រុស្ស៊ី ចង់ឃើញការប្តេជ្ញាចិត្តរបស់អាមេរិកជាមុនដើម្បីអាចរៀបចំជំនួបរវាងរដ្ឋមន្ត្រីការបរទេស
យូអិន ៖ ប្រេសិតពិសេសរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃម្សិលមិញបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានត្រៀមរួចទៅហើយដើម្បីជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្នុងអំឡុងពេលដែលលោកនឹងត្រូវធ្វើដំណើរទៅបំពេញទស្សនកិច្ចក្នុងទីក្រុងញូវយ៉កក្នុងខែនេះ។
ទោះបីជាយ៉ាងណាក្តី មន្ត្រីការទូតជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា ជំនួបនេះអាចកើតឡើងបានក្នុងលក្ខខណ្ឌមួយប្រសិនបើភាគីខាងអាមេរិកនឹងបង្ហាញជំហច្បាស់លាស់ជាមុនសិន។
តាមផែនការលោក Lavrov នឹងត្រូវធ្វើដំណើរទៅដល់ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមេសានេះដើម្បីចូលរួមបើកកិច្ចប្រជុំក្រុមប្រឹក្សាចំនួន២ និងក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិសម្រាប់ខែមេសាផងដែរ។
ប្រេសិតពិសេសរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា៖ជំនួបរវាងរដ្ឋមន្ត្រីទាំងពីរនឹងអាចកើតឡើងគឺអាស្រ័យតែទៅលើលក្ខខណ្ឌមួយគត់គឺជាការតាំងចិត្តរបស់ភាគីអាមេរិកពីព្រោះថាលោក Lavrov បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបណាមួយជាមួយនឹងលោក Blinken។
គួរឲ្យដឹងដែរថា លោក Lavrov ក៏នឹងត្រូវជួបជាមួយនឹងអគ្គលេខាធិកាអង្គការសហប្រជាជាតិលោក Antonio Guterres ផងដែរទៅលើប្រធានបទនិងបញ្ហាជាច្រើនផ្សេងទៀតនៅក្នុងរបៀបវារៈ៕