គ្រួសារមួយកែច្នៃឆ្អឹងសត្វដែលគេបោះបង់ជាវត្ថុអនុស្សាវរីយ៍ រកចំណូលបាន១ពាន់ដុល្លារក្នុងមួយខែ
ព្រៃវែង : ស្របទៅនឹងតម្រូវការហូបចុកមានការកើនឡើង អាជីវកម្មលក់ដូរម្ហូបអាហារក៏មានការកើនឡើងដូចគ្នា។ ប៉ុន្តែអ្វីដែលមិនសូវមានគេចាប់អារម្មណ៍នោះគឺ សំណល់ឆ្អឹងសត្វបន្ទាប់ពីគេប្រើប្រាស់សាច់រួចរាល់។
នៅក្នុងខេត្តព្រៃវែងឯណោះ អាជីវកម្មលក់ស៊ុបមួយកន្លែងបានបង្កផលប៉ះពាល់ទៅដល់អ្នករស់នៅក្បែរនោះ ដោយក្លិនឆ្អឹងគោ ឆ្អឹងក្របី ដែលម្ចាស់អាជីវកម្មទុកគរជាគំនរនៅពីក្រោយហាង។
អ្នកស្រី គួន ចិន្ដា គឺជាអ្នករងផលប៉ះពាល់ពីក្លិនទាំងនោះ ដោយផ្ទះរបស់គ្រួសារអ្នកស្រីនៅចំពីក្រោយហាងលក់ស៊ុបតែម្ដង។ ក្រៅពីនេះ មិនត្រឹមតែមានក្លិនមិនល្អ ដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ សំណល់ទាំងនោះក៏បានទាក់ទាញសត្វល្អិត ដែលនៅពេលសត្វល្អិតនោះទៅទុំលើស្បែក វានឹងបង្កជាការរមាស់ស្បែក។
ដោយមិនអាចទ្រាំនឹងបញ្ហានេះ គ្រួសាររបស់អ្នកស្រីបានយកឆ្អឹងទាំងនោះមកសម្អាតទុក ហើយរិះរកវិធីធ្វើយ៉ាងណាអាចកែច្នៃវាទៅជាប្រាក់ចំណូលវិញបាន។
ក្រោយរិះរកវិធីសាស្ដ្ររួចមក គ្រួសាររបស់អ្នកស្រីបានចូលរៀនជំនាញច្នៃស្នែងពីអង្គការមួយឈ្មោះថា «បាសាក់» នៅក្នុងខេត្តព្រៃវែង។ បន្ទាប់ពីមានជំនាញច្បាស់លាស់ហើយ អ្នកស្រីនិងគ្រួសារក៏ចាប់ផ្ដើមបើកសិប្បកម្មកែច្នៃសំណល់ស្នែង ឆ្អឹងគោ ឆ្អឹងក្របី នៅក្នុងឆ្នាំ ២០០៣។
បច្ចុប្បន្ននេះផងដែរ ហាងលក់វត្ថុអនុស្សាវរីយ៍ «សុមនា-Somonea» ដែលបានមកពីសិប្បកម្មមួយនេះមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ នៅជាប់ទៅនឹងសារមន្ទីរជើងឯក។
អ្នកស្រី គួន ចិន្តា ដែលជាម្ចាស់សិប្បកម្មកែច្នៃសំណល់ស្នែង ឆ្អឹង គោ ក្របី បានរៀបរាប់ថា ការកែច្នៃនេះមិនត្រឹមតែបានជួយខ្លួនអ្នកស្រី និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយសម្រាលទៅដល់បរិស្ថានមួយផ្នែកផងដែរ។
រហូតមកដល់ពេលនេះ ផលិតផលរបស់អ្នកស្រីមានជាគ្រឿងអលង្កា ដូចជា ក្រវិល ខ្សែក កងដៃ ចិញ្ចៀន និងរបស់ប្រើប្រាស់ ដូចជា សេនកោសខ្យល់ សេនម៉ាស្សា ក្រាសសិតសក់ និងផលិតផលជាច្រើនផ្សេងទៀត រួមទាំងប្រដាប់ប្រដាតុបតែងផ្ទះផងដែរ។
ដូចយើងដឹងស្រាប់ថា ការងារដែលធ្វើដោយដៃគឺមិនមានភាពងាយស្រួលនោះទេ។ ជាក់ស្ដែង ការកែច្នៃរបស់អ្នកស្រីត្រូវឆ្លងកាត់ដំណាក់កាលច្រើនទម្រាំចេញរូបរាងជាផលិតផលដ៏ស្រស់ស្អាតមួយ បាន ដែលគ្រាន់តែដំណើរការរើសយកឆ្អឹងត្រូវការពេល ២ ទៅ ៣ថ្ងៃ ដោយការសម្អាតត្រូវការពេលយូរ។ ម៉្យាងទៀត ដើម្បីឱ្យអស់ក្លិន អ្នកស្រីត្រូវទុកឱ្យវាហើរក្លិនតាមធម្មជាតិរបស់វា ដែលត្រូវការពេលកន្លះខែ ឬមួយខែឯណោះ។
ចំណែកការប្រមូលវត្ថុធាតុដើមដែលជាស្នែងគោ ក្របី នេះគឺអ្នកស្រី ៖ «ប្រមូលមកពីទីសត្វឃាត តែឥឡូវនេះ ស្រួលទេ ព្រោះពួកគាត់ដឹងឲ្យដល់ទីតាំងតែម្តង។ យើងបានប្រាប់ពួកគាត់ ពេលដែលមានស្នែងឲ្យពួកគាត់ទុកឲ្យ ដល់ពេលបានច្រើនទៅគាត់ប្រមូលមកឲ្យយើងម្តងចឹងមក…អត់ពិបាកក្នុងការទិញទេ គ្រាន់តែត្រូវចំណាយលុយ អត់ដូចកាលពីមុនទេ កាលមុនយើងរើស»។
សម្រាប់ចំណូលប្រចាំខែរបស់អាជីវកម្មមួយនេះ អ្នកស្រីបានឲ្យដឹងថា ៖ «យើងអាចរកបានចន្លោះពី ៨០០ ទៅ ១,០០០ដុល្លារសហរដ្ឋអាមេរិក ដែលយើងអត់ទាន់ផាត់ថ្លៃចំណាយវិញទេ និយាយទៅគឺចំណូលនេះយកទៅជួលបុគ្គលិក និងដំណើរការហាងយើងវិញ»។
សព្វថ្ងៃនេះផងដែរ អ្នកស្រី និងគ្រួសារខិតខំយកផលិតផលរបស់ខ្លួនដើរលក់ និងផ្សព្វផ្សាយនៅតាមស្តង់ពិព័រណ៍នានា ដើម្បីឱ្យអតិថិជនបានស្គាល់កាន់តែច្រើន។ ប៉ុន្តែយ៉ាងណា អ្នកស្រីក៏សំណូមពរ ឱ្យបងប្អូនក្នុងស្រុកជួយគាំទ្របន្ថែម ដោយហេតុថាកន្លងមកភាគច្រើនមានតែជនបរទេសប៉ុណ្ណោះ ដែលគាំទ្រផលិតផលអ្នកស្រី៕