បារាំង បន្ថែមអាយុចូលនិវត្តរបស់ទ័ពបម្រុងដល់៧០ឆ្នាំ និង៧២ឆ្នាំ
បរទេស ៖ ប្រទេសបារាំងកាលពីថ្ងៃម្សិលមិញនេះបានឈានទៅដល់ការសម្រេចចិត្តក្នុងការបង្កើនអាយុចូលនិវត្តរបស់មន្ត្រីយោធាដែលជាប់ឈ្មោះជាកងកម្លាំងបម្រុងទាំងអស់ទៅដល់អាយុ៧០ឆ្នាំ និង៧២ឆ្នាំ អាស្រ័យទៅលើជំនាញរបស់ពួកគេជាក់ស្តែង។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Sebastien Lecornu បានប្រកាសថា ប្រទេសបារាំងនឹងបង្កើនអាយុនៃក្រុមកងទ័ពបម្រុងរហូតទៅដល់អាយុ៧០ឆ្នាំសម្រាប់កងកម្លាំងយោធាធម្មតា និងទ័ពបម្រុងដែលមានជំនាញទៅដល់៧២ឆ្នាំទើបអាចអនុញ្ញាតឲ្យចូលនិវត្តបាន។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះអាយុកំណត់របស់កងទ័ពបម្រុងរបស់បារាំងដែលអាចផុតកាតព្វកិច្ច និងចូលនិវត្តនោះគឺមានត្រឹមតែ៦០ឆ្នាំ និង៦៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែការសម្រេចចិត្តលើកនេះត្រូវបានគេដឹងថាធ្វើឡើងនៅក្នុងពេលដែលប្រទេសកំពុងដាក់ផែនការបង្កើនកងកម្លាំងទ័ពបម្រុងឲ្យបានចំនួនទ្វេដងគឺពី ៤០,០០០នាក់ទៅដល់ ៨០, ០០០នាក់។
ការប្រកាសបង្កើនអាយុចូលនិវត្តរបស់ទ័ពបម្រុងនេះផងដែរ បានធ្វើឡើងនៅចំពេលដែលបារាំងកំពុងធ្វើកំណែទម្រង់បង្កើនអាយុចូលនិវត្តរបស់ពលរដ្ឋស៊ីវិលពី ៦២ទៅដល់ ៦៤ឆ្នាំផងដែរ។ តាមផែនការបារាំងក៏បានត្រៀមខ្លួនរួចរាល់ហើយផងដែរក្នុងការបង្កើនខ្ទង់ចំណាយយោធារបស់ខ្លួនពីជិត ៤៤ពាន់លានអឺរ៉ូទៅដល់៦៩ពាន់លានអឺរ៉ូរៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
លោករដ្ឋមន្ត្រី Lecornu បានពន្យល់ថា ៖ការបង្កើនការចំណាយលើវិស័យការពារគឺចាំបាច់ណាស់សម្រាប់ប្រទេសបារាំងនៅពេលនេះគឺធ្វើយ៉ាងណាឲ្យបារាំងនៅតែអាចស្ថិតនៅក្នុងចំណុចមួយដែលអាចការពារខ្លួនបាន និងដើម្បីដោះស្រាយ ការគំរាមកំហែងនានា ជាពិសេសបញ្ហាដែលកើតចេញពីជម្លោះដែលកំពុងបន្តកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម៕