Close

ព្រំដែនរុស្ស៊ី និងហ្វាំងឡង់ជាង ១,០០០គីឡូម៉ែត្រពីគ្នាបន្តភាពស្ងៀមស្ងាត់ក្រោយការប្រកាសសមាជិកភាពរបស់ណាតូ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ព្រំដែនរុស្ស៊ី និងហ្វាំងឡង់ជាង ១,០០០គីឡូម៉ែត្រពីគ្នាបន្តភាពស្ងៀមស្ងាត់ក្រោយការប្រកាសសមាជិកភាពរបស់ណាតូ ព្រំដែនរុស្ស៊ី និងហ្វាំងឡង់ជាង ១,០០០គីឡូម៉ែត្រពីគ្នាបន្តភាពស្ងៀមស្ងាត់ក្រោយការប្រកាសសមាជិកភាពរបស់ណាតូ

បរទេស ៖ គិតត្រឹមថ្ងៃអង្ការម្សិលមិញនេះក្រោយការប្រកាសជាផ្លូវការដាក់បញ្ចូលសមាជិកភាពទី៣១របស់ប្រទេសហ្វាំងឡង់ទៅក្នុងសមាជិកនៃអង្គការណាតូគេសង្កេតឃើញថា មិនទាន់មានប្រតិកម្មដោយយោធាណាមួយបានកើតឡើងដោយរុស្ស៊ីដែលធ្លាប់តែគំរាមកំហែងកាលពីពេលកន្លងមកនោះនៅឡើយទេ។

មុនការប្រកាសរបស់អង្គការណាតូរដ្ឋាភិបាលក្រុងមូស្គូបានបន្តធ្វើការព្រមានជាថានឹងចាត់វិធានការក្តៅប្រសិនបើសមាជិកភាពរបស់ហ្វាំងឡង់អាចចូលជាធរមានពិតមែននោះ ហើយគំរាមនឹងធ្វើការបង្កើនកម្លាំងយោធានៅក្បែរព្រំដែនហ្វាំងឡង់ប្រសិនបើណាតូហ៊ានបញ្ចុនកងទ័ពបន្ថែមមកកាន់ប្រទេសក្នុងតំបន់ Nordic មួយនេះ។

ហ្វាំងឡង់ គឺជាប្រទេសដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសរុស្ស៊ីដល់ទៅ ១,៣៤០គីឡូម៉ែត្របានដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អង្គការណាតូតាំងតែពីខែឧសភា ឆ្នាំកន្លងទៅភ្លាមៗបន្ទាប់ពីរុស្ស៊ីបានសម្រេចចិត្តបើកប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនដោយហ្វាំងឡង់សង្ឃឹមថានឹងអាចស្វែងរកខែលសម្រាប់ការពារក្នុងករណីមានការឈ្លានពានណាមួយផ្សេងទៀតដោយរុស្ស៊ី។

មុនសេចក្តីប្រកាសនោះផងដែរ ក្រសួងការបរទេសរុស្ស៊ីក៏បានអះអាងហើយដែរថា ប្រទេសរុស្ស៊ីនឹងត្រូវបង្ខំចិត្តចាត់វិធានការយោធា បូករួមទាំងបច្ចេកទេស និងវិធានការសងសឹកផ្សេងទៀត ដើម្បីប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ីដែលកើតឡើងដោយសារតែការចូលជាសមាជិករបស់ហ្វាំងឡង់ជាមួយនឹងអង្គការណាតូ។

ទោះបីជាយ៉ាងណាក្តី គិតមកដល់ពេលនេះ ទាំងរុស្ស៊ី និងណាតូផងហាក់ដូចជាមិនទាន់បានធ្វើសកម្មភាពណាមួយបន្ថែមនៅក្នុងប្រទេសហ្វាំងឡង់នៅឡើយ ខណៈដែលកំពុងតែមមាញឹករៀងៗខ្លួនក្នុងការបញ្ជូនសម្ភារ:យោធា និងអាវុធផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន៕

អត្ថបទទាក់ទង