ក្រសួងឧស្សាហកម្ម និងធនាគារ SME Bank ចុះអនុស្សរណៈ ដើម្បីពង្រីកហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីសហការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខា ដោយ លោក តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត និងលោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME Bank ក្រោមអធិបតីភាព លោក អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
អនុស្សរណៈនេះ នឹងក្លាយជាយន្តការសំខាន់មួយ ក្នុងការគាំទ្រការចាប់ផ្តើមអាជីវកម្ម ការពង្រីក កែលម្អ និង/ឬ ស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងពង្រឹងប្រតិបត្តិការអាជីវកម្មរបស់ប្រតិបត្តិករ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

កិច្ចសហការសំខាន់ៗក្រោមអនុស្សរណៈនេះ រួមមាន៖
ផ្តល់ការគាំទ្រ និងសេវាកម្មហិរញ្ញវត្ថុ (ឥណទាន) រួមទាំងសិក្សាលទ្ធភាពក្នុងការផ្តល់លក្ខខណ្ឌពិសេស ដូចជា អត្រាការប្រាក់អនុគ្រោះ និង/ឬ ការសម្រួលនីតិវិធីឥណទាន ដោយទទួលយកអាជ្ញាបណ្ណធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ជំនួសទ្រព្យធានា។
ផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទាន និងការអនុលោមតាមបទប្បញ្ញត្តិជូនដល់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។ និង
ចូលរួមគាំទ្រសកម្មភាពចាំបាច់នានា និងលើកកម្ពស់ការអភិវឌ្ឍវិស័យទឹកស្អាត និងវិស័យហិរញ្ញវត្ថុ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន៕