តោះ! មកដឹងពីលក្ខណៈពិសេស នៃការប្រកួតបាល់ទាត់យុវជន ៤ទល់៤ របស់លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 នៅកម្ពុជា
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 នឹងមកកាន់កម្ពុជា ជាថ្មី ដើម្បីរៀបចំការប្រកួតបាល់ទាត់មួយ សម្រាប់ក្មេងៗ 𝟒𝐱𝟒 នៅតារាងបាល់ទាត់វិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
មែនទែនទៅ កម្មវិធីប្រកួតបាល់ទាត់ 𝟒𝐱𝟒 របស់ 𝐇𝐨𝐧𝐝𝐚 កំពុងល្បីខ្លាំងនៅជប៉ុន ព្រោះមានរបៀបលេងប្លែកៗច្រើន ហើយជាកិត្តិយសផងដែរ ដែលលោក 𝐇𝐨𝐧𝐝𝐚 មករៀបចំកម្មវិធីនេះនៅកម្ពុជា ដើម្បីជួយអភិវឌ្ឍថ្នាលយុវជនបាល់ទាត់នៅតាមវិទ្យាល័យ។
យ៉ាងណាមុនការប្រកួតមកដល់ យើងគួរតែស្វែងយល់ពីលក្ខណៈពិសេសមួយចំនួន នៃការប្រកួតនេះ ដ្បិតមានភាពខុសប្លែកច្រើនពីការប្រកួតបាល់ទាត់ធម្មតា។ ខាងក្រោមនេះ ជាលក្ខណៈពិសេសនៃពានរង្វាន់ ៤ ទល់នឹង ៤ ៖
១.គ្មានគ្រូបង្វឹក
កម្មវិធីគោរពការសម្រេចចិត្តរបស់កុមារ និងចង់អោយគេប្រើប្រាស់ ទេពកោសល្យពីធម្មជាតិដោយខ្លួនឯង។ ដូច្នេះមិនអនុញ្ញាតិឲ្យមាន គ្រូបង្វឹកចូលតំបន់បច្ចេកទេស ឬបញ្ជាពីចម្ងាយឡើយ។
២.លទ្ធផលគិតតាមពិន្ទុ
ការប្រកួត៤ទល់៤ ចាញ់ឈ្នះ គិតតាមពិន្ទុ ដែលរកបានពីការ ស៊ុតបញ្ចូលទីរបស់ក្រុមនីមួយៗ។ ប្រសិនបើកីឡាករទាត់ បញ្ចូលទីពីក្រៅតំបន់របស់អ្នកចាំទីដៃគូ ទទួលបាន២ពិន្ទុ។ ប្រសិនបើ ប្រើបច្ចេកទេសទៅស៊ីតក្នុងតំបន់អ្នកចាំទីដៃគូ នឹងទទួលបាន ៣ពិន្ទុ។
៣.បណ្តើរបាល់ចូលលេង
នៅពេលបាល់ចេញក្រៅ កីឡាករអាចមានជម្រើសបណ្តើរចូលលេង ដោយខ្លួនឯង ដោយមិនចាំបាច់បញ្ជូនទៅដៃគូក៏បាន។ នៅពេលមាន គ្រាប់បាល់ស៊ុតបញ្ចូលទីអ្នកចាំទី ត្រូវចាប់ផ្តើមលេងបន្ត ដោយមិនចាំបាច់មានការកែបាល់នៅតំបន់កណ្តាលឡើយ។
៤. ប្រយុទ្ធ២០វិនាទី
នៅពេលគ្រប់គ្រងបាល់ ក្រុមមានរយៈពេល២០វិនាទី ដើម្បីប្រជែងនិងស៊ុតទៅលើដៃគូ។ ប្រសិនបើ លើសពីនេះ នឹងត្រូវពិន័យផ្តល់បាល់ឲ្យទៅម្ខាងទៀត។
គួររំលឹកថា លោក Keisuke Honda បានចូលមកដឹកនាំក្រុមជម្រើសជាតិដំបូង កាលពីខែសីហា ឆ្នាំ២០១៨។ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ លោក Honda បានចាញ់ការប្រកួតបើកឆាករបស់គាត់ ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៣-១ ជាមួយម៉ាឡេស៊ី។ លុះដល់ បញ្ចប់ភារៈកិច្ចនៅស៊ីហ្គេម ២០២៣ លោកបានចែកផ្លូវគ្នាជាមួយក្រុមជម្រើសជាតិ បន្ទាប់ពីចប់កុងត្រា៕