Close

សម្តេចក្រឡាហោម ស ខេង ៖ ការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF គឺជាកិច្ចការដ៏សំខាន់សម្រាប់ប្រទេសជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ៖ ការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF គឺជាកិច្ចការដ៏សំខាន់សម្រាប់ប្រទេសជាតិ សម្តេចក្រឡាហោម ស ខេង ៖ ការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF គឺជាកិច្ចការដ៏សំខាន់សម្រាប់ប្រទេសជាតិ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា ការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF គឺជាកិច្ចការងារដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ។ ការណ៍នេះនឹងជួយបង្កើនជំនឿទុកចិត្តពីសំណាក់អ្នកវិនិយោគ ទាំងក្នុងស្រុក និងបរទេស ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) កាលពីទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ស.ហ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍រម្លឹកថា ក្នុងរយៈពេលជិត ២ ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជាជួបបញ្ហាប្រឈមវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏កម្ពុជាមានការងារមមាញឹកជាច្រើន ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការដឹកនាំកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រធានអាស៊ានប្តូរវេន រួមទាំងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ទន្ទឹមនេះ ក្រុមការងារអន្ដរក្រសួង ស្ថាប័ន គ្រប់លំដាប់ថ្នាក់ របស់ គ.ស.ហ រួមទាំងវិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ បានរួមគ្នាយ៉ាងសកម្ម ព្រមទាំងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបន្ដអនុវត្តការងារនៅសេសសល់បានយ៉ាងល្អ ជាពិសេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សំដៅធានាបាន ការដកកម្ពុជាចេញពីបញ្ជីប្រផេះ លើកទី២ និងរក្សាបានសុចរិតភាពរបស់ប្រព័ន្ធធនាគារហិរញ្ញវត្ថុ ដើម្បីបង្កើនជំនឿទុកចិត្តពីសំណាក់អ្នកវិនិយោគ ទាំងក្នុងស្រុក និងបរទេស ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព។

សម្ដេចក្រឡាហោម ស ខេង បានរម្លឹកបន្ថែមថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មហាសន្និបាត FATF នៅទីក្រុងបារី នៃប្រទេសបារាំង បានអនុម័តជាឯកឆ័ន្ទដកកម្ពុជាចេញពីបញ្ជីប្រផេះជាផ្លូវការ តាមសំណើរបស់ ក្រុមការងារត្រួតពិនិត្យរួមនៃប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពី កិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG)។

ផ្អែកលើការសម្រេចចិត្តរបស់អង្គការ FATFខាងលើ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង និងឧបត្ថម្ភគាំទ្ររបស់ ឯកឧត្តម-លោកជំទាវ និងក្រុមការងារអន្ដរក្រសួងទាំងអស់ ក្នុងបេសកកម្មដកកម្ពុជាចេញពីបញ្ជីប្រផេះ ដោយបានដាក់ចេញផែនការយុទ្ធសាស្ដ្រ និងជំរុញអនុវត្តផែនការងារ តាមរយៈការបង្កើតឱ្យមានក្របខណ្ឌនិតិវិធីប្រតិបត្តិការស្តង់ដារ (Standard Operating Procedure – SOP) ហើយគ្រប់អាជ្ញាធរអនុវត្តច្បាប់ទាំងអស់ ត្រូវពង្រឹងយុទ្ធនាការ និងប្រព័ន្ធការងារ ដែលអាចធានាបាននិរន្ដរភាពការងារ។

សម្ដេចក្រឡាហោម បានលើកឡើងថា ៖«ដោយសារការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF គឺជាកិច្ចការងារដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ គឺយើងមានភាពចាំបាច់ ក្នុងការជួបជុំគ្នា នាថ្ងៃនេះ ដើម្បីបន្ដរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីៗ សំដៅត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ក្នុងការពិនិត្យ ពិភាក្សា និងវាយតម្លៃជាមួយការដាក់ចេញនូវទិសដៅការងាររួមគ្នាបន្ដទៀត»៕

អត្ថបទទាក់ទង