ្នកទិញ តាមរយៈការរៀបចំនូវកម្មវិធីអម មួយចំនួនដូចជា ការតាំងពិព័រណ៍ និងការផ្គូរផ្គងអ្នកទិញ-អ្នកលក់ជាដើម៕