Close

កម្ពុជា-ជប៉ុនសហការគ្នាពង្រឹងសមត្ថភាពស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា-ជប៉ុនសហការគ្នាពង្រឹងសមត្ថភាពស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា កម្ពុជា-ជប៉ុនសហការគ្នាពង្រឹងសមត្ថភាពស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា បានចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោង សិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក នេះ ត្រូវបានធ្វើឡើង ដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង ឯកឧត្តម KOICHI HAMANO ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មនៃប្រទេសជប៉ុន, សាស្ត្រាចារ្យ HIDETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ការសហការគ្នានេះ នឹងផ្ដោតទៅលើចំណុចសំខាន់ៗចំនួន៤ គឺ (១)ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសដល់ការស្រាវជ្រាវក្នុងវិស័យកម្មសិទ្ធិបញ្ញា (២) រៀបចំកម្មវិធីចែករំលែកចំណេះដឹង (៣)ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និង(៤) ផ្តល់នូវបដិសណ្ឋារកិច្ចដល់ការធ្វើទស្សនកិច្ចសិក្សា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% មុនការផ្ទុះឡើងនៃវិបត្តិសុខភាពសាធារណៈបង្កដោយជំងឺកូវីដ១៩។ កំណើនថេរ និងខ្ពស់ ប្រកបដោយវិបុលភាពនេះបានធ្វើឱ្យប្រទេសកម្ពុជាអាចឈានទៅដល់ដំណាក់កាលដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍របស់ខ្លួនពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យសម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចឱ្យក្លាយជាប្រទេសកំពុងអភិវឌ្ឍដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការណ៍នេះបានធ្វើឱ្យកម្មសិទ្ធិបញ្ញា ជាឧបករណ៍ចាំបាច់ដែលជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងភាពការប្រកួតប្រជែងរបស់ប្រទេស តាមរយៈការជំរុញលើកទឹកចិត្តឱ្យមាន ការផ្ទេរបច្ចេកវិទ្យា គាំទ្រដល់ការច្នៃប្រឌិត ជំរុញនវានុវត្តន៍ និងលើកកម្ពស់ផលិតផលក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា អនុស្សរណៈកិច្ចសហប្រតិបត្តិការត្រីភាគីនេះនឹងរួមចំណែកជួយពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងផ្នែកស្រាវជ្រាវពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងពង្រីកការយល់ដឹងរបស់វិស័យឯកជននៅប្រទេសកម្ពុជាអំពីកម្មសិទ្ធិបញ្ញាជាពិសេស វិធីសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាកឱ្យកាន់តែមានភាពល្បីល្បាញ បន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម KOICHI HAMANO ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន បានលើកឡើងថា ការកសាងម៉ាកផលិតផល និងគំនូរឧស្សហកម្ម មានសារៈសំខាន់ណាស់ក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម ហើយ ឯកឧត្តម មានបំណងចង់ឃើញផលិតខ្មែរជាច្រើនបន្ថែមទៀតនៅលើទីផ្សារ ហេតុនេះ តាមរយៈអង្គភាពប្រកាសនីយបត្រតក្កកម្ម ប្រទេសជប៉ុន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ដើម្បីជំរុញកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ឱ្យកាន់តែមានភាពរីកចម្រើន និងល្បីល្បាញបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ ETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះការវិវិឌ្ឍន៍នៃវិស័យឌីជីថល និងឥទ្ធិពលរបស់កម្មសិទ្ធិបញ្ញានៅក្នុងការគាំទ្រឱ្យមាននវានុវត្តភាព និងជំរុញធុរកិច្ចនៅប្រទេសកម្ពុជា។ ក្នុងន័យនេះ ក្នុងនាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា តាមរយៈអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក នឹងធ្វើការសិក្សាស្រាវជ្រាវលើការកងសាងម៉ាក ហើយលទ្ធផលនៃការសិក្សា នឹងត្រូវផ្សព្វផ្សាយទៅដល់វិស័យពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅក្នុងការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទទាក់ទង