លោក Graham Potter ត្រូវបាន Chelsea បណ្តេញចេញពីតំណែង ក្រោយរួមរស់ជាមួយគ្នាបាន ៦ខែ
បន្ទាប់ពីការចាញ់ Aston Villa កាលពីថ្ងៃសៅរ៍ ធ្វើឱ្យក្រុមតោខៀវ ធ្លាក់ក្នុងចំណាត់ថ្នាក់ទី ១១ ក្នុងតារាង Premier League ពេលនេះ លោក Graham Potter ត្រូវបានក្លិបតោខៀវ Chelsea សម្រេចបណ្តេញចេញពីដំណែងហើយ ក្រោយរួមរស់ជាមួយគ្នាបាន ៦ខែ។
ក្រុមតោខៀវ បានបរាជ័យក្រោមថ្វីជើង Aston Villa ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Stamford Bridge ដែលធ្វើឱ្យពួកគេឈរនៅលេខរៀងទី ១១ ក្នុងតារាង Premier League ។ រំលងបានតែមួយថ្ងៃ ពោលគឺកាលពីយប់ថ្ងៃអាទិត្យ Chelsea បានបញ្ជាក់ថា អ្នកចាត់ការរូបនេះ លេងជាគ្រូបង្វឹករបស់ពួកគេទៀតហើយ។
ក្លិប Chelsea បានចេញសេចក្តីថ្លែងការណ៍មួយថា “Chelsea FC បានប្រកាសថា Graham Potter បានចាកចេញពីក្លឹប។ Graham បានយល់ព្រមសហការជាមួយក្លឹប ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរដោយរលូន។ នៅក្នុងពេលវេលារបស់គាត់ជាមួយក្លឹប Graham បាននាំពួកយើងទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលយើងនឹងជួបជាមួយក្រុម Real Madrid។ Chelsea សូមថ្លែងអំណរគុណ ចំពោះ Graham សម្រាប់ការខិតខំប្រឹងប្រែង និងការរួមចំណែកទាំងអស់របស់គាត់នាពេលកន្លងមក ហើយជូនពរគាត់ឱ្យមានសុខភាពល្អទៅថ្ងៃអនាគត»។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា លោក Bruno Saltor ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្ន ហើយនឹងទទួលបន្ទុកដឹកនាំក្រុមតោខៀវ ប្រកួតជាមួយនឹងក្រុមហង្សក្រហម Liverpool នៅថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា Potter បានចូលដឹកនាំក្លឹបនៅទីក្រុងឡុងដ៍ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ដោយជំនួសតំណែងលោក Thomas Tuchel។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Brighton រូបនេះ Chelsea ឈ្នះតែ ១២ ប្រកួតប៉ុណ្ណោះ ខណៈចាញ់រហូតដល់១១ប្រកួត៕